ភ្នំពេញ ៖ កម្លាំងកង រាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីធ្វើការ បង្ក្រាបមេក្លោង ជួញដូរគ្រឿង ញៀនដ៏ធំ បានរហូត ជិតកន្លះគីឡូក្រាម និងកាំភ្លើងកែច្នៃមួយដើម រួមនិងដាវសាំម៉ូរ៉ៃមួយ ដើមផងនោះ បានបន្តស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឈានទៅឃាត់ខ្លួន បក្ខពួករបស់ គេបានចំនួន ៣នាក់ បន្ថែម ទៀត កាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នៅក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ ខ្លួនបានបន្ថែម នោះទី១-ឈ្មោះហ៊ូ ម៉េងខេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះស៊ី ឡូហ្សា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខមិនពិតប្រាកដ និងទី៣-ឈ្មោះស៊ុម ប៊េរី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិត ប្រាកដ អ្នកទាំងបីនាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើត ហេតុខាងលើ ។
មន្រ្តី ដដែលបានបន្តថា បន្ទាប់ពីឃាត់ខ្លួន មេក្លោងជួញដូរថ្នាំញៀន បាននោះ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកបំផុត ដើម្បីស្វែងរកបក្ខពួករបស់គេបន្ត រហូតដល់ល្ងាច ថ្ងៃទី២៥ ខែមករា ទើបដឹងថា បក្ខពួករបស់គេ កំពុង តែលាក់ខ្លួន នៅក្នុងទឹកដីខណ្ឌ សែនសុខ នោះក៏ចុះទៅឃាត់ ខ្លួន ដល់ផ្ទះជួលក្នុងភូមិ សង្កាត់កើតហេតុតែម្តង ក្នុងនោះកម្លាំង បានធ្វើការ ឆែកឆេររកឃើញ ថ្នាំញៀន ជិតកន្លះគីឡូក្រាម កាំភ្លើងខ្លីមួយដើម និងម៉ូតូមួយគ្រឿងម៉ាកភីស៊ីអ៊ិច ។
ក្រោយឃាតើខ្លួន ជនសង្ស័យ ទាំងបីនាក់ ត្រូវបានបញ្ជូន ទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ដើម្បីចាត់ការបន្ត។
គួរបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ កម្លាំងករាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវ រហូតឈានទៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មាស សុវណ្ណា ហៅចិន អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថ ធ្វើដកហូតបានម្ស៉ៅ ក្រាមពណ៌ស ជិតកន្លះគីឡូក្រាម និងកាំភ្លើងកែច្នៃ១ដើម ដាវសាំម៉ូរ៉ៃ១ដើមរួមនិងសម្ភារៈមួយចំនួន ទៀតផងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល