ភ្នំពេញ៖ តំណាងក្រុមហ៊ុន អភិវឌ្ឍតំបន់ ជ្រោយចង្វារ OCIC នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ នេះបានសម្តែង នូវការអភ័យទោស និងសុំការអធ្យាស្រ័យ ចំពោះកំហុស ជាអចេតនា ចំពោះរឿងរ៉ាវបាក់ទំនប់ទឹក ដែលបណ្តាលឲ្យលិច ដល់ភោជនីយដ្ឋានមួយចំនួន និងផ្ទះប្រជាពលរដ្ឋផងដែរ ។
លោក ម៉ាន់ ឈឿន តំណាងក្រុមហ៊ុន OCIC បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះថា នៅល្ងាចថ្ងៃទី៣ ម្សិលមិញ បន្ទាប់ពីកើតហេតុការណ៍ បាក់ទំនប់លិច ផ្ទះពលរដ្ឋ ក្រុមហ៊ុនបានចុះពិនិត្យភ្លាមៗ ដោយធ្វើការលាយ សម្អាតនូវភោជនីយដ្ឋាន ដែលរងការលិចឲ្យស្អាត អាចឲ្យភោជ្ជនីយដ្ឋាន ទំាងនោះ បើកដំណើរការ បានដូចធម្មតា លើកលែងតែបន្ទប់ ខារ៉ាអូខមួយចំនួន ដែលមានឧបករណ៍ បច្ចេកទេស ដែលមានការខូចខាត ក្រុមហ៊ុន នឹងធ្វើការដោះសា្រយ តាមរយៈអជ្ញាធរ ដោយផ្ទាល់ ។
លោកម៉ាន់ ឈឿន បន្តថា «សូមបងប្អូនអធ្យាស័យ ចំពោះកំហុស ដោយអចេតនានេះ ក្រុមហ៊ុនមិនចង់ មានរឿងហ្នឹង កើតឡើងទេ ហើយក្រុមហ៊ុន សូមអភ័យទោសផង» ។
តំណាងក្រុមហ៊ុន ដដែលរូបនេះ បានបន្តថា ចំពោះការខូចខាតទំាងឡាយ ក្រុមហ៊ុននឹងធ្វើការ សងសំណងជូន តាមរយៈការដោះស្រាយ របស់រដ្ឋអំណាច នៃអជ្ញាធរដី ក្នុងខណ្ឌជ្រោយចង្វារ ផ្ទាល់តែម្តង ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ខារ៉ាអូខេ និងម្ចាស់ហាងផឹកស៊ី ជាច្រើនគ្រួសារ ស្ថិតនៅ តំបន់អភិវឌ្ឍន៍ ជ្រោយចង្វារ ក្នុងភូមិកៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ បានផ្ទុះការតវ៉ារហូតនាំគ្នាទៅប្រមូលផ្ដុំនៅ មុខសាលាខណ្ឌ ជ្រោយចង្វារ ដើម្បីទាមទារ ឱ្យម្ចាស់ក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពង់ ឃាវសែ ដោះស្រាយ និងផ្ដល់សំណងថ្លៃ ការខូចខាតជូនពួកគេ ក្រោយពីទឹកបានជន់ លិចលំនៅឋាននិងហាង របស់ពួកគេនោះ ។ ក្រោយពីទទួលបាន នូវការសន្យារបស់ អភិបាលខណ្ឌរួចមក ប្រជាពលរដ្ឋ បានយល់ ព្រមត្រឡប់ទៅលំនៅ ឋានរបស់ពួកគាត់វិញ ដើម្បីរង់ចាំដំណោះស្រាយបន្ដទៀត ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល