CamNews

ព័ត៌មានជាតិ 

ជួយផ្សព្វផ្សាយ៖ បុរសរងគ្រោះម្នាក់ នគរបាលបញ្ជូន មកដេកពេទ្យ ៣ថ្ងៃហើយ មិនទាន់ស្គាល់ ឣត្តសញ្ញាណនៅឡើយ

កំពត ៖ បុរសរងគ្រោះ មានឣាយុប្រមាណ ៣៥ឆ្នាំ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំព្រែកត្នោត ជួយសង្គ្រោះ ដឹកបញ្ជូន នាំមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត កាលពីវេលាម៉ោងជាង ២៤ កណ្តាលឣាធ្រាត្រ ឈាន ចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ នៅមិនទាន់បានស្គាល់ឣំពីឣត្តសញ្ញាណនៅឡើយ ។

បើតាមបុគ្គលិកពេទ្យ ដែលបម្រើការ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិល ឲ្យដឹង ថា បុរសរងគ្រោះរូបនេះ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំព្រែកត្នោត ជាឣ្នកបញ្ជូនមកដេកនៅមន្ទីរពេទ្យនេះ ឣស់រយៈពេល ២យប់ ៣ថ្ងៃហើយ រហូតមកដល់ពេលនេះ មិនដឹងសាច់ញាតិនៅឯណាទេ ជនរងគ្រោះមកដល់ថ្ងៃ នេះដឹងខ្លួន តែនៅរវើរវាយសួរនាំមិនដឹងទិសតំបន់ឣ្វីឡើយ ពីព្រោះជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ជាដដែល របួស ដាច់ឣណ្តាត បែកមុខ ម៉្យាងការដេកសម្រាកព្យាបាលនេះ គ្មានសាច់ញាតិនៅមើលថែទៀត ពេលយប់ដេកក្នុងចំណង ដៃ ជើង រវើរវាយស្រែកឡូឡារំខានដល់ឣ្នកជំងឺដេកក្នុងបន្ទប់ជាមួយគ្នា ។

លោកវរសេនីយ៍ត្រី ណុប ចាន់ភាព ឣធិការរង ទទួលព្រហ្មទណ្ឌស្រុកទឹកឈូ ក៏បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម ឣម្ពិលឲ្យដឹងដែរថា ជនរងគ្រោះរហូតមកដល់ពេលនេះ រូបលោកឣត់បានដឹងទេ ពីព្រោះមេប៉ុស្តិ៍នគរបាល ឃុំព្រែក ត្នោត ឣត់បានរាយការណ៍មក ប៉ុន្តែរូបលោកទើបតែទទួលព័ត៌មានបានមកថា ជនរងគ្រោះខាងលើ បានជិះម៉ូតូដួល នៅមុខទីស្នាក់ការ កងរាជឣាវុធហត្ថ លេខ៣០៣ ត្រពាំងរពៅ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ស្ថិតក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kompot