-សមត្ថកិច្ចប្រកាស រកសាច់ញាតិសព អណ្ដែតទឹក
កណ្ដាល ៖ សពបុរសម្នាក់ ត្រូវបានប្រជា ពលរដ្ឋ ប្រទះឃើញស្លាប់អណ្ដែតទឹកទន្លេ បាសាក់ កាលពីវេលាម៉ោង១ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅខាងក្រោយ សាលារៀនសាមគ្គី ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ដោយដៃខាងឆ្វេង របស់សព មានខ្នោះទៀតផង ។
សពជនរងគ្រោះ រហូតមកដល់រសៀល ថ្ងៃដដែលនេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋ មិនទាន់ស្គាល់នៅឡើយទេ ហើយ បាននឹង កំពុងធ្វើការអំពាវនាវស្វែងរកសាច់ញាតិនិង បងប្អូន ដើម្បីបន្ដធ្វើការស្រាវជ្រាវពីមូល ហេតុនៃការស្លាប់ ដែល អាចផ្ដើមចេញពីអំពើ ឃាតកម្មឬមួយយ៉ាងណានោះ ។
មន្ដ្រីនគរបាលស្រុកស្អាង ខេត្ដកណ្ដាល បានឱ្យដឹងថា សពជនរងគ្រោះមានអាយុ ចន្លោះពី៣០ទៅ៤០ឆ្នាំ កម្ពស់ ប្រហែល១, ៥០ម៉ែត្រ មាឌធំ សក់ស្លូត ពាក់អាវពណ៌ លឿង លាយសឆ្នូត មានឡេវ ពណ៌ទឹកប្រាក់ ស្លៀកខោជើងវែង ពណ៌ខ្មៅ មានខ្សែក្រវ៉ាត់ ពណ៌ខ្មៅ ក្បាលពណ៌ស និងស្រោមទូរស័ព្ទ ពណ៌ខ្មៅ ។
តាមការបញ្ជាក់ពីមន្ដ្រីនគរបាលដដែល នេះ នៅលើសពជនរងគ្រោះដៃឆ្វេងមានពាក់ នាឡិកាពណ៌ស និងកដៃមាន ជាប់ខ្នោះទៀត ផង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើនេះ មាន ប្រជាពលរដ្ឋ បានប្រទះឃើញ សពជនរងគ្រោះ អណ្ដែតនៅមាត់ទន្លេបាសាក់ ក្រោយសាលា រៀនសាមគ្គី ទើបសមត្ថកិច្ច បានបង្កើតគណៈ កម្មការ ចម្រុះចុះទៅធ្វើកោសល្យវិច័យ ដើម្បី រកមូលហេតុពិតនៃការស្លាប់ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល