កោះកុង ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង បានធ្វើឱ្យមនុស្សម្នាក់ ដែលទៅកំសាន្ដ នៅមាត់សមុទ្រ បានស្លាប់ និង២នាក់ទៀងរងរបួសធ្ងន់ ដោយសារតែ ជិះម៉ូតូបុកគ្នា យ៉ាងពេញ ទំហឹងខណៈដែលជនរងគ្រោះជាក្រុមក្មេងស្ទាវ បានប្រញាប់ប្រញាល់ ជិះម៉ូតូទៅទិញផ្កាឲ្យ សង្សាររបស់ខ្លួន នៅថ្ងៃបុណ្យ សេចក្តីស្រឡាញ់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើត ឡើងនៅ វេលាម៉ោង ៨៖៣០នាទី ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើដងផ្លូវ មុខសាលាបឋមសិក្សា ទីរួមខេត្ដ ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។
ប្រភពពីមន្រ្តីនគរបាល ចរាចរ ដែលបានឃើញហេតុការណ៍ នេះបាននិយាយថា គ្រោះថ្នាក់ ចរាចរណ៍ នេះបានបង្កឡើងដោយ ម៉ូតូម៉ាក វេវ ពណ៌ ស គ្មានស្លាកលេខ ជាប្រភេទម៉ូតូកែច្នៃ ជិះគ្នា២នាក់ បើកបរដោយ ឈ្មោះ សេន សៃនី ភេទប្រុស អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ កោះកុង អ្នករួមដំណើរឈ្មោះ ម៉ាត់ សាឡេះ ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាអ្នកនេសាទ ទាំង២នាក់ មានទីលំនៅភូមិ៤ សង្កាតដងទង់ ក្រុងខេមរភូមិន្ទ។ ចំណែក ម៉ូតូម្ខាងទៀតម៉ាក វេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយអ្នកបើកដែល បានស្លាប់បាត់បងជីវិតនោះមាន ឈ្មោះ រិទ្ធី ពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
សមត្ថកិច្ចដដែលបានបន្ដថា នៅមុន ពេលកើតហេតុ អ្នកបើកម៉ូតូ បង្កបានបើកល្បឿនលឿន ហួសកំណត់នៅកន្លែងទីប្រជុំជន ដែលនៅតាមដងផ្លូវ មានគេលក់ផ្កា ព្រោះថ្ងៃនេះជាថ្ងៃនៃ សេចក្ដីស្រឡាញ់ ហើយម៉ូតូបង្ក បានបើជ្រែពេញផ្លូវទើប ទៅបុកម៉ូតូមួយទៀត ដែលបើបញ្ច្រាស់ ទិសគ្នា បើកបរក្នុងល្បឿនលឿន ដូចគ្នាមិនចាញ់គ្នាទេ ហើយការបើកបរនេះ ដោយមិនគោរព ច្បាប់ ចរាចរណ៍ ទាំងសងខាង ទើបបុកគ្នាហើយ ដួលទៅមុខរថយន្ដ ដែលកំពុងបើកបរ ធ្វើឱ្យ ដៃជនបង្ក ចូលក្រោមកង់រថយន្ដ កិនបាក់ដៃបន្ថែមទៀត។
តែចំពោះម៉ូតូទាំង២ គ្រឿងត្រូវខូចខាត ផ្នែកខាងមុខទាំងស្រុង ។ ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា ពួកក្មេងស្ទាវពួកគេ ជិះលឿនព្រោះប្រញ៉ាប់ទៅទិញផ្កា ជូនសង្សារ ព្រោះខ្លាចគេទិញអស់ ហើយណាមួយខ្លាច សង្សារនៅរង់ចាំយូរ ទើបបើកល្បឿន លឿនហួសកំណត់ ដោយមិនគិតពីគ្រោះថា្នក់ ដល់អ្នកដទៃ និងខ្លួនឯង។ ម៉ូតូទាំង២គ្រឿង និងរថយន្ដសមត្ថកិច្ច ចរាចរ បានយកទៅរក្សាទុកនៅការិល័យ ចរាចរណ៍ ផ្លូវគោកខេត្ដ ដើម្បីរង់ចាំការដោះស្រាយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល