ភ្នំពេញ៖ មន្ត្រីនគរបាល ប៉ុស្តិ៍បឹងត្របែកម្នាក់ ជិះម៉ូតូស្លៀក ពាក់ស៊ីវិល ជិះពីកន្លែងផឹកស៊ី ហើយ ជួប គ្រោះ ថ្នាក់ចរាចរណ៍ នៅចំណុចស្តុប១០៥ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន ដោយ រថយន្ត មិនស្គាល់ម៉ាក បើកបុកគាត់ទាំង កំរោល រួចរថយន្តរត់គេចខ្លួនបាត់ កាលវេលាម៉ោង ២១និង ៤០នាទី យប់ថ្ងៃទី២០ មករា ឆ្នាំ២០១៤ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ ក្រោយពីនគរបាល ប៉ុស្តិ៍បឹងត្របែក ម្នាក់ឈ្មោះរ៉ុង អាយុប្រហែល ជាង២០ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍រួច នគរបាលរូបនោះ បានលើ ម៉ូតូរបស់ខ្លួន មកដាក់លើចិញ្ចើមផ្លូវ ជិតចំណុចកើតហេតុ ចំកន្លែងដែលបុរស វ័យចំណាស់ម្នាក់ កំពុងតែសម្រាក ទើប បង្កឲ្យមានទំនាស់រវាងនគរបាល រូបនេះជាមួយនឹងបុរសវ័យចំណាស់ ខាងលើ ផ្ទុះហិង្សាឈ្លោះ ប្រកែកគ្នាផ្អើលអ្នកដំណើរ និង ប្រជាពលរដ្ឋនាំគ្នា មកឈប់រោមមើល ។
ប្រភពដដែលបន្តថា ខណៈភាគីទាំងពីរ កំពុងតែឈ្លោះប្រកែកគ្នា ក៏បានលិចមុខនគរបាលព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃ ម្នាក់ ដែលមានលំនៅឋាន ជិតកន្លែងកើតហេតុ បានចេញមករោមមើល និងឈ្លោះ ប្រកែកគ្នា យ៉ាងខ្លាំង ជាមួយនគរបាលឈ្មោះរ៉ុង ខាងលើនេះ រហូតបង្កទំនាស់ផ្ទុះ ហិង្សាវាយតប់គ្នា ផ្អើលអ្នកដំណើរ និងប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចចំរុះខណ្ឌ ចំការមន ជាច្រើននាក់ ចុះមកអន្តរាគមន៍ក្នុងករណីទំនាស់ រវាងនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួង មហាផ្ទៃ ជាមួយនគរបាល ប៉ុស្តិ៍ រដ្ឋបាលបឹងត្របែក ដើម្បីចៀសវាងកុំមាន រឿងកាន់តែធំ ។
គួរបញ្ជាក់ថា ឈ្មោះរ៉ុង ដែលជានគរបាលមូលដ្ឋាន គឺស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយជិះម៉ូតូប៉ះ ជាមួយនិងរថយន្តបណ្តាលឲ្យដួលខ្លួនឯង ។ បន្ទាប់មកទើបមានហេតុ ការណ៍ផ្សេងទៀតខណៈ ឈ្មោះ វ៉ាន់ រដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជានគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ផ្នែកសើបអង្គេត បាន ចេញពីក្នុងផ្ទះដើរ មកមើលកន្លែងកើត ហេតុឃើញមានការប្រទូស្តរាយគ្នា ដូច្នេះរូបគេចូលទៅជួយឃាត់ ទើបបង្កឲ្យមានទំនាស់ កើតឡើងកាន់តែធំឡើង។
លោក អធិការរង ខណ្ឌចំការមនម្នាក់ ដែលចុះមកដល់ចំណុចកើត ហេតុបានឲ្យដឹង ថា ដោយសារតែ ភាគីទាំងពីរប្រកែកយកត្រូវរៀងខ្លួន មិនទទួលខុសត្រូវកំហុសខ្លួនឯង ហេតុនេះរូបលោក បានសម្រេច ឃាត់ខ្លួនអ្នកទាំងពីរ មកកាន់ទីស្នាក់ប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ដើម្បីបន្តការសាកសួរឲ្យ បានច្បាស់ទាក់ទងនឹងករណីខាងលើ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល