CamNews

ព័ត៌មានជាតិ 

ស្នងការរង និង នាយសេនាធិការ ខេត្ដ ត្បូងឃ្មុំ ស្លាប់ទាំងវ័យក្មេង

ត្បូងឃ្មុំ ៖ ស្នងការរងនគរបាល  និងជា នាយសេនាធិការ នៃស្នងការដ្ឋាន នគរបាល ខេត្ដត្បូងឃ្មុំ លោកវរសេនីយ៍ ឯក ញិល រត្ន័ សុភាសិត បានទទួលមរណភាព កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងអាយុ៤៤ឆ្នាំ នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ។

ស្នងការនគរបាលខេត្ដត្បូងឃ្មុំ លោកឧត្ដមសេនីយ៍ម៉ៅ ពៅ បានឱ្យដឹងថា  ក្រោយទទួលមរណភាពរួចមក លោកដឹកនាំ នគរបាលមួយក្រុម រៀបចំចាត់ចែងដឹកសព យកទៅតម្កល់ទុក ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

លោកឧត្ដមសេនីយ៍ម៉ៅ ពៅ បានបង្ហាញ ការសោកស្ដាយនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមន្ដ្រី នគរបាលក្រោម ឱវាទ ថ្នាក់ជាស្នងការរង ដែលបានទទួលមរណភាពទាំងវ័យក្មេង ក្នុងពេលកំពុង បម្រើការងារយ៉ាងដូច្នេះ។

បច្ចុប្បន្នសពលោកញិល រត្ន័សុភាសិត ត្រូវបានតម្កល់ទុកនៅគេហដ្ឋានលោកឧត្ដមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គ នាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ស្ថិតនៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌ ឫស្សីកែវ ពោលនៅជាប់និង អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។

តាមមន្ដ្រីនគរបាលខេត្ដត្បូងឃ្មុំ បានឱ្យ ដឹងថា លោកញិល រត្ន័សុភាសិត ត្រូវជាប្អូន បង្កើតរបស់លោក ឧត្ដមសេនីយ៍ឯក ពិន ពិសិដ្ឋ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Tboung Khmum