CamNews

ព័ត៌មានជាតិ 

វិចារណកថាៈ អំពើឃាតកម្ម និង ប្លន់ប្រដាប់អាវុធ កំពុងធ្វើឲ្យ ប្រជាពលរដ្ឋ ភ័យខ្លាច

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ អំពើឃាតកម្មសម្លាប់ មនុស្សបានកើត ឡើងជាបន្តបន្ទាប់ ហើយត្រូវបានគេហទំ ព័រ សារព័ត៌មាននានា និងបណ្តាញ ទំនាក់ទំនង សង្គម Facebook បានផ្សព្វផ្សាយ ជាសាធារណៈ ។ អំពើឃាតកម្មដ៏សា ហាវព្រៃផ្សៃ បានកើតឡើង នៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយ មានជ័យ ខេត្តក្រចេះ និងខេត្តកំពង់ស្ពឺជាដើម ហើយ ករណីខ្លះជនល្មើស បានចោទប្រកាន់ ជនរងគ្រោះ ថាចេះអំពើអាប ធ្មប់ទៀតផង ។ ជាក់ស្តែងជនសង្ស័យ៥នាក់ក្នុង ចំណោមបក្ខពួក ៦នាក់ ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ សហការជា មួយ កម្លាំង នគរបាល ស្រុកសំរោងទង ឃាត់ខ្លួនជា បន្តបន្ទាប់ តាំងពីយប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ជាប់ពាក់ព័ន្ធអំពើឃាតកម្មអារ-កសម្លាប់បុរសម្នាក់ដោយចោទប្រកាន់ថា ចេះអាបធ្មប់ ។ បញ្ហានេះ កំពុងធ្វើឲ្យប្រជាពល រដ្ឋក្នុងខេត្តកំពង់ស្ពឺ មានការភ័យខ្លាចជាខ្លាំង ព្រោះគ្រាន់តែសង្ស័យថា ជនរងគ្រោះ ចេះអំពើអាបធ្មប់ បែរជាជនសង្ស័យ រួមដៃគ្នាសម្លាប់ ជនរងគ្រោះយ៉ាង សាហាវព្រៃផ្សៃ ។

ទាក់ទងករណីឃាតកម្មខាងលើនេះ សពជនរងគ្រោះឈ្មោះ ស៊ុំ រិទ្ធ អាយុ៣៥ឆ្នាំ រស់នៅភូមិអង្គតានន ឃុំ រលាំងគ្រើល ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញដេកស្លាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។ តាម ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែតុលា ពេលជនរងគ្រោះ ត្រឡប់មកពី លេងឆៃយ៉ាំ បានប្រាប់ប្រពន្ធថា ខ្លួនទៅបុណ្យសពកូនមេភូមិ ដែលជិះ ម៉ូតូ១គ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ ២០១៣ពាក់ស្លាកលេខកំពង់ស្ពឺ 1A-6818 ។ សមត្ថកិច្ច នគរបាលបានឲ្យដឹងទៀតថា ពេលជនរងគ្រោះត្រឡប់មកពី បុណ្យសពវិញកូនមេភូមិវិញ ត្រូវជនដៃដល់ មានគ្នា ៦នាក់ស្ទាក់តាមផ្លូវ ហើយអារ-កសម្លាប់ចោល ដោយចោទប្រកាន់ថា ចេះអំពើអាបធ្មប់ ។ នៅ ក្រោយពេលមានអំពើឃាតកម្ម សាហាវព្រៃផ្សៃនេះ សមត្ថកិច្ចបានស្រាវជ្រាវ ឈានទៅដល់ ការ ចាប់ខ្លួន ជនសង្ស័យ៥នាក់ ជាបន្តបន្ទាប់ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ ស្រ្តីកូនខ្ចីម្នាក់នៅក្នុងខេត្តក្រចេះ ត្រូវបានជនល្មើសចាប់ អូសពីក្នុង ផ្ទះយកទៅវាយ បំបាក់កសម្លាប់ទាំងយប់ ដោយចោទប្រកាន់ ថា ចេះអំពើអាបធ្មប់ ហើយក្រុមជន ល្មើស ត្រូវបានសមត្ថកិច្ចស្រាវ ជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ។ បញ្ហានេះបានបង្ហាញឲ្យឃើញថា សីលធម៌រស់នៅ ក្នុងសង្គមខ្មែរ កំពុង មានការធ្លាក់ចុះគួរឲ្យ ព្រួយបារម្ភ ព្រោះគ្រាន់តែសង្ស័យថា ជនរងគ្រោះចេះអំពើ អាបធ្មប់ដែលជាជំនឿ អរូបិយសោះបែរជាមានការ កាប់សម្លាប់ គ្នាយ៉ាង សាហាវព្រៃផ្សៃ ។ ជាងនេះ ទៅទៀតបញ្ហាអសនិ្តសុខសង្គម នៅតាមបណ្តាខេត្តមួយចំនួន គឺជាមូលហេតុដែលនាំ ឲ្យកើតមាន អំពើប្លន់ប្រដាប់អាវុធ និងបទ ល្មើសផ្សេងៗយ៉ាងពេញបន្ទុកដូចជាបញ្ហាគ្រឿងញៀន អំពើចោរកម្ម និង ល្បែងស៊ីសងជាដើម ។ ប្រជាពលរដ្ឋទូទៅបានអំពាវនាវឲ្យមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ អនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដើម្បីឲ្យពួកគាត់ អាចរស់នៅ និង ប្រកបរបរចិញ្ចឹមជីវិត ដោយសុខសាន្ត គ្មានការភ័យខ្លាច ។

ចំពោះករណីប្លន់ ប្រដាប់អាវុធវិញ បានកើតឡើង ជាបន្តបន្ទាប់ទាំង នៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និង ខេត្តព្រៃវែងជាដើម ហើយករណីខ្លះសមត្ថកិច្ច មិនអាចស្រាវជ្រាវវែក មុខជនល្មើសយក ទៅផ្តន្ទា ទោសបានឡើយ ។ ជាការពិតកាលពីប៉ុន្មានថ្ងៃមុននេះ ចោរប្លន់អាជីវករលក់មាស ប្តូរប្រាក់នៅផ្សារព្រៃខ្មែរ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បណ្តាលឲ្យជនរងគ្រោះជាបង ប្រុសស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ឯជនរងគ្រោះជាប្អូនស្រី រងរបួសធ្ងន់កំពុង សម្រាក ព្យាបាល នៅមន្ទីរពេទ្យ ។ នៅក្នុងករណីប្លន់ នេះក្រុម ចោរប្រដាប់អាវុធយកបានមាស ប្លាទីន លុយដុល្លារ និង លុយខ្មែរយ៉ាងច្រើន ហើយអាចគេចខ្លួនដោយ សុវត្ថិភាព ។ បញ្ហានេះកំពុងធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាង ខ្លាំងព្រោះក្រុមចោរប្លន់ ប្រដាប់អាវុធ ធ្វើសកម្មភាពយ៉ាងសាហាវ ហើយរហូតមកដល់ ពេលនេះសមត្ថកិច្ចមិនទាន់មាន តម្រុយក្នុងការ វែកមុខ ជនល្មើសដើម្បីយកទីដាក់ទោសតាមច្បាប់នៅឡើយទេ ។

នៅខេត្តព្រៃវែង ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធទៅ នឹងសកម្មភាពប្លន់ ដោយប្រើកាំភ្លើងអាកា ស្វ័យបត់ កាំបិតផ្គាក់ និងពូថៅត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង សហការជា មួយ កម្លាំងនគរបាល ព្រហ្មទណ្ឌស្រុកពារាំងស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។ ករណីនេះក្រុមជនសង្ស័យបានធ្វើ សកម្មភាពប្លន់យកទ្រព្យសម្បតិ្ត ប្រជាពលរដ្ឋក្នុងគ្រួសារ មួយកាល ពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី២៥ ខែតុលា ស្ថិតនៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។ នៅថ្ងៃទី២៦ ខែតុលាសមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យ៣នាក់ក្នុងចំណោម៤នាក់ ដែលធ្វើ សកម្មភាពប្លន់ដែលប្រើកាំភ្លើងអាកា២ដើម កាំបិតផ្គាក់១ និងពូថៅ១ដើរចូល ទៅប្លន់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ យកបានលុយខ្មែរ៣លានរៀល លុយដុល្លារ៨០ដុល្លារ និងមាស៧ជីកន្លះ ។ ការបង្រ្កាប ក្រុមចោរប្លន់នៅខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង ដល់ចំណាត់ការ របស់សមត្ថកិច្ច នគរបាល ហើយពួកគាត់អំពាវនាវឲ្យសមត្ថកិច្ច និងតុលាការដាក់ទោសក្រុមចោរប្លន់ទាំង នោះឲ្យបានធ្ងន់ ធ្ងរ ដើម្បីកុំឲ្យពួកគេធ្វើស កម្មភាពប៉ះពាល់ដល់សន្តិសុខ សង្គមតទៅទៀត ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP