កំពង់ចាម ៖ ប្រជាពលរដ្ឋ ចំនួន៦នាក់ រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម បានមកដាក់ពាក្យបណ្តឹង នៅកន្លែង ប៉ុស្តិ៍នគរបាល ដោយអះអាងថា ពួកគាត់ត្រូវបានចោរមួយក្រុម មកចាប់ចង ហើយគៀងក្របី ឡើងលើ រថយន្ត កាលពីព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ប៉ុន្តែចំពោះករណីនេះ ត្រូវបាននគរបាល មិនទាន់ ជឿទាំងស្រុង នៅឡើយទេ ដោយមានការ សង្ស័យច្រើន អាចថាជារឿងប្រឌិត។
យ៉ាងណាក៏ដោយ ចំពោះ ករណីមួយនេះ មន្រ្តីនគរបាលជំនាញ ថ្នាក់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម និងនគរបាល មូលដ្ឋាន ស្រុកបាធាយ បាននិងកំពុងធ្វើការ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងរកឲ្យឃើញថា តើជារឿងពិត ឫយ៉ាងណានោះ?។
លោក ប៉ុក ណាវី អធិការរងនគរបាល ស្រុកបាធាយ ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ថា លោកមិនទាន់អាច ប្រាប់ថា នេះជារឿងពិត ឫមួយយ៉ាងណា នោះឡើយ ដោយបច្ចុប្បន្ន កំពុងធ្វើការស្រាវជ្រាវ ជាមុនសិន ក្រោយពីមាន ប្រជាពលរដ្ឋ បានមកប្តឹង ។
លោកបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ បានព្រលែងក្របីឲ្យដើរដេក នៅឆ្ងាយៗ ពីផ្ទះហើយ ទីកន្លែងដែលថា ក្របីបាត់នោះ គឺមានចំងាយប្រមាណ១០គីឡូម៉ែត្រពីផ្លូវជាតិ។
ចំពោះករណីនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន មិនទាន់អាចបញ្ជាក់ជាផ្លូវការ ថាតើជាការពិត ឫុមិនពិតនោះឡើយ ដោយស្ថិតក្រោមការស្រាវជ្រាវជាមុនសិន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ពី ដំណើរឿងយ៉ាងដូច្នេះ «មានប្រជាពលរដ្ឋចំនួន៦នាក់ ក្នុងនោះ មានស្រ្តីម្នាក់ បានមកប្តឹងសមត្ថកិច្ច ថា ពួកគាត់ ត្រូវបានក្រុមចោរចាប់ចង ហើយគៀងក្របីជាង៥០ក្បាល ឡើងលើរថយន្តយកទៅបាត់»។
លោកស្នងការបានបន្តទៀតថា ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនេះ គឺសមត្ថកិច្ច កំពុងតែមានការ សង្ស័យ ពីព្រោះពួកគាត់ មានគ្នារហូតទៅដល់៦នាក់ តើក្រុមចោរមានគ្នាប៉ុន្មាន? ដែលបានចាប់ចងនោះ និងម្យ៉ាង ទៀត នៅតំបន់នោះ ជាវាលបឹងទន្លេសាប ជាប់ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ហើយមានប្រវែងជាច្រើនគីឡូម៉ែត្រ គ្មានផ្លូវ ដែលរថយន្ត អាចបើកទៅដល់នោះឡើយ។
ជាមួយគ្នានេះ ការគៀងក្របីជាង៥០ក្បាល ឡើងលើ រថយន្ត វាមិនងាយស្រួល ដូចនាំមនុស្សឡើងនោះឡើយ ពោលត្រូវមានផ្លូវឡើងត្រឹមត្រូវ ។ ស្នងការ នគរបាល ខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរ រហូតមកដល់ពេលនេះ សមត្ថកិច្ច បានរកឃើញក្របី ជាង២០ក្បាល ហើយ និងបន្តស្វែករកទៀត ព្រមទាំងកំពុងស្រាវជ្រាវ ចំពោះករណី មួយនេះ ឲ្យច្បាស់លាស់សិន។
មន្រ្តីនគរបាល ស្រុកបាធាយ បានឲ្យដឹងថា មនុស្សទាំង៦នាក់ ដែលបានមកប្តឹង សមត្ថកិច្ច មានករណី បាត់ក្របីនោះ ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល