CamNews

ព័ត៌មានជាតិ 

ស្រោមអនាម័យ១០ម៉ឺន ចែក​ជូន​មុន​ថ្ងៃ​បុណ្យ​សង្សា​រក្រើន​រំលឹកដល់យុវជន

ភ្នំពេញ៖ ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹង អំពីការបង្ការមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ ឲ្យកាន់តែទូលំទូលាយនិងក្រើនរំលឹកដល់ យុវជននិងយុវវ័យមុនថ្ងៃទិវាក្តីស្រលាញ់១៤កុម្ភៈ(បុណ្យសង្សា) អង្គការ មូលនិធិថែទំាអ្នកជំងឺអេដស៍ នៅទូទំាងពិភពលោកបានរៀបចំយុទ្ធនាការចែកស្រោមអនាម័យចំនួន១០ម៉ឺនស្រោម ដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា ដើម្បីកាត់បន្ថយការចម្លងមេរោគអេដស៍ និងការរើសអើង។

លោកវេជ្ជបណ្ឌិត ស្រី វណ្ណធួន ប្រធានកម្មវិធីមូលនិធិថែទំាងសុខភាពអ្នកជំងឺអេដស៍ ប្រចាំ កម្ពុជា របស់អង្គការ AHF បានមានប្រសាសន៍ក្នុងយុទ្ធនាការចែកស្រោមអនាម័យ នៅពីព្រឹក  ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ថា យុទ្ធនាការធ្វើឡើងដើម្បីក្រើនរំលឹក ដល់ប្រជាជនទូ ទៅចំពោះមេរោគអេដស៍ ពិសេសក្រុមអ្នកប្រឈមមុខខ្ពស់ ដូចជា  ស្រ្តីរកស៊ីផ្លូវភេទ  និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា  បើទោះបីអត្រាអ្នកឆ្លងមេរោគអេដស៍ធ្លាក់មកនៅ កម្រិត ០,៧ ភាគរយក៏ដោយ។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ម៉ម សុផល ប្រធានកម្មវិធីអេដស៍ និងកាមរោគ រាជធានី ភ្នំពេញក៏បានមាន ប្រសាសន៍ផងដែរថា នេះជាយុទ្ធនាការសំខាន់មួយ ក្នុងការចូលរួម យុទ្ធសាស្រ្ត ៣សូន្យរបស់អង្គការសហប្រជា ជាតិ ហើយខាងមន្ទីរសុខាភិបាលក៏ដូចជា នៅទូទំាងប្រទេស ក៏បង្កើតឲ្យយុទ្ធសាស្រ្តជំរុញខ្លំាងក្លាសម្រាប់ការប្រើ ប្រាស់ស្រោមអនាម័យ ឲ្យបាន ១០០ភាគរយផងដែរ។

ពាក់ព័ន្ធថ្ងៃទី១៤ កុម្ភៈ ស្អែកនេះ លោកវេជ្ជបណ្ឌិត ម៉ម សុផល បានបកស្រាយថា គឺជាថ្ងៃនៃក្តីស្រលាញ់រវាង ឪពុកម្តាយ កូន បងប្អូន មិត្តភក្តិនោះទេ មិនមែនបុរស និងស្រ្តីស្រលាញ់គ្នា ហើយប្រគល់ខ្លួនឲ្យគ្នាឡើយ។

បើតាមលោកវេជ្ជបណ្ឌិត ម៉ម សុផល បានបញ្ជាក់យ៉ាងច្បាស់ថា ស្រោមអនាម័យសំខាន់ អាចការពារការឆ្លង មេរោគអេដស៍ កាមរោគ ជំងឺរលាកថ្លើម ពន្យារកំណើត ហើយក៏គ្មាន ថ្នាំណាការពារមេរោគអេដស៍ក្រៅតែពី ស្រោមអនាម័យផងដែរ។

សូមបញ្ជាក់ថាឆ្នាំ២០១៥ អង្គការមូលនិធិថែទំាអ្នកជំងឺអេដស៍ទូទំាងពិភពលោក ក្នុងប្រទេស ចំនួន ៣១ និងជា ពិសេសនៅកម្ពុជា បានរៀបចំយុទ្ធនាការស្រោម អនាម័យអន្តរជាតិ ក្រោមប្រធានបទ  ភាពស្រស់ស្រាយនិង សុវត្ថិភាពជាមួយស្រោមអនាម័យ ដោយរំពឹងថា នឹងផ្តល់ការអប់រំដល់ក្រុមគោលដៅ ២៥.០០០នាក់៕

រូបភាពឯកសារ

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល

 


Tags: Social News Cambodia PP