ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ លើសំណុំរឿង អតីភ រិយាលោកឧកញ៉ា ខូវ ផល្លាបុត្រ អ្នកស្រី ឡាយ ហួង ទៅលើអង្គសេចក្តី សុំស្ថិតនៅក្រៅឃុំរបស់គាត់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ មករា ២០១៥នេះ ។
ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដែលត្រូវជំនុំជម្រះខាងលើនេះ រួមមាន លោកជា សុខហៀង ជាប្រធានចៅក្រមប្រឹក្សា លោកតុប ឈុនហេង និង លោកហេង សុខណា ជាសមាជិកក្រុមប្រឹក្សា និង មានលោកស្រី ស៊ឺ វណ្ណនី ព្រះរាជងអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។
សមត្ថកិច្ចនគរបាល នាយដ្ឋានព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អ្នកស្រីឡាយ ហួង អាយុ៤៩ ឆ្នាំ ជាអតីភរិយា របស់ លោក ឧកញ៉ា ខូវ ផល្លាបុត្រ ជាបុត្រាច្បង របស់លោកឧកញ៉ា ខូវ ជឺលី ត្រូវបាន ចាប់ខ្លួន ដោយនគរបាល អាំងទែរប៉ូលថៃ នៅក្នុង ប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ តាមការស្នើ របស់សមត្ថកិច្ចកម្ពុជា ពាក់ព័ន្ធនឹងករណី អំពើប៉ុនប៉ង សម្លាប់និង រំលោភ ភរិយា និង កូនស្រីពៅ របស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល គឺ លោកស្រី ស៊ុន សូត្ថា និងកូនស្រី អាយុ ១៣ឆ្នាំ កាលពីអធ្រាត ថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០១០។
អ្នកស្រី ឡាយ ហួង ត្រូវបានលោក ចៅក្រមស៊ើបសួរ កែវ មុនី នៃ សាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃ ទី ១០ ខែ តុលា ឆ្នាំ ២០១២ បានកាត់ទោស កំបាំងមុខ ដាក់ពន្ធនាគារកំណត់អស់មួយជីវិត ពីបទ៖ «ផ្ដើមគំនិតក្នុងអំពើប៉ុនប៉ងរំលោភសេពសន្ថវៈ និងផ្ដើមគំនិត ក្នុងអំពើប៉ុនប៉ងឃាតកម្ម គិតទុកជាមុន លើកូនស្រីលោក ស៊ុន ចាន់ថុល ប្រព្រឹតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ក្នុងកំឡុង ឆ្នាំ ២០១០។
ទាក់ទងនឹងការចោទ ប្រកាន់ខាងលើនេះ លោកស្រីឡាយ ហួង បានប្រាប់ក្រុមអ្នកកាសែតថា៖«រឿងនេះ និង ការចោទប្រកាន់ខាងលើនេះ គឺអយុត្តិធម៌ខ្លាំងណាស់ ចំពោះរូបអ្នកស្រី ពីព្រោះអ្នកស្រី មិនប្រព្រឹត្តអ្វី ដូចការ ចោទប្រកាន់នោះទេ»។
អ្នកស្រីឡាយ ហួង បានសំណូមពរឲ្យតុលាការមេត្តាជួយរកការពិត និង យុត្តិធម៏ជូនគាត់ ផង។
គួររំឮកថា នៅក្នុងរឿងក្តីខាងលើនេះ មានទណ្ឌិត ចំនួន៤នាក់ ត្រូវបានចាប់ខ្លួន និង កាត់ទោស ដាក់គុក ម្នាក់ៗ ពី១៨ ទៅ២០ឆ្នាំ។ ទណ្ឌិតទាំង៤នាក់នេះ មាន ឈ្មោះ ទណ្ឌិត សេង ចិន្តា ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវភរិយាវ័យក្មេង របស់លោកឧកញ៉ា ខូវ ជឺលី និង សន្តិសុខរបស់គាត់ ឈ្មោះ ទណ្ឌិត សុខ ឡាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ កំណត់២០ឆ្នាំ ពីបទ« ប៉ុនប៉ងរំលោភសេពសន្ថវៈ និងអំពើប៉ុនប៉ងឃាតកម្ម គិតទុកជាមុន លើកូនស្រីលោក ស៊ុន សូត្ថា និង កូនស្រី» ។ ចំណែកទណ្ឌិតចំនួន២នាក់ទៀត មានឈ្មោះ ចាន់ សុខា ភេទស្រី អាយុ ៣៨ឆ្នាំ និង ទណ្ឌិត ឈ្មោះ នាង ស៊ីណាត ភេទស្រីអាយុ ២៨ឆ្នាំ (អ្នកទាំង២នាក់នេះ ជាអតីតអ្នកបម្រើរបស់ លោកឧកញ៉ា ខូវ ជឺលី និង ឈ្មោះ សេង ចិន្តា) ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ ១៨ឆ្នាំ ពីបទ៖ សមគំនិត ក្នុងអំពើប៉ុនប៉ងរំលោភសេពសន្ថវៈ និងអំពើប៉ុនប៉ងឃាតកម្ម គិតទុកជាមុន»៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល