ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង ២និង៣៧នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥នេះ បានបង្ហាញមុខ ក្រុមជួញដូរគ្រឿងញៀន ដ៏ធំនៅកម្ពុជា និង វត្ថុតាងជាគ្រឿងញៀនជិត៥៥គីឡូក្រាម ដែលត្រូវបានបង្ក្រាបនិងដកហូតក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ មុនពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដការសួរនាំនិងចាត់វិធានការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ការបង្ហាញមុខមេជួញដូរ គ្រឿងញៀនដ៏ធំនៅពេលនេះ គឺមានជន សង្ស័យចំនួន៣នាក់ ក្នុងនោះបុរសពីរនាក់ ជាជនជាតិចិន និងស្ដ្រីខ្មែរ ដែលត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះបង្ក្រាបនិងចាប់ខ្លួនបាននៅ៥គោលដៅ ក្នុងរាជធានីភ្នំពេញ ព្រមទាំងចាប់មេខ្លោង ម្នាក់ទៀត នៅឯខេត្ដស្ទឹងត្រែង ។
នេះជាប្រតិបត្ដិការដ៏ធំលើកដំបូងនៅ កម្ពុជា ដែលត្រូវបានបង្ក្រាបនៅពេលនេះ ដោយដកហូតថ្នាំញៀន រាប់សិបគីឡូក្រាមបែបនេះ។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង លើ៥គោលដៅផ្សេងៗគ្នា៖
គោលដៅទី១៖ នៅចំណុចផ្ទះលេខសេ១៩ ផ្លូវបេតុងក្នុងបូរីពេញចិត្ត សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ផល រ៉ានី ភេទស្រី ជនជាតិខ្មែរ អាយុ២២ឆ្នាំ ដែលត្រូវជាភរិយា របស់មេក្លោង។ ក្នុងការឆែកឆេបានរកឃើញម្សៅក្រាមសង្ស័យគ្រឿងញៀន (ice) ចំនួន ០៧កញ្ចប់ធំ ជញ្ជីងថ្លឹង ២គ្រឿង ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ម៉ាស៊ីនសម្ងួត១គ្រឿង និងទូដែកចំនួន១ទូ។
គោលដៅទី២៖ បន្តឆែកឆេរបន្ទប់ជួលលេខ៦១៥ នៃអាផាតមិន LEE ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ LI YONG ភេទប្រុសជនជាតិចិន មុខរបរបច្ចេកទេស ផ្សំថ្នាំញៀន។ ជាលទ្ធផលរកឃើញវត្ថុតាងរួមមានម្សៅក្រាមសង្ស័យគ្រឿងញៀន (ice) ចំនួន ១៤កញ្ចប់(៦កញ្ចប់ធំ-៨កញ្ចប់តូច) និងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន១គ្រឿង ។
រគោលដៅទី៣៖ បន្ដឆែកឆេរបន្ទប់ជួល៧ Apartment លាលូន សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ DENG YUAN PING ភេទប្រុស ជនជាតិចិន កើតឆ្នាំ១៩៦២ ជំនាញខាងមន្ទីរពិសោធន៍ និងចាប់យកវត្ថុតាង ice ០១កញ្ចប់ wy ៣០គ្រាប់ និងចាប់ បានមេក្លោងដែលជាអ្នកដឹកនាំក្នុងការជួញដូររក្សាទុក កែច្នៃគ្រឿងញៀន ឈ្មោះ លីវ ស៊ឺ នៅខេត្តស្ទឹងត្រែង។ សរុបលទ្ធផលប្រត្តិបត្តការនេះ គឺសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនចំនួន ៥៤៥៩៩,៦០ក្រាមនិងពីរគោលដៅទៀត ។










ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល