CamNews

ព័ត៌មានជាតិ 

ផ្ទុះហិង្សា រវាងក្រុមអ្នកយកព័ត៌មាន ពេលយប់ ជាមួយអនិកជន ខ្មែរអាមេរិក រហូតមានស្នូរ ផ្ទុះអាវុធ

ភ្នំពេញ ៖ ស្នូរផ្ទុះអាវុធចំនួន ៣ គ្រាប់ បានបន្លឺឡើង នៅចំណុចរង្វង់មូលវត្តភ្នំ ជ្រុងខាងជើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២៣ និង ២០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ បង្កឡើង ដោយខ្មាន់កាំភ្លើង មិន ស្គាល់អត្តសញ្ញាណ បាញ់គំរាមឡើងលើ បន្ទាប់ពីមានហេតុការណ៍ហិង្សា រវាងក្រុមអ្នកយកព័ត៌មានពេលយប់ ជា មួយនឹងអនិកជនខ្មែរអាមេរិក ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ។

ទាក់ទិននឹងរឿងរ៉ាវខាងលើនេះ តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ លោកសុវណ្ណ សេដ្ឋី បុគ្គលិកអ្នកយកព័ត៌មានទូរទស្សន៍ CNC និងសហការីម្នាក់ទៀត ឈ្មោះ ហេង សុវណ្ណម៉ារ៉ា បានជិះម៉ូតូ សេ១១០ ( សង់ប៊ិច) ពណ៌ខ្មៅ ឌុបគ្នាទៅយកព័ត៌មាន ស្តីពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតមានឡើង នៅរង្វង់ មូលវត្តភ្នំ ជ្រុងខាងជើង ដែលបង្កឡើង ដោយសាររថយន្តម៉ាកហុងដា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2F- 5105  បានបើកបុករះ រថយន្តចំនួន៣គ្រឿង មួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត ពណ៌ខ្មៅ មួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ និងមួយគ្រឿងទៀត ម៉ាកវីហ្គូ ពណ៌ខ្មៅដូចគ្នា ។ ក្នុងហេតុការណ៍ដដែលនេះ ក៏មានអ្នកដំណើរជាច្រើននាក់ បានចោមរោមមើលសកម្មភាព នៃគ្រោះថ្នាក់ចរាចរណ៍នោះ ហើយបានប៉ះពាក្យសម្តីគ្នាជាមួយក្រុមអ្នកកាសែត និង ទូរទស្សន៍ រួមទាំងគេហទំព័រក្នុងស្រុក កំពុងថតយករូបភាព គ្រោះថ្នាក់ចរាចរណ៍ រហូតកើតមានជាហិង្សា រវាងអ្នក ដំណើរ និងក្រុមអ្នកសារព័ត៌មាន ឈានដល់បង្កជាស្នូរផ្ទុះអាវុធឡើងលើ ចំនួន៣គ្រាប់ ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ ដល់នរណាម្នាក់ឡើយ ។

បន្ទាប់ពីមានស្នូរផ្ទុះអាវុធកើតឡើង និងក្រោយពេលមានហិង្សា រវាងអ្នកកាសែត និងអ្នកដំណើរដែលឈឺឆ្អាល ចំពោះ សកម្មភាពបំពេញការងារ របស់អ្នកកាសែត ក៏មានសមត្ថកិច្ចនគរបាលមូលដ្ឋានចុះអន្តរាគមន៍ ឃាត់រថយន្តចំនួន ៣ គ្រឿង ក្នុងនោះរថយន្ត២គ្រឿង ១គ្រឿង ម៉ាក HOMY ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2i – 2588 និង១គ្រឿង ទៀត ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខនគរបាល 2-8271 នាំមក កាន់ស្នាក់ការនគរបាល ប៉ុស្តិ៍រដ្ឋបាល ស្រះចក ហើយមួយគ្រឿងទៀត ម៉ាកហុងដា ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ចុះវាស់វែង យកទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ។ អ្វីជាការកក់សម្គាល់ក្នុងហេតុការណ៍នេះ គឺសមត្ថកិច្ចបានឃាត់បុរសម្នាក់ ឈ្មោះ មឿន សារ៉ាមិត្ត អាយុ៣២ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលជិះរថយន្តម៉ាកកាមរីបាឡែន ជា មួយមិត្តស្រី ២នាក់ ម្នាក់ជាអនិកជនខ្មែរអាមេរិកដូចគ្នា និងម្នាក់ទៀត ជាអ្នករស់នៅស្រុកខ្មែរ ទៅតាមពាក្យបណ្តឹង របស់ក្រុមអ្នកកាសែត និងទូរទស្សន៍ប្តឹងចោទប្រកាន់ថា ឈ្មោះ មឿន សារ៉ាមិត្ត ជាបក្ខពួក របស់ជនប្រដាប់អាវុធ ដែលបាញ់គំរាមលើអ្នកកាសែត និងបានបង្កឲ្យមានការខូចខាតម៉ាស៊ីនថត និងបាត់ទូរស័ព្ទដៃរបស់ក្រុមអ្នកកាសែត ក្នុងហេតុការណ៍ប្រទូស្តរាយគ្នា  ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក សហការជាមួយ នគរបាលខណ្ឌដូនពេញបានឃាត់ខ្លួន ឈ្មោះ មឿន សារ៉ាមិត្ត ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដោយឡែកនារី ២នាក់ផ្សេងទៀត ដែលរួមដំណើរ ជាមួយឈ្មោះ មឿន សារ៉ាមិត្តនោះ សមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ។ រីឯរថយន្តទាំង៣គ្រឿងខាងលើ សមត្ថកិច្ចដកហូតទុកបណ្តោះអាសន្នដែរ ។

សូមបញ្ជាក់ថា អ្នកកាសែត និងទូរទស្សន៍ដែលប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ មឿន សារ៉ាមិត្ត ទាំងអស់មានចំនួន ៧នាក់ ទី១-ឈ្មោះ សុវណ្ណ រិទ្ធី ២-ឈ្មោះ សុវណ្ណ រិទ្ធីគីន ៣-ឈ្មោះ សុវណ្ណ សេដ្ឋី ទាំង៣នាក់នេះ ជាបងប្អូន បង្កើត នឹងគ្នា និងជាបុគ្គលិកទូរទស្សន៍ CNC ។ ដោយឡែក ៤នាក់ផ្សេងទៀត ទី១-មានឈ្មោះពៅ ចំរុង អ្នកយកព័ត៌មាន កាសែតទស្សនៈខ្មែរ  ២-ឈ្មោះ ហេង សុវណ្ណមារ៉ា បុគ្គលិកគេហទំព័រ ៣-លោក ឃឹម វិសាល បុគ្គលិកគេហទំព័រ CEN និងទី៤- លោក ង៉ូវ ឌីណា អ្នកព័ត៌មានទូរទស្សន៍ហង្សមាស ។ អ្នកកាសែត គេហទំព័រ និងបុគ្គលិកទូរទស្សន៍ទាំងអស់ នេះ បានដាក់ពាក្យបណ្តឹង ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះមឿន សារ៉ាមិត្ត ដើម្បីឈានទៅរកបក្ខពួក ដែលបង្ក ស្នូរផ្ទុះអាវុធគំរាមអ្នកកាសែត និងបង្កហិង្សាដាក់អ្នកកាសែតពេលកំពុងបំពេញការងារតាមវិជ្ជាជីវៈ ។ ដោយឡែក ឈ្មោះ មឿន សារ៉ាមិត្ត បានបដិសេធថា ខ្លួនគេមិនមានចេតនាណាមួយ បង្កហិង្សាលើអ្នកកាសែតឡើយ ហើយរូបគេ បានចោទប្រកាន់ថា អ្នកកាសែតព្រួតវាយគេម្នាក់ឯង និងមិត្តស្រី២ នាក់ទៀត ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចរើសបានសម្បកកាទុះ ចំនួន២គ្រាប់ យកមកកសាងសំណុំរឿងទាក់ទិននឹងវិវាទ ហិង្សា ខាងលើនេះ ដើម្បីចាត់ការតាមច្បាប់ ។

គួរបញ្ជាក់បន្ថែមថា ឈ្មោះមឿន សារ៉ាមិត្ត មិនមែនជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដំបូងនោះឡើយ តែរូបគេបានជេរ ប្រមាថលើអ្នកកាសែត និងទូរទស្សន៍មិនឲ្យថតរូប ស្តីពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទើបកើតជារឿង ទាស់ពាក្យសម្តីគ្នារហូតផ្ទុះហិង្សាឡើង ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP