CamNews

ព័ត៌មានជាតិ 

មេប៉ុស្ដិ៍ក្អមសំណរ លិចទូក​ (តាខេ) ពេលឆ្លង ទន្លេមេគង្គ បាត់ខ្លួនមិនទាន់រកឃើញ

កណ្ដាល ៖ នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំក្អមសំណរ ស្រុកលើកដែក ខេត្ដកណ្ដាល រួមជាមួយកូនចៅ៥-៦នាក់ផ្សេងទៀត ត្រូវ បានគេរាយការណ៍ថា ជួបគ្រោះថ្នាក់ដោយ សារតែលិចតាខេកណ្ដាលទន្លេមេគង្គ ខណៈ ដែលជនរងគ្រោះទាំងនេះ កំពុងធ្វើដំណើររួម គ្នា ឆ្លងពីត្រើយម្ខាងក្នុងទឹកដីស្រុកលើកដែក ខេត្ដកណ្ដាល ឆ្ពោះទៅត្រើយម្ខាងទៀត ក្នុង គោលបំណងនាំយកទំនិញ ដែលដឹកតាមតាខេ នោះឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ករណីលិចតាខេ នៅទន្លេមេគង្គ ដែល បណ្ដាលឱ្យនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំក្អម សំណរ លោកសោម ស៊ីបូរិន បាត់ខ្លួនដែល ប្រភពព័ត៌មានសង្ស័យថា ប្រហែលជាលង់ ទឹកស្លាប់ទៅហើយនោះ បានកើតឡើងកាល ពីវេលាម៉ោងប្រមាណ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤នៅ ត្រើយម្ខាងនៃទន្លេមេគង្គ ក្នុងស្រុកពាមជរ ខេត្ដព្រៃវែង ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ស្រុកលើកដែក បានឱ្យដឹងថា រហូតមកដល់ ព្រឹកនិងរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ ជនរងគ្រោះ លោកសោម ស៊ីបូរិន មិន ទាន់ត្រូវបានគេរកឃើញនៅឡើយទេ ក្រោយ ពីជួបហេតុការណ៍លិចតាខេកាលពីយប់មិញ នោះ ប៉ុន្ដែតាមព័ត៌មានគេដាក់ការសង្ស័យ យ៉ាងខ្លាំងថា ជនរងគ្រោះទំនងជាស្លាប់បាត់ ទៅហើយ ដោយសារលង់ទឹក ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលស្រុកលើក ដែកបានបន្ដទៀតថា មុនពេលកើតហេតុ លោកសោម ស៊ីបូរិន ដែលគេដឹងថា ជានាយ នគរបាលប៉ុស្ដិ៍ក្អមសំណរ ស្រុកលើកដែក ខេត្ដ កណ្ដាលនោះ រួមជាមួយកូនចៅរបស់ខ្លួន ពី៥-៦នាក់ផ្សេងទៀត បានធ្វើដំណើរតាម តាខេ ដោយដឹកទំនិញ ដែលប្រភពព័ត៌មាន ខ្លះបានលួចបង្ហើបថា ជាប្រភេទឈើប្រណីត នោះ (ឈើគ្រញូង) ឆ្លងកាត់ទន្លេមេគង្គក្នុង គោលបំណងឆ្ពោះទៅប្រទេសវៀតណាម ប៉ុន្ដែជួបសំណាងអាក្រក់ ហើយប្រហែលជា ធ្ងន់ពេក ទើបបណ្ដាលឱ្យលិចតាខេ ខណៈ ដែលធ្វើដំណើរឆ្លងជិតដល់ត្រើយម្ខាង ក្នុង  ទឹកដីស្រុកពាមជរ ខេត្ដព្រៃវែង ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយ ពីជួបហេតុការណ៍ខាងលើនេះ ធ្វើឱ្យលោក មេប៉ុស្ដិ៍បាត់ខ្លួន ព្រោះតែកម្លាំងទឹកហូរមិន ដឹងថា រសាត់អណ្ដែតទៅណានោះឡើយ ក្រោយពីមនុស្ស៦នាក់ផ្សេងទៀត ដែលជា កូនចៅរបស់លោកមេប៉ុស្ដិ៍ ត្រូវបានគេជួយ សង្គ្រោះទាន់ រួចផុតពីសេចក្ដីស្លាប់ ហើយ បច្ចុប្បន្នមនុស្សទាំង៦នាក់ខាងលើនេះ ត្រូវ បានគេយកទៅសួរនាំនៅកន្លែងប៉ុស្ដិ៍រដ្ឋបាល ខណៈដែលជនរងគ្រោះលោកសោម ស៊ីបូរិន ត្រូវបានក្រុមការងារសង្គ្រោះបាននឹងកំពុង ធ្វើការរាវរក ដោយសង្ស័យថា គាត់បាន ស្លាប់បាត់ទៅហើយ ដោយសារការលង់ទឹក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news