បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនាក់ កំពុងរិះគុណពីក្រុមម៉ូតូឌុប ដែលចាប់ម៉ូយ នៅចំណុចក្រោម ប្រាសាទកំពូលបី និងជិតក្បាលស្ពានមិត្តភាព កម្ពុជា ថៃ គ្មានសណ្តាប់ធ្នាប់ របៀបរាបរយអ្វីបន្តិចសោះ បង្កឱ្យមានការកកស្ទះ។
បើតាមការអះអាងពីភ្ញៀវជនជាតិថៃម្នាក់ បានរៀបរាប់ថា ឲ្យតែពួកគាត់មកដល់ទឹកដីកម្ពុជា ចំណុចក្បាលស្ពាន គឺមានក្រុមម៉ូតូឌុបជាច្រើននាក់ បានចាប់ម៉ូយដណ្តើរគ្នាគ្មានសណ្តាប់ធ្នាប់ គ្មានសុជីវធម៌បន្តិចសោះ ហាក់បីគ្មានសមត្ថកិច្ចឈរជើងនៅទីនោះឡើយ ។
ដោយឡែកពីពលរដ្ឋខ្មែរជាច្រើននាក់ បានរៀបរាប់ថា ហេតុអ្វីបានជាពួកគាត់ហ៊ានចាប់ម៉ូយនៅចំណុចកែង ផ្លូវបំបែកខាងលើនេះ ហាក់ជាមិនមានសិលធម៌ក្នុងខ្លួនសោះ ទាញដៃ ទាញជើង ស្រែកឡូឡា តែចំពោះសមត្ថកិច្ចគ្រាន់ផ្លុំកញ្ចែរជាច្រើនដង នៅពេលមានថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានចុះមកដល់ទីតាំងខាងលើនេះ ទើបមានជនស៊ីវិលពាក់អាវឈុត ចេញមកដេញ ហាមឃាត់អោយថយក្រោយវិញ ។
បើតាមប្រភពពីក្រុមអ្នករត់ បានបង្ហើបថា ពួកគាត់ទាំងអស់នេះ គឺអាស្រ័យតែពួកគាត់មានការបង់លុយប្រចាំថ្ងៃ ប្រចាំខែឲ្យសមត្ថកិច្ចឈរជើងក្បែនោះ តែទោះបីជាយ៉ាងណាពួកគាត់មិនហ៊ានបញ្ជាក់ថា បង់លុយកាក់ជូនសមត្ថកិច្ចអង្គភាពណាឡើយ។
ដូច្នេះហើយមហាជនសំណូមពរ ដល់សមត្ថកិច្ចជំនាញ ដែលឈរជើងចំណុចខាងលើនេះ សូមធ្វើការណែនាំ និងហាមឃាត់ បើបណ្តែតបណ្តោយបែបនេះទៀតនោះ ភ្ញៀវជាតិ អន្តរជាតិ នៅបន្តការរិះគន់ជាមិនខាននោះទេ ។
លោកអាន វណ្ណៈ ប្រធានការិយាល័យ គណកម្មការត្រួតពិនិត្យច្រកទ្វារបានឱ្យដឹងថា បច្ចុប្បន្នលោកបានឲ្យកម្លាំងសមត្ថកិច្ច ស្រង់ចំនួនម៉ូតូ តើមានប៉ុន្មានគ្រឿងឲ្យច្បាស់លាស់ ហើយយើងនិងរៀបចំឲ្យពួកគាត់ ចេញមកទទួលម៉ូយតាមលេខរៀង ប្រសិនជាម៉ូតូឌុបណា ហ៊ានលើសតាមលេខរៀង សមត្ថកិច្ចនិងធ្វើការណែនាំ ផ្អាកឲ្យគាត់យកលេខរៀងសាជាថ្មី ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះលោកទទួលស្គាល់ថា ក្រុមម៉ូតូឌុបគឺពិតជាធ្វើរបៀបខាងលើនេះពិតប្រាកដមែន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល