ភ្នំពេញ៖ ខណៈដែលកេរ្តិ៍ឈ្មោះ កំពុងតែទទួលបាន ការគាំទ្រច្រើនគួរសម តារាចម្រៀងស្រីវ័យក្មេង កញ្ញា សុភ័ក្រ កុសុម៉ា ថ្មីៗនេះត្រូវបាន គេទម្លាយ ព័ត៌មានឲ្យដឹងថា នាងកំពុងត្រូវបានបុរសអាណិកជនម្នាក់ ដែលរស់នៅឯនាយសមុទ្រ កំពុងតែតាមយកចិត្ត ដើម្បីសុំសេចក្តីស្រឡាញ់ និងសុំរៀបការជាមួយ តារាស្រីរូបនេះ ។
បុរសមានវ័យកណ្តាល ដែលកំពុងតែតាមយកចិត្ត កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវប្រភពខាងលើនិយាយ ឲ្យដឹងថា បុរសរូបនេះ តាមស្រលាញ់ដោយ មានបំណងរៀបការ ជាមួយនឹងនាងដោយស្របច្បាប់ ហើយក៏កំពុងព្យាយាមលួងលោមសំសេចក្តីស្រឡាញ់ពីស្រីស្រស់ កុសុម៉ា ។ ក៏ប៉ុន្តែនៅ ត្រង់ថា តើ កញ្ញា កុសុម៉ា យល់ព្រមទទួលយកស្នេហានេះ ឬអត់ គេមិនទាន់ដឹងនៅឡើយទេ?
ប្រភពព័ត៌មានដដែល បាននិយាយទៀតថា បុរសដែលព្យាយាម តាមទាក់ទងស្នេហ៍ ពីតារាចម្រៀង តូចច្រឡឹងវ័យ២៣ឆ្នាំ កញ្ញា សុភ័ក្រ កុសុម៉ា ជាអ្នកជំនួញ ហើយមានវ័យប្រហែលជាជាង៣០ ឆ្នាំ។ បុរសនោះ ជាអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី។ ម្យ៉ាងទៀតបុរសរូបនេះ គឺមាន បំណងចង់រៀបការជា មួយកុសុម៉ា យកធ្វើភរិយា និងផ្តល់ឲ្យអ្វីៗគ្រប់យ៉ាងដល់ រូបនាង។
ជុំវិញព័ត៌មានលេចឮ ខាងលើនេះតារាចម្រៀង សម្បុរស្រអែមស្រស់ កញ្ញា សុភ័ក្រ កុសុម៉ា បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនៅ រសៀល ថ្ងៃទី១៩ ខែមករាឆ្នាំ២០១៤នេះថា រាល់ថ្ងៃ នេះពិតជាមានបុរអាណិកជនខ្មែរ រស់នៅប្រទេសអូស្រ្តាលី តាមលួងលោមសុំស្រឡាញ់ពីនាង ដូចអ្វីដែលគេបាននិយាយមែន។ ប៉ុន្តែនាងនៅមិនទាន់ឆ្លើយ ទទួលយល់ព្រម ផ្តល់ការស្រឡាញ់ទៅឱ្យ បុរសម្នាក់នោះ នៅឡើយទេ។
កញ្ញា សុភ័ក្រ កុសុម៉ា បាននិយាយទៀតថា "ការពិតទៅ បុរសអាណិកជនខ្មែរ-អូស្រ្តាលីម្នាក់នេះ បានតាមស្រឡាញ់ខ្ញុំជាងមួយឆ្នាំមកហើយ តែខ្ញុំមិនចាប់អារម្មណ៍ ព្រោះចង់យកពេលវេលាប្រឡូក ជាមួយអា ជីពសិល្បៈឲ្យបានយូរឆ្នាំ បន្តិចទៀតសិន។ ចំណែករឿងដែលគេ និយាយថា បុរសម្នាក់នេះ មានបំណង ចូលស្តីដណ្តឹង ចង់រៀបការជាមួយនោះខ្ញុំ ពុំបានដឹងទេ ព្រោះអីរាល់ថ្ងៃនេះខ្ញុំ និងគាត់មិនសូវ បានទាក់ទងគ្នានោះទេ គឺយូរៗនិយាយជាមួយគ្នាម្តង.!"។
កញ្ញា សុភ័ក្រ កុសុម៉ា បានបន្ថែមថា អាណិកជនខ្មែរ រស់នៅអូស្រាលី ដែលតាមស្រឡាញ់ចង់បាននាង គឺជាអ្នកជំនួញ រកស៊ី ហើយមានវ័យជាង៣០ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាក្តី សុភ័ក្រ កុសុម៉ា បានឆ្លើយបដិសេធន៍ថា សម្រាប់បេះដូងរបស់នាងសព្វថ្ងៃ គឺពុំទាន់មានស្នេហានោះឡើយ រីឯបុរសអាណិកជន ដែលកំពុងតាមស្រឡាញ់ក៏នាង មិនទាន់ឆ្លើយទទួលយក នោះដែរ៕
ផ្ដល់សិទ្ធដោយ៖ lookingtoday