ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម និងឧបករណ៍គាស់ទ្រព្យសម្បត្តិមួយចំនួន បានធ្វើសកម្មភាពគាស់កញ្ចក់ទ្វាររថយន្តម៉ាកកាមរីឆ្លាម ដែលម្ចាស់រថយន្តចតទុកនៅមុខផ្ទះលេខ ៥០៨ BJ បំណងលួច ទ្រព្យសម្បត្តិ តែអកុសលត្រូវម្ចាស់រថយន្តឃើញទាន់ ក៏ស្រែកឆោរឡោរឡើង ធ្វើអោយជនសង្ស័យបាញ់ឡើងលើមួយគ្រាប់ គំរាម ហើយរត់ឡើងជិះម៉ូតូ បើកគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍ខាងលើ នេះកើតឡើង កាលពីវេលាម៉ោង ២ និង ៣០នាទីយប់ឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយ២៤បេតេ ស្ថិតក្នុងភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
យោងតាមសម្តីរៀបរាប់ របស់ម្ចាស់រថយន្ត បានអោយដឹងថា នៅមុនពេលមាន ហេតុការណ៍កើតឡើង គឺដំបូងឡើយម្ចាស់ រថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-7254 បានយកមករថយន្តចតទុក នៅមុខផ្ទះរបស់ខ្លួនដូចធម្មតា លុះមកដល់វេលាកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមិន ចាំម៉ាក បានជិះមកឈប់នៅពីមុខផ្ទះរបស់គាត់ ហើយធ្វើសកម្មភាពកាច់ កញ្ចក់រថយន្តរបស់គាត់បំណងលួច តែអកុសលដោយសារតែរថយន្តរបស់គាត់មានសារ៉ែន ( ឬហៅថា ភ្លើងស៊ីញ៉របញ្ចេញសម្លេង ) ណាមួយគាប់ ជួនពេលនោះគាត់ក៏ទើបតែត្រឡប់មកពីធ្វើការផងនោះ ក៏បានស្រែកឆោរឡោរថា ” ចោរ ”។ ធ្វើអោយជន សង្ស័យទាំងពីរនាក់ខាងលើស្លន់ស្លោរ ហើយជិះម៉ូតូចេញពីចំណុចកើតហេតុបានជាង ១០០ម៉ែត្រ ក៏បានលើក កាំភ្លើងម៉ាក K54 បាញ់ឡើងលើមួយគ្រាប់ ហើយនាំគ្នាជិះចេញទៅបាត់ដោយសុវត្ថិភាព។
ភ្លាមៗនោះផងដែរ សមត្ថកិច្ចក៏បានអោយម្ចាស់រថយន្ត បើករថយន្តរបស់ខ្លួនចូលទៅទុកក្នុងផ្ទះ ចូលទៅក្នុងផ្ទះសម្រាកធ្វើការសម្របសម្រួលអោយផ្ទះរថយន្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែល នាំគ្នាមកចោម រោមមើលចូលទៅសម្រាកក្នុងលំនៅឋានរៀងរាល់ខ្លួនផងដែរ។
ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ជុំវិញ ករណីនេះដែរ គឺក្រោយពេលកើតហេតុភ្លាមៗ គេមិនបានឃើញ សមត្ថកិច្ចមូលដ្ឋាន ជាពិសេស កម្លាំងសមត្ថកិច្ចនគរបាល រដ្ឋបាលបឹងទំពុន ចុះមកអន្តរាគមន៍នោះទេ បែរជាមាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ របស់ខណ្ឌចំការមនចុះមកអន្តរាគមន៍ទៅវិញ ទាំងទីតាំងកើតហេតុជាទឹកដី របស់ខណ្ឌមានជ័យ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល