ភ្នំពេញ៖ ព្រះរាជណាចក្រកម្ពុជា និងប្រជាមានិតចិន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ នឹងរួមគ្នាប្រគុំតន្ត្រីរាត្រីសមោសរនិទាឃរដូវ ជាលើកដំបូង នៃទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឆ្នាំ២០១៥ នាសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបពិភាក្សាគ្នាជាមួយភាគីចិន ស្តីពីការរៀបចំប្រគុំតន្ត្រីសមោសរ ដែលដឹកនាំដោយលោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ នាទីស្តីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការប្រគុំតន្ត្រី បែបរាត្រីសមោសរនេះ គឺខាងភាគីចិន ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅតំបន់អាស៊ាន ដែលការប្រគុំនេះ កន្លងមក បានធ្វើនៅប្រទេសថៃ និងឡាវរួចមកហើយ សម្រាប់កម្ពុជាវិញ នេះគឺជាលើកទីមួយ។
លោកថា “ថ្ងៃនេះយើងជួបគ្នានិយាយចំណុចលម្អិតនីមួយៗ អំពីការមកដល់នៃភ្ញៀវ ការរៀបចំកន្លែង រៀបចំឆាក អំពីអ្វីទាំងអស់ហ្នឹង នេះគឺជាការកំណត់របស់យើង ចំពោះពិធីករ ពិធីការិនី និងសិល្បករ សិល្បការិនីរបស់ចិន ដែលនឹងមកចូលរួម មានប្រមាណជិត ២០០នាក់”។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សម្រាប់សិល្បកររបស់ចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ និងចាប់ផ្តើមធ្វើការសម នៅថ្ងៃទី៦-៧ ខែកុម្ភៈ ចំណែកខាងភាគីកម្ពុជា នឹងចាប់ផ្តើមសមនៅថ្ងៃទី៨ ខែកុម្ភៈ។ ចំពោះសិល្បករខ្មែរ លោករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា មានចំនួនប៉ុន្មាននាក់ នឹងចូលរួមសម្តែង នៅឡើងនោះទេ។
សូមបញ្ជាក់ថា ចំពោះគណៈអធិបតី ដែលនឹងអញ្ជើញចូលរួមក្នុងពិធីប្រគុំតន្រ្តីរាត្រីសមោសរនេះ មិនទាន់ដឹងថា នឹងមានគណៈអធិបតីណាចូលរួមនៅឡើយទេ ប៉ុន្តែ ភ្ញៀវដែលនឹងត្រូវចូលរួមមានចំនួន ៣.០០០នាក់ គឺខាងភាគីខ្មែរចំនួន ២.០០០នាក់ និងភាគីចិនចំនួន ១.០០០នាក់ ហើយសម្រាប់សិល្បករទាំងពីភាគី នឹងសម្តែង នូវសិល្បៈនានា អំពីវប្បធម៌របស់ប្រទេសរៀងៗ ខ្លួន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល