CamNews

ព័ត៌មានជាតិ 

ស្រីស្អាត ២នាក់បងប្អូន ជិះស្កុបពី ត្រូវរថយន្តក្រឡុក ស៊ីម៉ងត៍ បុកពីក្រោយ លើស្ពានព្រះមុនីវង្សថ្មី

ភ្នំពេញ : នារី២នាក់បងប្អូន បានរងរបួស បន្តិចបន្តួច ខណ:ពួកនាង ជិះម៉ូតូមួយ គ្រឿងឌុបគ្នា ចុះពី​លើស្ពាន ព្រះមុនីវង្សថ្មី ក្នុងបំណង ត្រឡប់ទៅលំនៅឋានវិញ ក្រោយពីពួកនាង បានលក់ផ្កា ម្លិះ ប៉ុន្តែ​ពេលនាងជិះមក ដល់ពាក់កណ្តាលស្ពាន ក៏ត្រូវ រថយន្តក្រឡុកសុីម៉ងត៍ បុក និងកិនម៉ូតូពួកនាង តែសំណាងល្អ ពួកនាងខ្ទាត ចេញក្រៅ មិនមានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ គ្រាន់រលាត់ដៃជើងតិចតួច ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ឋត់មួយនេះ កើតឡើងកាលវេលាម៉ោង ១០និង១០នាទី ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៥ ស្ថិតលើស្ពានមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

សាក្សីឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ បាននិយាយថា ឃើញរថយន្តបង្ក និងម៉ូតូនារីរងគ្រោះ ធ្វើដំណើរស្របទិសគ្នា ដោយម៉ូតូបើកនៅមុខរថយន្ត ឡើងស្ពានមុនីវង្សថ្មី ខណ:រថយន្តបង្កបើកឡើង ដល់កណ្តាលស្ពាន ក៏ជ្រុលបុកម៉ូតូពីក្រោយ ហើយនិងកិនម៉ូតូជាប់ បណ្តាលអោយខូចខាតម៉ូតូ មួយកំណាត់ក្រោយ ចំណែកនារី២នាក់ បានខ្ទាតចេញ មិនបណ្តាលអោយរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ។

លោក ហ៊ុល ផាន់ណា មន្ត្រីនគរបាលចរាចរខណ្ឌ បានអោយដឹងថា នារីរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះ នាង បុប្ផា អាយុ ២៤ឆ្នាំ ជាអ្នកបើក និងនាងប្អូន ឈ្មោះ នាង រចនា អាយុ ២១ឆ្នាំ ។ ទាំង២នាក់​បងប្អូន ស្នាក់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ប្រកបរបរ បះផ្កាយកមកលក់តាមទីផ្សារនានាក្នុងក្រុងភ្នំពេញ ។

ចំណែកអ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ ឈ្មោះ គ្រុយ សុខាន់ អាយុ ២១ឆ្នាំ ស្នាក់នៅកន្លែងក្រុមហ៊ុន ដែលមានទីតាំងនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បើតាមឈ្មោះ សុខាន់ បាននិយាយ​​ថា ហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីរថយន្តខ្លួនបើក ជាន់ហ្វ្រាំងមិនជាប់ ហើយការជ្រុលកិនម៉ូតូនេះ គឺមានរថយន្តដឹកហ្គាសមួយ គ្រឿង បានបើកប៉ះម៉ូតូរបស់ ពួកនាង ហើយ​ដួលនៅពីមុខ រថយន្ត និងពួកបានស្ទុះ ងើបចេញពីម៉ូតូហើយ ទើបបានរថយន្ត របស់ខ្លួនទៅ ដល់ ស្របហ្វ្រាំងជាន់មិនជាប់ ក៏កិនពីលើម៉ូតូនោះ មិនប៉ះពាល់ពួកនាងទេ ដោយឡែករថយន្តដឹកហ្គាសដែលបានបុកម៉ូតូអោយដួល នោះ បានបន្ថែមល្បឿន បើកគេចបាត់ទៅហើយ ។

លោក ឯក សារ៉ន អធិការរង ទទួលផែនសណ្តាប់ធ្នាប់ ចរាចរខណ្ឌច្បារអំពៅ បានបញ្ជាក់ថា យោងតាម ហេតុការណ៍ជាក់ស្តែង និងសាក្សីបំភ្លឺ និងសមត្ថកិច្ច បានចុះវាស់វែងកន្លែងកើត សមត្ថកិច្ចសម្រេចយក រថយន្តបង្ក និងម៉ូតូរងគ្រោះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយ សំណង់ដល់ជនរងគ្រោះ ៕

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិោល


Tags: Social News Cambodia PP