-ម្ដាយជាស្ដ្រីមេម៉ាយ ដើរស៊ីឈ្នួលលាងចានគុយទាវ យកលុយ និងម្ហូបចិញ្ចឹមកូន
ភ្នំពេញ៖ សិស្សពូកែ ២នាក់បងប្អូន ដែលកំព្រាគ្មានឪពុក ហើយទីទល់ក្រទៀតនោះ បានសម្ដែងនូវអារម្មណ៍ ចង់ឲ្យការសិក្សារបស់ខ្លួន អាចបន្ដទៅមុខ រហូតដល់បញ្ចប់មហាវិទ្យាល័យ ខណៈដែលបច្ចុប្បន្ន ម្ដាយដែលជាស្ដ្រីមេម៉ាយ កាន់តែចាស់ និងមានជំងឺប្រចាំកាយទៀតនោះ ។
យុវជន ហ៊ុន ភារម្យ មានអាយុ ១៧ឆ្នាំ កំពុងតែសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម មានប្អូនស្រីម្នាក់ឈ្មោះ ហ៊ុន ធារ៉ា រៀនថ្នាក់ទី៩ និងមានម្ដាយជាស្ដ្រីមេម៉ាយ ឈ្មោះ អំ ហុង អាយុ ៤៤ឆ្នាំ រស់ក្នុងភូមិត្រពាំងទ្រា ឃុំត្រពាំងទ្រា ស្រុកសំរោង ខេត្តតាកែវ ដែលកំពុងរងទុក្ខជួបជីវភាពក្រីក្រ ខ្វះទីពំនាក់ ។
និយាយប្រាប់អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល យុវជន ហ៊ុន ភារម្យ បានសម្ដែង សេចក្ដីព្រួយបារម្ភ នៅពេលដែលខ្លួន កំពុងខ្វះខាត ក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃ ព្រោះថា រៀងរាល់ថ្ងៃ នេះ រូបគេនឹងប្អូនស្រី គឺពឹងផ្អែកទៅលើតែម្ដាយមេម៉ាយ ដែលសុំការងារតាមហាងគុយទាវ ហាងបាយ លាងចាន ដើម្បីបានប្រាក់បន្ដិចបន្ដួច និងម្ហូបសេសសល់ខ្លះ យកមកចិញ្ចឹមជីវិត ។
ហ៊ុន ភារម្យ បានរៀបរាប់អំពីដំណើរជីវិតរបស់គេ ប្រាប់អ្នកយកព័ត៌មានយើងថា «ខ្ញុំបានក្លាយជា កូន កំព្រា គ្មានឪពុកចាប់ពីតាំងពីនៅតូចៗ មិនទាន់ដឹងក្ដីមកម្ល៉េះ ។ កាលណោះ ឪពុករបស់ខ្ញុំ បានចាក ចេញពីផ្ទះ មកប្រកបរបររត់ម៉ូតូឌុប នៅទីក្រុងភ្នំពេញ ដល់ពេលគាត់រត់ម៉ូតូយូរៗ ក៏ស្គាល់គ្នាជាមួយស្រីម្នាក់ រួចក៏លែងត្រឡប់មកផ្ទះវិញ ចោលប្រពន្ធកូន» ។
ភារម្យ និយាយទៀតថា «ដោយសារតែបាត់បង់ប្ដីជាទីស្រឡាញ់ ហើយខ្មាសអស់អ្នកនៅក្នុងភូមិផងនោះ ចាប់ពីពេលនោះមក ម្ដាយរបស់ខ្ញុំ មានវិបត្តិផ្លូវចិត្ត ផឹកស្រា ដែលនាំឲ្យរូបគាត់មានជំងឺផ្លូវចិត្ត រហូតមកដល់ពេលនេះ ។ ដោយសារតែ សេចក្ដីស្រឡាញ់យ៉ាងធំធេងចំពោះកូន គាត់បានជម្នះលើឧបសគ្គ បំភ្លេចរឿងរ៉ាវពីអតីតកាល ដោយខិតខំស្វែងរកការងារ ចិញ្ចឹមពួកខ្ញុំ ។ គាត់បានទៅសុំការងារគេ តាមផ្ទះ ដូចជាពុះអុស រែកទឹក បោកខោអាវជាដើម ធ្វើយ៉ាងម៉េចឲ្យតែបានលុយ អង្ករមកចិញ្ចឹមកូន» ។
ក្រោយរំឭករឿងរ៉ាវពីអតីតកាល ដែលនាំឲ្យមានសេចក្ដីសោកសៅនោះ ហ៊ុន ភារម្យ ដែលជាសិស្សពូកែប្រចាំសាលា បាននិយាយថា អ្វីដែលពិបាកចិត្ត នៅពេលខាងមុខទៀត គឺនៅពេលដែលម្ដាយរបស់ខ្លួន កាន់តែចាស់ ហើយមិនដឹងថា រូបគេអាចទៅបន្ដការសិក្សានៅឯភ្នំពេញ បានឬក៏យ៉ាងណា ព្រោះគ្មានទីពឹងទំនុកបំរុងនឹងគេនោះ ។
យុវជន ហ៊ុន ភារម្យ គឺជាសិស្សពូកែមួយរូប ប្រចាំខេត្តតាកែវ ដោយកាលពីថ្នាក់ទី៩ រូបគេបានប្រឡងជាប់ សិស្សពូកែរូបវិទ្យា និងបានឡើងទៅ ប្រឡងសិស្សពូកែទូទាំងប្រទេស តែមិនទទួលបានលទ្ធផលល្អ ហើយនៅឆ្នាំនេះ ថ្នាក់ទី១២ រូបគេក៏បាននិងកំពុង ត្រៀមប្រឡងសិស្សពូកែថ្នាក់ស្រុក ថ្នាក់ខេត្ត ដើម្បីឈានទៅដល់ការប្រឡង សិស្សពូកែទូទាំង ប្រទេសបន្ដទៀត ។
លោក មាន សារិន គ្រូបង្រៀននៅវិទ្យាល័យស្លារម បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ផងដែរថា លោកពិតជាមានការអាណិតអាសូរ ចំពោះសិស្សកំព្រារៀនពូកែ ២នាក់បងប្អូននេះណាស់ ព្រោះខ្វះខាតជីវភាពរស់នៅ ពឹងផ្អែកលើម្ដាយ ដែលដើរលាងចានតាមហាងគុយទាវ នឹងយកអាហារសេសសល់មកចិញ្ចឹមកូន ។ កន្លងមកលោកធ្លាប់បានជួយ ក្មេងពីរនាក់បងប្អូននេះ ដោយបង្រៀនគួរមិនយកលុយ និងសុំអង្ករ មី នៅតាមវត្តអារាមមួយចំនួន ដើម្បីយកទៅឲ្យពួកគេ ចិញ្ចឹមជីវិត ។
លោកគ្រូក៏សូមអំពាវនាវ ដល់សប្បុរសជននានា ដែលមានលទ្ធភាព សូមជួយឧបត្ថម្ភដល់គ្រួសារអ្នកស្រី អំ ហុង ដែលកំពុងមានជីវភាពទីទល់ក្រ ជាពិសេសគឺសិស្សពូកែកំព្រាឪពុក ២នាក់បងប្អូន ដែលកំពុងជួបភាពខ្វះខាត ក្នុងជីវភាពរស់នៅ និងការសិក្សានាពេលបច្ចុប្បន្ន។
សូមជម្រាបថា គ្រួសារអ្នកស្រី អំ ហុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ កាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានទទួលអំណោយ និងថវិកាមួយចំនួនក្នុងនោះមាន អង្ករ ទឹកក្រូច ទឹកស៊ីអ៊ីវ ជាដើម និងថវិកាចំនួន៥លានរៀល ដើម្បីដោះស្រាយជីវភាពផងដែរ៕