ភ្នំពេញ៖ បុរសម្នាក់ ព្រោះទឹកប្តូរនិស្ស័យចូលជ្រាប ពេញប្រាណ បានផ្ទុះកំហឹងវាយតប់ទៅលើអ្នកកាសែតជា ច្រើនដៃ ដោយខឹងអ្នកកាសែតចុះថតយករូបភាពពេលជួបគ្រោះថ្នាក់ចរាចរបន្តិចបន្តួច តែត្រូវប្រជាពលរដ្ឋ និងអ្នកកាសែតស្វាគមន៍វិញម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន និង ស្វាងស្រវឹងវិញផងដែរ។
ហេតុការណ៍វាយតប់គ្នារវាងបុរសចិត្តស្លុយព្រោះតែជាតិសុរា ជាមួយក្រុមអ្នកកាសែត និង ប្រជាពលរដ្ឋ បង្កឲ្យ មានភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង ១០ និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០១៥ ស្ថិត តាមបណ្តោយផ្លូវ២៨៩ ត្រង់កន្លែងសាងសង់ស្ពានអាកាសតិចណូ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅម៉ោងកើតហេតុនេះ មានរថយន្ត Lexus Rx300 ពណ៌ខ្មៅមួយគ្រឿងធ្វើ ដំណើរក្នុងទិសដៅពីជើងទៅត្បូង បានបើកបុកក្បាលស្ពានចុះក្រោមដីថ្មី បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ទៅ។
លុះមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ជិះរថយន្តមក Lexus RX330 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AD- 3839 ដែលស្រវឹងទ្រេតទៅហើយនោះ បានចេញមកតាំងខ្លួនជាក្លាហានមកកាងរថយន្តបង្កហេតុ (Lexus RX300) ដោយបានជេរ និងហាមអ្នកកាសែតទាំងអស់ មិនឲ្យថតរូបភាពនោះទេ។ មិនត្រឹមតែហាម មិនឲ្យថត បុរសមាឌក្រអាញរូបនេះ បានស្ទុះទៅក្របួចកអាវអ្នកព័ត៌មាន ហើយវាយអ្នកយកព័ត៌មានរបស់ទូរទស្សន៍ហង្ស មាស និងអ្នកសារព័ត៌មានផ្សេងៗទៀត ព្រមទាំងចាប់យកកាមេរ៉ាបោកចោលធ្វើឲ្យអ្នកឃើញហេតុការណ៍នៅទី នោះ ព្រមទាំងអ្នកកាសែត ខឹងសម្បាយ៉ាងខ្លាំង។
ដោយទប់កម្សួលកំហឹងនឹងបុរសច្រឡោមខាមនេះមិនបាន ក្រុមប្រជាពលរដ្ឋ រួមនិងអ្នកកាសែត ក៏បានស្ទុះទៅវាយតបតវិញម្នាក់មួយដៃ មួយជើង បណ្តាលឲ្យបុរសសំដីខ្លាបែកមាត់ ឈាមមុខ ហើយសម្តី ក៏ប្រែជាជ្រាយទន់មកវិញ រីឯជាតិសុរានៅក្នុងខ្លួន ក៏ទំនងរសាយផងដែរ។
ក្រោយការប៉ះទង្គិចកម្លាំងនគរបាលបានឃាត់ខ្លួនជនដែលជិះរថយន្តទំនើបនោះ ទៅសួរនាំនៅប៉ុស្តិ៍ទឹកល្អក់ទី១ ខណ្ឌទួលគោក ព្រោះបានវាយអ្នកកាសែត និង បោកកាមេរ៉ាទៀតផង។ បុរសដែលកាង ហើយត្រូវគេវាយនោះ ទំនងជាមន្រ្តីនគរបាល ឬ យោធា៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល