CamNews

ព័ត៌មានជាតិ 

បញ្ជូនគណៈកម្មការវត្តចំណាស់ម្នាក់ ទៅតុលាការ ពីបទ រំលោភ សេពសន្ថវៈ​អ្នកដាំបាយក្នុងវត្ដ

បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យកម្រិតធ្ងន់ បានបញ្ជូនបុរសចំណាស់ម្នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ពីបទ រំលោភសេពសន្ថវៈ បន្ទាប់សមត្ថកិច្ចនគរបាលស្រុកបាណន់ បានឃាត់ខ្លួនបញ្ជូនមកស្នងការ ខេត្តរួចមក ដោយជនសង្ស័យបានប្រព្រឹត្ត កាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅផ្ទះ ជនរងគ្រោះ ស្ថិតនៅក្រុមទី៥ ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ កន្លងទៅ ។

លោកវរសេនីយ៍ត្រី សេង លុច នាយរង ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តបានឲ្យដឹងថា យោងតាមរបាយ ការណ៍ អធិការស្រុកបាណន់បានឲ្យដឹងថា កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅផ្ទះ ជនរងគ្រោះ ស្ថិតនៅក្រុមទី៥ ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ មានករណីរំលោភសេពសន្ថវៈមួយ បានកើតឡើង ដែលបង្កឡើង ដោយជនសង្ស័យម្នាក់ឈ្មោះ មិន សារុន ភេទប្រុស អាយុ៦៦ឆ្នាំ ជាគណៈកម្មការវត្តបឹងប្រី រស់នៅភូមិ កើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ មានអាយុ៤៧ឆ្នាំ ជាអ្នកដាំបាយក្នុងវត្តជាមួយគ្នា ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានដើរទៅហៅជនរងគ្រោះ ដល់មុខផ្ទះ ឲ្យចុះមក និយាយគ្នាថា ឲ្យជួយដាំបាយវត្ត ដោយអ្នកដាំបាយវត្តម្នាក់ទៀត ជាប់រវល់អត់បានមកវត្តទេ គឺគ្មាននរណាដាំ ទើបមក ហៅជនរងគ្រោះឲ្យមកជួយដាំជំនួស លុះជនរងគ្រោះ ចុះមកដីបាននិយាយគ្នាចប់ហើយ ជនសង្ស័យបានចាប់ជនរង គ្រោះ ផ្តួលនៅលើគ្រែមុខផ្ទះរួចធ្វើសកម្មភាព ចាប់រំលោភរហូតបានសម្រេចម្តង ខណៈប្តីជនរងគ្រោះមិននៅផ្ទះ បន្ទាប់ពីធ្វើសកម្មភាពរួច ក៏បានដើរចេញបាត់ទៅ ។ ក្រោយមករឿងនេះ ក៏បានលេចឮដឹងដល់ប្តី ហើយបានសម្រេច ចិត្ត ប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងហើយ ក៏បានចុះស្រាវជ្រាវ រហូត ឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យកាលពីវេលាម៉ោង ២ និង៤៥នាទីរសៀល ថ្ងៃទី២១ ខែធ្នូ នាំយកមកអធិការ ស្រុកដើម្បីសួរនាំ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភ ជនរងគ្រោះបានសម្រេចម្តងពិតប្រាកដមែន តែជាការ ព្រមព្រៀងគ្នាទេ មិនមែនជាការបង្ខិតបង្ខំឡើយ ។

ទោះជាយ៉ាងក៏ដោយ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យរួចមក សមត្ថ កិច្ចនគរបាលស្រុកបាណន់ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យមកស្នងការនគរបាលខេត្ត កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ នេះ ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ចាត់ការបន្តតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Batambong