ភ្នំពេញ ៖ ម្សិលមិញ មានទូរស័ព្ទមិត្ដអ្នកអានម្នាក់ បានទូរស័ព្ទមកនាយខ្វែក រាយការណ៍ប្រាប់ ឱ្យជួយចុះ ផ្សាយពីល្បិចថ្មី មួយទៀត ដែលទំនងពួកនាងៗនៅតាមក្លឹបខារ៉ាអូខេ ទើបនឹងរក ឃើញ ដើម្បីគាបភ្ញៀវ ដែលចូលទៅកម្សាន្ដ យកលុយ។
ក្រោយពីស្ដាប់ការរាយការណ៍ របស់ម្ចាស់ទូរស័ព្ទ នាយខ្វែក យល់ថា មើលទៅទំនងដែរ ក៏ សម្រេចទាញ ប៊ិចមកសរសេរ ចុះផ្សាយតាមសំណូមពរ ចាត់ទុកដូចជាធ្វើបុណ្យ ជួយបំភ្លឺផ្លូវអ្នក ចូលចិត្ដ ចូលក្លឹបខារ៉ាអូខេ ទៅចុះ។
រឿងដែលមិត្ដអ្នកអាន ទូរស័ព្ទមកប្រាប់នោះ គេបានអះអាងថា រឿងនេះបានកើតឡើង នៅក្នុង ក្លឹប ខារ៉ាអូខេ ដែលមានយីហោ KYC មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៤៨៨ ស្ថិតក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
អ្នករាយការណ៍ បានឱ្យដឹងបន្ថែមថា កាលពីវេលាម៉ោងជិត១២យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ រូបគេនិងមិត្ដភក្ដិម្នាក់ទៀត បានចូលទៅច្រៀងខារ៉ាអូខេ នៅក្លឹប KYC ដោយនៅក្នុងបន្ទប់មាននារី អង្គុយកំដរ ២នាក់ និងអ្នកចាប់ទឹកកកម្នាក់ទៀត។ ក្រោយច្រៀងបានមួយម៉ោង ពួកខ្លួនក៏គិតលុយ អស់ ជាង ៥០ដុល្លារ រួចហើយឱ្យលុយធីបទៅនាងៗទាំង ៣នាក់ ម្នាក់ ៥ដុល្លារ ហើយក៏នាំគ្នា ចេញទៅផ្ទះ។ ពេលដើរចេញដល់មាត់ទ្វារខាងក្រៅ ស្រាប់តែមានស្រីខារ៉ាអូខេម្នាក់ ដែលអង្គុយ ច្រៀងកំដរនៅ ក្នុង បន្ទប់ រត់ចេញមកឃាត់ ដោយអះអាងថា រូបនាងបាត់លុយអស់ ១០ដុល្លារ ព្រមទាំងលើកកាបូបបង្ហាញ ផង ដោយនាង នោះឡាំប៉ាចោទថា ពួកខ្លួនជាអ្នកយកលុយ ១០ ដុល្លារនោះ ហើយក៏មានសន្ដិសុខយាម នៅមុខហាង ចេញមកអន្ដរាគមន៍ ជួយនាងនោះផងដែរ។ ក្រោយពីពួកខ្លួនប្រកែកថាមិនបានយក ហើយនាង នោះនៅតែឡាំប៉ាចោទទៀត ដោយមិនចង់ឱ្យ វែងឆ្ងាយ និងណាមួយកុំឱ្យខ្មាសអ្នកឈរមើលផង ពួកខ្លួន ក៏សុខចិត្ដដកលុយពីកាបូបសង ទៅ នាង ដោយពួកខ្លួននៅតែ អះអាងថា មិនបាន យកលុយនោះទេ ព្រោះត្រឹមតែ១០ដុល្លារប៉ុណ្ណោះ បើខ្លួនចង់បាន មិនចាំបាច់ឱ្យលុយធីបទៅពួកនាងៗ រហូតដល់ ១៥ដុល្លារ នោះទេ។
ម្ចាស់ទូរស័ព្ទបានបន្ថែមថា លុយ ១០ដុល្លារ វាមិនច្រើនទេ សំខាន់គឺ កិត្ដិយស មិនគួរណាពួកខ្លួន មានមុខមាត់ មានលុយដាក់ ហោប៉ៅរាប់រយដុល្លារ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ ប៉ុណ្ណឹងដែរ បែរជាត្រូវពួកនាងៗខារ៉ាអូខេ ចោទថាលួចលុយ ១០ដុល្លារ ធ្វើឱ្យគេចោមរោមមើលរាប់សិប នាក់អ៊ីចឹងសោះ។ ក្នុងនោះម្ចាស់ទូរស័ព្ទខាងលើ បានសង្ស័យថា ករណីនេះពួកនាងៗលេង ល្បិចចង់បានលុយ ១០ដុល្លារ ពីភ្ញៀវ។
ខាងលើនេះ គឺគ្រាន់តែខ្លឹមសារព័ត៌មាន ដែលមិត្ដអ្នកអានទូរស័ព្ទមកប្រាប់តែប៉ុណ្ណោះ ដោយដើម អម្ពិល មិនហ៊ានចោទថា ករណីនេះជាល្បិចរបស់ពួកនាងៗ ឬជាការបាត់លុយពិតប្រាកដនោះទេ តែគេថា បើជា ល្បិច ម្ល៉េះមិនមែនពួកនាងៗថាបាត់ ១០ដុល្លារនោះទេ ច្បាស់ជាបាត់រាប់រយ ដុល្លារជាមិនខាន តែពេលខ្លះក៏អាចជាល្បិចដែរ។ ប៉ុន្ដែការ ចុះផ្សាយនេះ គឺគ្រាន់តែ ជាសារមួយ ដោយទុកឱ្យមិត្ដអ្នកអានធ្វើការពិចារណា និងវាយតម្លៃដោយ ខ្លួនឯងប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល