CamNews

ព័ត៌មានជាតិ 

រថយន្ត FORUNER មួយគ្រឿង បើកធ្លាក់ទឹកទន្លេ ពេលរំលងអាធ្រាត ដោយសារមិនស្គាល់ ភូមិសាស្ត្រ(មានវិដេអូ)

កំពង់ចាមៈ    រថយន្តម៉ាក FORUNER  ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ត្រូវបានម្ចាស់របស់វា បើក
ធ្លាក់ទឹកទន្លេ កាលពីវេលាម៉ោង១យប់រំលងអាធ្រាត ចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុច
ច្រាំងទន្លេ (តោពីរ) ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ ចាម ករណីនេះ បណ្តាលមកពីអ្នកបើក
បរ មិនស្គាល់ភូមិសាស្ត្រផ្លូវ ប៉ុន្តែប្រការនេះ មិនមានគ្រោះថ្នាក់ ដល់មនុស្សនោះទេ។

តាមមន្ត្រីនគរបាល ចរាចរណ៍ក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា អ្នកបើកបរ រថយន្តមានឈ្មោះ
សេន ភា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅខេត្តសៀមរាប បានបើករថយន្តម៉ាកFORUNER
ពណ៌ត្រីឆ្លូញ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បណ្តោះអាសន្ន ៧២៣៨ ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា នៅយប់កើតហេតុ អ្នកបើកបរ បានដឹកភ្ញៀវ មានជនជាតិ
ខ្មែរពីរនាក់ និងជនជាតិថៃពីរនាក់ មកពីក្រុងភ្នំពេញ មកខេត្តកំពង់ចាម ។ លុះមកដល់ខេត្ត
កំពង់ចាម អ្នកបើកបរ បានឲ្យភ្ញៀវចុះស្រស់ ស្រូបអាហារ នៅភោជ នីយដ្ឋានហាវអាន បន្ទាប់
មក អ្នកបើកបរ បានបើករថយន្តឆ្ពោះទៅផ្លូវមាត់ទន្លេ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូត
ធ្លាក់ ចូល ក្នុងទឹកទន្លេតែម្តង ហើយខណៈនោះ អ្នកបើកបរ បានបើកទ្វាររថយន្ត ហែលទឹកចូល
ខាងរួចខ្លួន ចំណែករថយន្ត រហូត ដល់ម៉ោងជាង១០ ថ្ងៃទី៤នេះ ទើបស្រង់អូសពីក្នុងទឹកទន្លេ
មកបាន។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងផងដែរថា រថយន្តនោះ គឺប្រជានេសាទជនជាតិចាម បាន
រកឃើញ ហើយម្ចាស់ រថយន្តបានចំណាយប្រាក់ឈ្នួល អស់៥០០ដុល្លារ និងថ្លៃឈ្នួលអូសយក
ទៅក្រុងភ្នំពេញ អស់ចំនួន៣៥០ដុល្លារ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ