ភ្នុំពេញ៖ នារីម្នាក់ ព្រោះតែអន់ចិត្តនិងសង្សារក៏ងរងក់ រត់ទៅអង្គុយ លើបង់ស្ងាត់តែម្នាក់ឯង ត្រូវក្រុមក្មេងស្ទាប ៣ នាក់ ព្រួតវាយយកទូរស័ព្ទអស់ពីរគ្រឿង និងលុយ ១៥ដុល្លារ នៅម៉ោង ១ និង៥០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ នៅលើសួនច្បារមុខណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នារីរងគ្រោះ ខន ស្រីនិត អាយុ ២១ឆ្នាំ ស្នាក់នៅម្តុំបឹងត្របែក ខណ្ឌចំការមន បានរៀបរាប់ប្រាប់ក្រុមអ្នកព័ត៌មាន ពេលរាត្រីថា នៅមុនពេលកើតហេតុវាយប្លន់ទូរស័ព្ទ និងលុយនេះ កញ្ញា និងសង្សារបានទៅអង្គុយញុំអីនៅលើសួន ច្បារ។ លុះប្រហែល ១ម៉ោងក្រោយ កញ្ញា និងសង្សារ ក៏មានជម្លោះឈ្លោះប្រកែកគ្នា សង្សារក៏បានចេញទៅបាត់ សល់តែនាងម្នាក់ឯង។
ខន ស្រីនិត បន្តថា ក្រោយសង្សារចេញទៅបាត់ កញ្ញា បានដើរមកអង្គុយលើបង់ បានមួយសន្ទុះស្រាប់តែលេចមុខ ជនសង្ស័យ ៣នាក់ ដើរមកសុំលុយនាងមិនឲ្យជនទាំង ៣នាក់ ស្ទុះមកច្របាច់កនាងយកលុយ និងទូរស័ព្ទ Sam sung Galaxy Note ១គ្រឿង និង Nokia ១គ្រឿង ហើយរត់គេចខ្លួនបាត់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល