ភ្នំពេញ ៖ ដោយមើលឃើញពីការ លំបាករបស់បងប្អូនទូទៅ ដែលជាអ្នកក្រីក្រ ទើបក្រុមយុវជន ហ្វេសប៊ុក បានធ្វើការរៃអង្គាសបា្រក់ ពីបងប្អូនជាមិត្តក្នុងហ្វេសប៊ុក ដើម្បីជួយដល់ពួកគាត់ ទោះជា ការជួយនេះ មិនបានច្រើនក្តី ប៉ុន្តែគឺចង់ បញ្ជាក់ពីសេចក្តីស្រឡាញ់ បងប្អូនជាខ្មែរដូចគ្នា ហើយបាន យក ប្រព័ន្ធទំនាក់ទំនងសង្គមមួយនេះ ធ្វើជាកម្មវិធីមនុស្សធម៌ និងជាប្រយោជន៍មួយដល់សង្គម ជាតិ។
ជាក់ស្ដែង កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ ក្រុមយុវជនហ្វេសប៊ុក បាននាំយកថវិកាចំនួន ១០ម៉ឺនរៀល ដែលទទួលបានពីមិត្ត នៅក្នុងហ្វេសប៊ុកទាំងអស់ និងប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បាននាំយកថវិកា សម្ភារ និងគ្រឿងឧបបរិភោគ មួយចំនួនទៀត ទៅជូនដល់ លោកតា ផ្លុង មឿក អ្នកចម្រៀងអាយ៉ៃ ដែលកំពុងឈឺធ្ងន់ និងវង្វេងស្មារតី ។
ដោយឡែក កាលពីរសៀល ថ្ងៃសៅរ៍ ទី៨ កុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅនោះដែរ ក្រុមយុវជន ហ្វេស ប៊ុក បានទៅជួបសិស្សក្រីក្រចំនួន៣០នាក់ រៀនផ្នែកល្ខោនបាសាក់ នៅសាលាមធ្យមសិក្សា វិចិត្រ សិល្បៈ ក្នុងគោលបំណង ដើម្បីចង់ដឹងពីទុក្ខលំបាករបស់ពួកគេ ។ ក្រោយពីបានសំណេះសំណាល ជាមួយនឹងក្រុមសិស្សានុសិស្ស ក្រីក្ររួចមក ពួកគេក៏បានសំណូមពរក្រុមយុវជនហ្វេសប៊ុកជួយ នូវការខ្វះខាតរបស់ពួកគេដូចជា ១-ខ្វះខាតសម្ភារសិក្សា ២-ខ្វះខាតស្បែកជើងបាតា (៦ដុល្លារ) និងសម្លៀកបំពាក់ ពេលហ្វឹកហាត់ (បោះពុម្ពអាវយឺត) ៣-ថ្នាំសង្កូវ ពេលឈឺថ្កាត់ម្តងៗ ៤-កន្ទេល មុង ភួយ ដាច់រហែក ដោយសារប្រើយូរ ឆ្នាំមកហើយ ៥-ចង់រៀនគួរភាសាអង់គ្លេស សម្រាប់ថ្ងៃ សៅរ៍ និង អាទិត្យ (ក្នុងម្នាក់ ១២.០០០រៀល/មួយខែ ហើយសិស្សភាគច្រើន ជំពាក់គ្រូ ដោយពីរ បីខែ ទើបបង់លុយម្តង ព្រោះខ្វះខាតពេក) ៦-បន្ទប់ស្នាក់នៅរួម ក្តៅ ហប់ ព្រោះកង្ហារខូចអស់ ៧-សុំធ្វើរោងចង្ក្រានមួយ តម្លៃប្រហែល២៥០ដុល្លារ ព្រោះសព្វថ្ងៃដាំស្ល នៅក្នុងបន្ទប់ស្នាក់នៅរួម តែម្តង ៨-ខ្វះខាតអាហារប្រចាំថ្ងៃ (រៃលុយគ្នាម្នាក់៥០០រៀល ឬ១.០០០រៀល ដើម្បីទិញម្ហូប) ។
សម្រាប់ទឹកប្រាក់ ចំនួន១០ម៉ឺន គឺលើកដំបូងហើយ ដែលក្រុមយុវជនហ្វេសប៊ុក បានប្រមែប្រមូល ថវិកាបន្តិចបន្តួច សម្រាប់ ជួយដល់សិស្សក្រីក្រ គ្រាន់ដោះស្រាយបញ្ហាបានខ្លះ ហើយថវិកាទាំង នេះគឺ បានទទួលពីមិត្តភក្តិ សប្បុរសធម៏ ក្នុងហ្វេសប៊ុកនានា។ ពួកយើង និងសង្ឃឹមថា នឹងមានមិត្ត ក្នុងបណ្តាញ ហ្វេសប៊ុកដទៃទៀត ជួយឧបត្ថម្ភ ជាស្បៀងអាហារ និងថវិកា ទៅតាមសទ្ធាជ្រះថ្លា ដើម្បីជួយដល់សិស្សានុសិស្ស ក្រីក្រទាំងអស់ ដែលកំពុងត្រូវការស្បៀងអាហារ និងប្រាក់ ឧបត្ថម្ភ ដើម្បីជាជំនួយក្នុងការសិក្សា ដែលជាទំពាំងស្នងឫស្សី នៃសិល្បៈវប្បធម៌ខ្មែរ កុំឲ្យវិនាសសាបសូន្យ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល