CamNews

ព័ត៌មានជាតិ 

បង្ក្រាបទីតាំង រកស៊ីផ្លូវភេទ ជ្រកក្រោម ស្លាកកោស ជប់ម៉ាស្សា ឃាត់ខ្លួន ៨នាក់ នៅសង្កាត់ ទួលទំពូង២

ភ្នំពេញ ៖ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំកម្លាំង ដោយ លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងកោសជប់ ម៉ាស្សា មួយ កន្លែង ដែលមានយីហោ ៨៨៨ ដោយលួចលាក់រកស៊ីផ្លូវភេទ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុង សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីវេលា ម៉ោង៧យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ៨នាក់ ក្នុងនោះមាន ឈ្មោះ ទូច ប្រុស អាយុ៥២ឆ្នាំ និងឈ្មោះ យ៉ុង ធួន អាយុ៣៦ឆ្នាំ ទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា និងជាមេខ្លោង ។ ចំណែកមនុស្សស្រី៦នាក់ផ្សេងទៀត មិនត្រូវបានស្គាល់អត្តសញ្ណាណ ដែលភាគច្រើនជាអនីតិជន មិនទាន់គ្រប់អាយុ ។

ប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា មុនឈានដល់ការចុះបង្ក្រាប គឺសមត្ថកិច្ចបានស្រាវជ្រាវ តាមដានមកជាប់រហូត ទើបនៅថ្ងៃកើតហេតុ ទទួលព័ត៌មានច្បាស់ការណ៍ថា ទីតាំងកោសជប់ម៉ាស្សានេះ មានបង្កប់ ការរកស៊ីផ្លូវភេទនៅពេលយប់ ដោយជ្រកក្រោមអាជីវកម្មម៉ាស្សា ដើម្បីលាក់បាំង ក៏ដូចជាបំភ័ន្ត ភ្នែកអាជ្ញាធរ ។ ទើបពេលនេះ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានី កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបដល់ទីតាំង ខាងលើ ហើយឃាត់ខ្លួនមនុស្សស្រី ដែលរកស៊ីផ្លូវភេទ បានជាក់ស្តែងតែម្តងទៅ ។

នៅចំពោះមុខសមត្ថកិច្ច ទាំង២នាក់ប្តីប្រពន្ធ ដែលជាមេខ្លោងបានប្រកែកថា ខ្លួនមិនបានរកស៊ីដូចដែល សមត្ថកិច្ចចោទនោះទេ ប៉ុន្តែទោះបីជាយ៉ាងណា ទាំង២នាក់ប្តីប្រពន្ឋ រួមទាំងនារីម៉ាស្សា ៦នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន យកទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រងចាំសាកសួរនៅពេលក្រោយ ។

គួរបញ្ជាក់ផងដែរថា ទីតាំងរកស៊ីផ្លូវភេទនៅពេលរាត្រី ដោយជ្រកក្រោមស្លាក កោសជប់ ម៉ាស្សាបែបនេះ មានច្រើនណាស់ ហើយក៏លក្ខណៈទ្រង់ទ្រាយធំជាងនេះទ្វេដងទៅទៀត នៅក្នុងទឹកដីខណ្ឌចំការមន ប៉ុន្តែមិនដែលឃើញអាជ្ញាធរ សមត្ថកិច្ចខណ្ឌចំការមន អើរពើរចុះទៅបង្ក្រាបម្តងណាឡើយ ។ ប្រភព មួយផ្សេងទៀតបានបង្ហើបថា ការដែលសមត្ថកិច្ចមិនចុះបង្ក្រាប ព្រោះពួកគេអាចទទួលលាភសក្ការៈ ណាមួយពីក្រុមអ្នករក ស៊ីបែបនេះ ជារៀងរាល់ខែមិនដែលខានឡើយ ទើបមិនធ្វើការចុះបង្ក្រាប ? ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP