ភាពភ័យខ្លាច តាមលង កែវ ស្រីនិច មិនឱ្យធ្វើពិធីការិនីបាន
ភ្នំពេញ*៖ តារាសម្តែងកញ្ញា កែវ ស្រីនិច បើទោះជាខ្លួន បានប្រឡូកចូលសិល្បៈ អស់ជាច្រើនឆ្នាំមកហើយក្តី ក៏ភាពភ័យខ្លាចរបស់ កញ្ញា នៅតែតាមលងបន្លាចកញ្ញា មិនឱ្យឈានជើង ឡើងលំដាប់តារាជួរមុខបាន ។
កែវ ស្រីនិច មានការភ័យខ្លាចនេះ មិនភ័យខ្លាចដោយខ្មោចព្រាយបិសាច ក៏មិនមានអ្នកតាមធ្វើបាបនោះទេ ការភ័យខ្លាចនេះសំដៅ ទៅលើការភ័យខ្លាច នូវការឡើងឆាកសម្តែង សិល្បៈ ផ្ទាល់ៗ ដែលធ្វើឱ្យនាងភ័យញ័រជើង និយាយមិនចេញ។ បច្ចុប្បន្នតារាស្រីដែល បានចូលសិល្បៈជំនាន់នាង អាចធ្វើជាពិធីករ-ពិធីការិនី តារាចម្រៀងក្រៅពីជំនាញសិល្បៈ ក្រៅពីសម្តែង និង ដើរម៉ូដដែលជា ជំនាញទូទៅរបស់សិល្បករ ដោយឡែក កែវ ស្រីនិច វិញ សូម្បីគេផ្តល់ឱកាសឱ្យឡើងលើឆាក ក៏មិនហ៊ានឡើងដែរ។
បើនិយាយពីរូបសម្ផស្ស ចំណេះដឹង កម្រិត វប្បធម៌វិញ កែវ ស្រីនិច អាចនិយាយបានថា មិនចាញ់ពិធីការិនីមួយចំនួន ដូចជាកញ្ញា ថន លក្ខិណា, កញ្ញា សារ៉ាយ សក្កណា ជាដើម នោះទេ ដែលបច្ចុប្បន្នតារាទាំងនេះ អាចធ្វើពិធីការិនីបានយ៉ាងជំនាញច្បាស់ណាស់ ហើយមកពីភាពភ័យខ្លាច តាមលងនាងតាំងពីចូលសិល្បៈរហូតមកដល់បច្ចុប្បន្ន ។
ចំណុចខ្សោយរបស់នាង ដែលមិនអាចតោងតំណែង ពិធីការិនីត្រូវបានកញ្ញា ប្រាប់មជ្ឈមណ្ឌលដើមអម្ពិលឱ្យដឹងថា
កន្លងមកមានទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ និង លោក ភោ សុផានិត ធ្លាប់បានផ្តល់ឱកាសឱ្យដែរ ដោយសារតែខ្ញុំមាន ភាពភ័យ ខ្លាច និងសំឡេងរបស់ខ្ញុំធំនិយាយ មិនពិរោះ ទើបខកខានមិនបានចាប់យកជំនាញនេះ។
បើទោះជានាងខកខាន ចាប់យកឱកាស ធ្វើជាពិធីករ យ៉ាងណាក្តី ក៏កញ្ញា កែវ ស្រីនិច ប្តេជ្ញាចិត្តថា នាងមិនឱ្យឱកាសល្អនេះ កន្លង ផុតម្តងទៀតទេ ដាច់ខាតខ្លួនត្រូវតែព្យាយាម ធ្វើយ៉ាងណាតាំងចិត្តឱ្យបានកុំឱ្យភាពភ័យខ្លាចនេះ មកតាមលងរូបនាងតទៅ ទៀត ។ ចំពោះសកម្មភាពសិល្បៈប្រចាំថ្ងៃវិញ ត្រូវបាន កែវ ស្រីនិច អះអាងថា ខ្លួនបច្ចុប្បន្ន រវល់គួរសម ដោយក្នុងនោះ មានការសម្តែង ខ្សែភាពយន្តភាគ ថតចម្រៀងខារ៉ាអូខេ និង ដើរបង្ហាញម៉ូដផងដែរ។
កញ្ញា កែវ ស្រីនិច បន្តទៀតថា បច្ចុប្បន្ន នាងកំពុងថតរឿងមួយ ដែលនឹងត្រូវបញ្ចាំងនៅថ្ងៃទី ២៤ ខែមករា នេះ នៅស្ថានីយ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គឺរឿង
ឈូកសរ ហើយគ្រោង នឹងចំណាយពេល ១សប្តាហ៍ ទៀតដើម្បីថតបញ្ចប់។ ក្នុងរឿងនេះដែរ កញ្ញា កែវ ស្រីនិច ដើរតួជាមិត្តភក្តិរបស់តួ ឯកស្រី កញ្ញា នី មុន្នីនាថ ដែលស្រីនិច តួនារី ស្លូតម្នាក់ តែងតែជួយមិត្តភក្តិ ដែលតែងតែរងនូវការធ្វេប្វីបាពីសិស្សស្រីមួយក្រុមផ្សេងទៀត។
សូមជម្រាបផងដែរថា កែវ ស្រីនិច មាន អាយុ ១៩ ឆ្នាំ មានបងប្អូន ២ នាក់ ជាអតីត បវរកញ្ញាឯកប៊្រីសស្តុនឆ្នាំ២០០៨របស់ស្ថានីយ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ។