ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសម្រេចផ្អាកដំណើរ ការសាងសង់មួយកន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីសកម្មភាពសាងសង់នេះ បានបុកគ្រឹះធ្វើឲ្យប្រេះស្រាំអគារប៊ូឌិញ បង្កការភ័យស្លន់ស្លោ ដល់ប្រជាពលរដ្ឋរត់ចេញពីលំនៅដ្ឋានទាំងយប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបញ្ជាក់ ថា ក្រោយហេតុការណ៍ភ័យស្លន់ស្លោរបស់ប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌីញដ៏ចំណាស់ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈនោះ អាជ្ញាខណ្ឌបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានឲ្យផ្អាកការដ្ឋាន បុកគ្រឹះជាបណ្ដោះអាសន្នផងដែរ រង់ចាំអ្នកបច្ចេកទេសសំណង់ចុះត្រួតពិនិត្យ។
សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវប្រជាពលរដ្ឋ រស់នៅអគារប៊ូឌីញទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងកុំ មានការព្រួយបារម្ភ។
ក្រោយពីការពិនិត្យ ក្រុមការងារថ្នាក់ក្រសួងដែលដឹកនាំដោយ លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួង ដែនដី បានណែនាំដល់ការិយាល័យភូមិបាលប្រមូលឯកសារពាក់ព័ន្ធរបស់ការដ្ឋានសំណងមកពិនិត្យ។ ព្រម ទាំងណែនាំ ក្រុមហ៊ុនឲ្យធ្វើក្រវ៉ាត់ ការពារជញ្ជាំងបាំងដីផ្នែកខាងក្រោម ១ជាន់ទៀត ដើម្បីការពារការរញ្ជួយ។
លោក កើត សារ៉េត ក៏បានជំរុញឲ្យក្រុមការងារ និងក្រុមហ៊ុនបន្តតាមដានស្ថានភាពអគារប៊ូឌិញ តើមានការប្រេះ ស្រាំបន្ថែម ឬទេ? ហើយត្រូវបិទផ្ទាំងកញ្ចក់តាមកន្លែងប្រេះ។ ក្រុមការងារ ត្រូវប្រជុំជាមួយក្រុមហ៊ុន ដើម្បើពិនិត្យ និងណែនាំលក្ខណ:បច្ចេកទេសបន្ថែមទៀត។
សូមបញ្ជាក់ថា អគារប៊ូឌីញ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣។ បច្ចុប្បន្នដ៏ចំណាស់ និងទ្រុឌទ្រោមនេះ មានប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ កំពុងស្នាក់នៅ។
យោងតាមឯកសារ បានបញ្ជាក់ថា អគារប៊ូឌីញ មានឈ្មោះដើមថា អគារលំនៅដ្ឋានសាលាក្រុងបាសាក់ គឹជា ផ្នែកមួយ នៃគម្រោងដ៏ធំសម្បើម នៅសង្កាត់បាសាក់ សម្រាប់វិស័យសិល្បៈ វប្បធម៌ និងមន្រ្តីរាជការ ត្រូវបាន សាងសង់ក្នុងឆ្នាំ១៩៦៣ ដោយស្ថាបត្យករខ្មែរ ឈ្មោះ លុយ បានហាប់ ក្រោមការពិនិត្យចាត់ចែងដោយស្ថាបត្យ ករ និង អ្នករៀបចំផែនការក្រុង ដ៏ល្បីឈ្មោះ លោក វណ្ណ ម៉ូលីវណ្ណ។ បច្ចុប្បន្នអគារមានអាយុកាល ៥២ឆ្នាំមួយនេះ កំពុងតែទ្រុឌទ្រោមយ៉ាងខ្លាំង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល