ភ្នំពេញ៖ នារីក្លាហានម្នាក់ ត្រូវរងរបួសធ្ងន់ ដោយសាររូបនាងជិះម៉ូតូម្នាក់ឯង ហើយត្រូវក្រុមចោរឆក់ ជិះម៉ូតូមកឆក់យកកាបូបស្ពាយ របស់នាងបានសម្រេច ខណៈនោះរូបនាង បានជិះម៉ូតូដេញចាប់ រហូតដល់ចំណុចផ្លូវកែង មិនបន្ថយល្បឿន ជ្រុលបុកចំពាក់កណ្តាល រថយន្តហ៊ីយ៉ានដាយ មួយ គ្រឿងពេញទំហឹង កាលពីវេលាម៉ោង ២២៖៣០នាទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ ២៩៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញនារី ម្នាក់ ជិះម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ធ្វើដំណើរតាម បណ្តោយផ្លូវលេខ២៩៤ ទិសដៅពី លិចទៅកើត ខណៈនោះត្រូវជនសង្ស័យ ២នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង មកធ្វើសកម្មភាព ឆក់យកកាបូប ស្ពាយពីនារី ខាងលើបានសម្រេច រួចក្រុមចោរបាន ព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវ នារីជនរង គ្រោះខាង លើបានជិះម៉ូតូដេញ ចាប់យ៉ាងលឿន លុះដល់ចំណុចកើតហេតុ ស្របពេល មានរថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ មួយតោនកន្លះ កំពុងបើកបរតាមផ្លូវម៉ៅសេទុង ទិសដៅពីត្បូង ទៅជើង យ៉ាងលឿន ឆ្លងកាត់ពីនារីខាងលើ ក៏ត្រូវ នារីរងគ្រោះកំពុងបោះពួយ ម៉ូតូ ដេញចោរលឿន ជ្រុល បុកចំពាក់កណ្តាល រថយន្តហ៊ីយ៉ានដាយ ទាំងកម្រោលតែម្តង បណ្តាលឲ្យ រូបនាង បោកក្បាលទៅ នឹងទ្រុងរថយន្តបែកហូរឈាម រងរបួសធ្ងន់ធ្ងរសន្លប់ស្តុកស្តឹង នៅនឹង កន្លែងកើត ហេតុ បានរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុរថយន្តហ៊ីយ៉ានដាយ មិនបានឈប់នៅកន្លែងកើតហេតុ ដោយសារព្យាយាម បើករថយន្ត គេចពីសមត្ថកិច្ច ប៉ុន្តែត្រូវអ្នកដំណើរ នឹងសមត្ថកិច្ចដេញឃាត់ ជាប់នៅចំណុចមុខ ផ្សារដើមគរ តាម ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូរបស់នារីរងគ្រោះ នឹងរថយន្តហ៊ីយ៉ានដាយ ត្រូវសមត្ថកិច្ចជំនាញ ចុះធ្វើការ វាស់វែង អូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំដោះស្រាយតាមផ្លូវ ច្បាប់ ៕
ម៉ូតូនារីរងគ្រោះ
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល