ត្បូងឃ្មុំ : បុរសជនជាតិវៀតណាមម្នាក់ មានតួនាទីជាមេការ នៅទីតាំងលួចបើកកន្លែងរកស៊ីផ្លូវភេទ ត្រូវបានកម្លាំងនគរបាល ខេត្តត្បូងឃ្មុំ ចាប់ខ្លួន ក្នុងប្រតិបត្តិការចុះទៅបង្ក្រាប កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ខណ:ដែលថៅកែជាជនជាតិវៀតណាម ឈ្មោះ ថាច់ ញ៉ង ភេទប្រុស រត់គេចខ្លួនបាត់ ។
នៅក្នុងប្រតិបត្តិការនេះ ក្រៅពីការចាប់ខ្លួនបុរសមេការ កម្លាំងនគរបាល បានរកឃើញនារីបម្រើផ្លូវភេទ និងស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើ ចំនួន១៤០ស្រោម ។
មន្ត្រីនគរបាលដែលចូលរួម នៅក្នុងប្រតិបត្តិការនេះ បាននិយាយថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងដែលមានយីហោ រ៉ូមេនទិច ស្ថិតនៅ ចំណុចកើតហេតុខាងលើ លួចបើករបររកស៊ីផ្លូវភេទនោះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាឲ្យកម្លាំង ជំនាញការិយាល័យ សហការជាមួយកម្លាំងនគរបាលស្រុក ដោយមានការឯកភាព ពីតំណាងអយ្យការនោះ បានចុះទៅបង្ក្រាប ហើយឃាត់ខ្លួន មេការម្នាក់ ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ ជាជនជាតិវៀតណាម និងរកឃើញស្ត្រីបម្រើផ្លូវភេទ ចំនួន ៨នាក់ ផងដែរ ។
មន្ត្រីនគរបាលរូបនេះ បានបន្តថា ក្រោយពីការចុះឆែកឆេរ កម្លាំងសមត្ថកិច្ច បានរកឃើញបន្ទប់ស្នាក់នៅចំនួន៥ ព្រមទាំងដកហូត ស្រោម អនាម័យមិនទាន់ប្រើប្រាស់ ១២០ស្រោម ក្នុងនោះស្រោមអនាម័យប្រើប្រាស់រួច ចំនួន ២០ស្រោម និងសៀវភៅ តម្លៃសេវាបម្រើផ្លូវភេទ ៤ក្បាល ផងដែរ ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវ បានបញ្ជូនទៅសួរនាំបន្តទៀត នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕