តាកែវ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាល ខេត្តតាកែវ បានថ្លែងឲ្យដឹងថា កម្លាំងរបស់លោក បានចុះ ស្រាវ ជ្រាវ នៅកន្លែងកើតហេតុភ្លាមៗ ដើម្បីរកមូលហេតុ នៃការវាយធ្វើបាប លើស្រ្តីយ៉ាងព្រៃផ្សៃ ហើយលោកបានបញ្ជាក់ថា នឹងចាប់មន្រ្តីនគរបាលស័កិ្ត៣ និងបងប្អូន៣នាក់ទៀត ដែលបាន វាយធ្វើបាបស្រ្តី ប្រសិនបើ រកឃើញការពិត ។
បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងមន្រ្តីនគរបាលស័កិ្ត៣ម្នាក់ រួមនិងបងប្អូន៣នាក់ ព្រួតវាយធ្វើបាបស្រ្តី ម្នាក់យ៉ាងសាហាវព្រៃផ្សៃ នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវរួចមកនោះ លោកស្នងការខេត្តបានបញ្ជាឲ្យ លោក យ៉ុង ញីវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ និងបានប្រមូលភស្តុតាង សាកសួរប្រជា ពលរដ្ឋ និងសាក្សី ដែលឃើញហេតុការណ៍ ដើម្បីស្វែងរករឿងរ៉ាវនៃការប្រើអំពើហឹង្សា។
គួរបញ្ជាក់ថា ស្រ្តីម្នាក់ត្រូវបានមន្រ្តី នគបាលខេត្តតាកែវ ពាក់សក្តិបីម្នាក់ រួមនិងបងប្អូន៣នាក់ផ្សេងទៀត បានព្រួតគ្នាប្រើ អំពើហិង្សា យ៉ាងសាហាវព្រៃផ្សៃ ដោយយកខ្សែគោចងដៃ និងវ៉ៃរហូតទាល់តែសន្លប់ស្ដូកស្ដឹង ។
ហេតុការណ៍នៃប្រើអំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីស្រ្តីរងគ្រោះឈ្មោះ អេង វិបុល អាយុ៣៧ឆ្នាំ បានរារាំងបុរស ៤នាក់បងប្អូនខាងលើមិនឲ្យរុះរើផ្ទះ នៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលផ្ទះនេះ គាត់បានរស់នៅជាង ៣០ឆ្នាំមកហើយ។
ស្រ្តីរងគ្រោះបានថ្លែងប្រាប់ឲ្យដឹងថា ការនាំគ្នាមករុះរើផ្ទះរបស់គាត់ គឺពុំមានការជូនដំណឹងពីអាជ្ញាធរដែនដី ឬតុលាការនោះទេ ពោលគឺជនដៃដល់ទាំង ៤នាក់ បងប្អូនដែលក្នុងចំណោមពួកគេទាំងអស់នោះ មានម្នាក់ឈ្មោះ ខាត់ ចន្ធី មានតួនាទីជា នគរបាលពាក់សក្តិ៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននាំគ្នាយកខ្សែគោ មកចងគាត់ហើយបានវ៉ៃគាត់ រហូតដល់ សន្លប់ និងបានរុះរើផ្ទះគាត់ឡើងខ្ទេចខ្ទី ព្រមទាំងបានបាត់បង់ទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនធំថែមទៀតផង។
ចំណែកលោក អ៊ុក សំណាង ស្នងការនគបាលខេត្តតាកែវ បានប្រាប់ឲ្យជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅការរិយាល័យ បុគ្គលិក នៃស្នងការដ្ឋាននគបាលខេត្តតាកែវ ហើយសមត្ថកិច្ច និងចាត់វិធានការដោយកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលដែលជនដៃដល់ ប្រើអំពើហិង្សា ដាក់ ស្រ្តីជនរងគ្រោះ និងបាននាំគ្នារុះរើផ្ទះ គេឃើញកម្លាំងនគបាលប៉ុស្តិ៍សង្កាត់រកាក្រៅ២ រួមនិងលោកមេប៉ុស្តិ៍រកាក្រៅ អ៊ូច ថុល ក៏បានមកដល់ ក៏ប៉ុន្តែលោកម៉េប៉ុស្តិ៍ មិនបានឃាត់ជនដៃដល់មិនឲ្យប្រើអំពើហិង្សា លើស្រ្តីជនរងគ្រោះនោះទេ។ ពោលគឺគ្រាន់តែមកមើលមួយភ្លែត ក៏ចេញទៅវិញបាត់ដោយទុកឲ្យជនដៃដល់ ធ្វើអំពើរំលោភច្បាប់យ៉ាងអាក្រក់ជាទីបំផុត។
ពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សានេះ ស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅតុលាការខេត្តតាកែវ ដោយប្ដឹងឈ្មោះ ខាត់ ចន្ធី ជាមន្រ្តីនគបាលខេត្តតាកែវ និងឈ្មោះ ខាត់ ចន្ថា ជាគ្រូពេទ្យព្រមទាំងបក្សពួកពីរនាក់ទៀត ដែលបានប្រើអំពើ ហិង្សាមកលើកូនស្រីរបស់គាត់ ដោយយកខ្សែគោចងស្លាបសេក និងវាយដំយ៉ាងសាហាវយង់ឃ្នង។
ជនរងគ្រោះសូមសំណូមពរឲ្យ លោកស្រីប្រធានសាលាដំបូងខេត្តតាកែវ មេត្តារកយុត្តធម៌ និងផ្ដន្ទាទោសជនដៃដល់ ទៅតាមច្បាប់ផងដែរ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ លោក ខាត់ ចន្ធី មន្រ្តីនគបាលខេត្តតាកែវ មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល