CamNews

ព័ត៌មានជាតិ 

ក្មេងប្រុសម្នាក់ បានបាត់បង់ ជីវិតខណៈដែល ឪពុកម្តាយ ទុកចាំផ្ទះតែម្នាក់ ឯងសង្ស័ថា ជាអំពើឃាតកម្ម

រតនគិរីៈ ក្មេងប្រុសម្នាក់ ឈ្មោះជាន់ គីម អាយុ១១ឆ្នាំ ត្រូវបានស្លាប់ កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ខណៈដែលឪពុកម្តាយ បានចេញទៅខាង ក្រៅ ដោយទុកអោយក្មេង ប្រុសរងគ្រោះខាងលើនេះ ចាំផ្ទះតែម្នាក់ឯង ។ នៅពេលដែល ឪពុកម្តាយក្មេង រងគ្រោះ ត្រឡប់មកផ្ទះវិញ ពួកគាត់ក៏បានឃើញ មានចំណងចងដៃចងជើង និងមានបិទ ម៉ាស់កូន ប្រុសគាត់ក្នុងបន្ទប់ ។

ឃើញសភាពបែបនេះ ពួកគាត់បានស្រាយចំណង រួចបានដឹកកូនប្រុស របស់គាត់មកមន្ទីរ ពេទ្យបង្អែកខេត្ត រតនគិរី ដើម្បីជួយសង្គ្រោះ តែជាអកុសលក្មេង ប្រុសនោះបានស្លាប់ បាត់បង់ជីវិតទៅហើយ ។

បើតាមប្រភព នៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា គ្រួសាររងគ្រោះនេះ ឪពុកមានឈ្មោះ ឆ ថាយ អាយុ៥០ឆ្នាំ ជាអាជីវករ និងម្តាយមានឈ្មោះ ហ៊ុយ ស៊ាង អាយុ៤៨ឆ្នាំ មុខរបរជាអាជីវករដូចគ្នា ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ច មូលដ្ឋាន ក៏ដូចជាលោកព្រះរាជអាជ្ញារង ជា សុភ័ក្ត្រ និងលោកវរៈសេ នីយ៍ឯក ផែន ឌីណា ស្នងការរង និងជាប្រធាន ការិយាល័យកណ្តាលព្រហ្មទណ្ឌបានចុះធ្វើការត្រួតពិនិត្យ ដល់កន្លែងកើតហេតុ បានធ្វើការ សនិ្នដ្ឋានថា ជាអំពើ ឃាតកម្ម។ ទោះជាយ៉ាងណាក៏ដោយកម្លាំង ជំនាញនៃស្នងការនគរបាល ខេត្តរតនគិរីកំពុង ធ្វើការប្រមូល ភស្តុតាង ដូចជាកាមេរ៉ាសុវត្ថិភាព ធ្វើការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវមុន នឹងឈានដល់ ការសន្និដ្ឋាន ឲ្យបានពិតប្រាកដ ។

សូមបញ្ជាក់ផងដែរថា ក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញរហូតដល់ម៉ោង៩យប់ ថ្ងៃទី០៨ខែមេសា មិនទាន់ មានការសន្និដ្ឋានអោយ បានជាក់លាក់នោះទេ។ ប៉ុន្តែលោកវរៈសេនីយ៍ឯកផែន ឌីណា ស្នងការរង និងជាប្រធាន ការិយាល័យកណ្តាលព្រហ្មទណ្ឌ បានប្រាប់មជ្ឈមណ្ឌល ពត៌មានដើមអម្ពិល នៅវេលាម៉ោង៧និង ៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមេសា តាមទូរស័ព្ទថា ករណីខាងលើនេះ កំពុងធ្វើការស្រាវជ្រាវ៕  

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Ratanakiri