ភ្នំពេញ៖ កញ្ញា ថ្លុង សុគន្ធារី មកពីរោងចក្រ CHC បានទទួលជ័យលាភីកម្មការិនី សម្រស់ឯកប្រចាំឆ្នាំ២០១៥ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងជាមួយកម្មការិនីប្រមាណ ៩៩នាក់មកពីតាមបណ្តារោងចក្រនានា ដែល សុទ្ធសឹងមានសម្រស់ស្រស់សោភា។ កម្មការិនីសម្រាប់ឯក ថ្លុង សុគន្ធារី ទទួលបានរង្វាន់ជាទឹកប្រាក់ជាង ១ពាន់ ដុល្លារ ហើយនឹងទទួលបានឱកាសថតជាខ្សែវីឌីអូអប់រំខ្លីៗ ដើម្បីលើកកម្ពស់វិស័យការងារ និងសិទ្ធិរបស់កម្មការិនី ថែមទៀតផង។
ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១២៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីប្រ កួតប្រជែងស្វែងរកកម្មការិនីសម្រស់ឯក ដើម្បីជាការលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិរបស់កម្មការិនីរបស់កម្ពុជាផងដែរ។ កម្មការិនីប្រមាណ ៥៩នាក់ ដែលសុទ្ធសឹងមានសម្រស់ស្រស់សោភា មកពីតាមបណ្តារោងចក្រនានា បានដាក់ពាក្យចូលរួមប្រកួតប្រជែង។
ឆ្លងតាមការប្រកួតប្រជែងផ្នែកសម្រស់ កាយវិការ បូករួមនិងការវិនិច្ឆយលើលក្ខណៈសម្បត្តិមួយចំនួនទៀតនោះ ពានរង្វាន់ជ័យលាភីកម្មការិនីសម្រស់ឯង បានធ្លាក់ទៅលើកញ្ញា ថ្លុង សុគន្ធារី មកពីរោងចក្រ CHC ក្នុងរាជធានី ភ្នំពេញ។
ម្ចាស់ជ័យលាភី ថ្លុង សុគន្ធារី ទទួលបានថវិកា ៤លានរៀលពីក្រសួងការងារ, ៣០០ដុល្លារ ពីសមាគមរោងចក្រ កាត់ដេរ (GMAC) និង ៣០ម៉ឺនរៀល ពីគណៈកម្មការ Gender របស់ក្រសួងការងារ។
ចំណាត់ថ្នាក់លេខ២ បានទៅលើកញ្ញា ឈឹម សុនីតា មកពីរោងចក្រ Artnture ទទួលបានប្រាក់រង្វាន់ ៣លាន រៀលពីក្រសួងការងារ, ២០០ដុល្លារពី GMAC និង ២០ម៉ឺនរៀលពីគណៈកម្មការ Gender។
ចំណាត់ថ្នាក់លេខ៣ បានទៅលើកញ្ញា សូរ្រ ស្រីល័ក្ខណ៍ មកពីរោងចក្រ យីងដុង ទទួលបានប្រាក់ ២លានរៀល ពីក្រសួងការងារ, ១០០ដុល្លារពី GMAC និង ១០ម៉ឺនរៀល ពីគណៈកម្មការ Gender។
ចំណាត់ថ្នាក់លេខ៤ និងលេខ៥ ទទួលបានថវិកាស្មើគ្នា ៤០ម៉ឺនរៀលពីក្រសួង ២០ដុល្លារពី GMAC និង ១២ម៉ឺន រៀលពី ក្រុមហ៊ុនទឹកបរិសុទ្ធ Gold Star។ សម្រាប់កម្មការិនី មិនបានជាប់ការប្រកួតប្រជែងនេះ ក៏ទទួលបានរង្វាន់ លើកទឹកចិត្តមួយចំនួនផងដែរ។
ការប្រកួតប្រជែងជ្រើសរើសកម្មការិនីមានសម្រស់ឯកមិនត្រឹមតែជាការចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ តែប៉ុណ្ណោះ តែជាការលើកទឹកចិត្តដល់កម្មការិនីឲ្យមានក្លាហានក្នុងការបង្ហាញនូវសម្រស់ ដែលមានពីធម្មជាតិ របស់ពួកគេ ហើយក៏ជាលើកកម្ពស់សិទ្ធិរបស់កម្មការិនីផងដែរ។ នេះបើតាមការពន្យល់របស់លោក ហេង សួរ អ្នក នាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានបន្តឲ្យដឹងទៀតថា សម្រាប់កម្មការិនីដែលប្រកួតប្រជែងទទួលចំណាត់ថ្នាក់ពី លេខ១ ដល់ លេខ ៥ ពួកគាត់ក៏នឹងទទួលបានឱកាសពីក្រសួងការងារ ដើម្បីថតជាខ្សែវីឌីអូអប់រំខ្លីៗផងដែរ។ វីឌីអូអប់រំនោះ ពាក់ព័ន្ធការលើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករ កម្មារិនីក្នុងវិស័យការងារ ក៏ដូចជាផ្សព្វផ្សាយចំណេះដឹងលើ ច្បាប់ការងារផងដែរ។
លោក ហេង សួរ បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីប្រកួតប្រជែងនេះ មិនមែនជាការរៀបចំឡើងក្នុងន័យលេង សើច ឬចំណាយថវិកាអត់ប្រយោជន៍ ដូចការរិះគន់របស់សហជីពមួយចំនួននោះឡើយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល