ភ្នំពេញ ៖ កម្លាំងនគរបាលល្បាតប៉ុស្ដិ៍ បឹងកក់ទី២ ខណ្ឌទួលគោក បានបង្ក្រាបនិង ជួយអន្ដរាគមន៍ទាន់ពេលវេលា ចំពោះករណី ឆក់កាបូបមួយ តាមដងផ្លូវសាធារណៈពីនារី សិស្សសាលាម្នាក់ កាលពីវេលាម៉ោង៥និង ១០នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅមុខផ្ទះលេខ៣២ ផ្លូវលេខ២៨៧ ក្រុមទី៧៨ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក ។
ក្នុងហេតុការណ៍ ឆក់កាបូបបានសម្រេច តែរត់មិនរួចពីកណ្ដាប់ដៃ របស់នគរបាលប៉ុស្ដិ៍ បឹងកក់ទី២ខាងលើនេះ បានធ្វើឱ្យនារីរងគ្រោះដួលម៉ូតូ រលាត់ដៃរលាត់ជើងរងរបួស ។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ក្រោយធ្វើ សកម្មភាពនោះ មានឈ្មោះរិទ្ធ ប៊ុនមិនា ហៅឆែប អាយុ២១ឆ្នាំមុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១០ ផ្លូវលេខ ៥៧៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ដោយឡែកនារីរងគ្រោះ ឈ្មោះសេង សុហ្វីយ៉ា អាយុ១៨ឆ្នាំ មុខរបរជាសិស្សវិទ្យាស្ថានវេសស្ទឺន អន្ដរជាតិ ស្នាក់នៅផ្ទះលេខ២៦អា ផ្លូវលេខ៦១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
មន្ដ្រីនគរបាលបានបន្ដទៀតថា មុនពេល កើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាកស្កុប ពី ពណ៌ស គ្មាន ស្លាកលេខ ស៊េរីឆ្នាំ២០១៥តែម្នាក់ឯង ចេញពីសាលារៀន ក្នុងគោលបំណងត្រឡប់ ទៅវិញ លុះពេលជិះ ទៅដល់ចំណុចកើត ហេតុនោះ នារីរងគ្រោះបានដកទូរស័ព្ទចេញពីកាបូប ដើម្បីនិយាយ ស្រាប់តែលេច មុខជនសង្ស័យ មកធ្វើសកម្មភាព ឆក់ រួចបើកគេចខ្លួន ។
ភ្លាមៗនោះ ជនរងគ្រោះបានស្រែកថាចោរៗ ធ្វើឱ្យមានការភ្ញាក់ផ្អើល គាប់ជួនកម្លាំងសមត្ថកិច្ចកំពុងចុះល្បាត បានជួយអន្ដរាគមន៍ និងឃាត់ ខ្លួនបានរូបគេតែម្ដង ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដក ហូតទូរស័ព្ទរបស់ជនរងគ្រោះមកវិញ និងម៉ូតូមួយគ្រឿងម៉ាកស៊ីរូស ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-0212 ដែលជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព ។
អធិការនគរបាលខណ្ឌទួលគោក លោក ហ៊ុន សុធី បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ១១ម៉ោង ពោល ករណី ឆក់ទី១ខាងលើនេះ និងករណីមួយទៀត កាលពីវេលាម៉ោង១១ កម្លាំងនគរបាលរបស់លោក បានបង្ក្រាបមុខ សញ្ញាបានពីរនាក់ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ តុលាការ ផ្ដន្ទាទោសតាម ផ្លូវច្បាប់ ៕