CamNews

ព័ត៌មានជាតិ 

ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ មិនទាន់ដឹងមូលហេតុ (មានវិដេអូ)

-អាន ៖ ព័ត៌មានទាន់ហេតុការណ៍ ៖ វីដេអូ ផ្សាយផ្ទាល់ ពីកន្លែង ធ្លាក់ឧទ្ធម្ភាគចក្រ នៅព្រៃស មុននេះបន្តិច

ភ្នំពេញ ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ កាល ពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៤ ។

ប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា នៅក្នុងឧទ្ធម្ភាគចក្រនោះ មានមនុស្សជិះ ចំនួន៦នាក់ ហើយក្នុងនោះ ៥នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលធ្លាក់នេះ ផលិតប្រទេសចិន ហើយទើបនឹងយកមកប្រើ នៅអង្គភាព ហ្វឹកហ្វឺនយោធា ទ័ពអាកាស ៩០៤ ។ ហើយឧទ្ធម្ភាគចក្រនេះអាចផ្ទុកមនុស្សបាន៨នាក់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះ ធ្លាក់នេះ គឺ ធ្លាក់ចំរណ្តៅដី ហើយលិចបាត់តែម្តង ។

ប្រភពព័ត៌មានពីជនរងគ្រោះម្នាក់ ដែលបានលោតចុះពីលើឧទ្ធម្ភាគចក្រ មុនកើតហេតុបាននិយាយថា គ្នារបស់គេនៅក្នុងឧទ្ធម្ភាគចក្រចំនួន៥នាក់ ។

រហូតមកដល់ម៉ោង១០និង២៥នាទីនេះ ជនរងគ្រោះទាំង៥នាក់ មិនទាន់ត្រូវបានយកចេញពីក្នុងឧទ្ធម្ភាគចក្រនៅនៅឡើយទេ ។

លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ង៧០ បានឲ្យដឹងថា កម្លាំងរបស់លោកកំពុងបញ្ជូនអូរប័រ ដើម្បីទៅជួយសង្រ្គោះ កន្លែងធ្លាក់ឧទ្ធម្ភាគចក្រនោះហើយ ។ ជនរងគ្រោះដែលរងរបួសត្រូវបានលោកឧត្តមសេនីយ៍ប្រាប់ថា បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានពីសាក្សី នៅជិតកន្លែងកើត ហេតុបាននិយាយថា  ឧទ្ធម្ភាគចក្រខាងលើនេះ អាចផ្ទុះ ព្រោះមានបំណែកជា ដូចជាកៅអី បានខ្ទាតចេញ និងបំបែកខ្លះទៀតនៃឧទ្ធម្ភាគចក្រ ។

ប្រភព័ត៌មានបានឲ្យដឹងថា ឧត្តមសេនីយ៍ទោ អ៊ុក វ័ន្តហា ជាអ្នកបើកបករជើងចាស់មួយរូប និងឧត្តមសេនីយ៍ត្រី អៀង វណ្ណរិទ្ធ មេបញ្ជាការកងឧទ្ទម្ភាគចក្រ និងជាស្នងការរងបច្ចេកទេស ត្រូវបានស្លាប់ ។

ប្រភពព័ត៌មានពីមន្រ្តីកងព័ទ្ធអាកាស បានឲ្យដឹងថា អ្នកបើកបរទាំង៥នាក់ខាងលើនេះ ទើបតែរៀនបាន៦ខែ ហើយមានអាយុចាប់៤០ឆ្នាំ ឡើង ៦០ឆ្នាំ ។

នៅកន្លែងកើតហេតុ គេឃើញវត្តមាន លោក ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយ និងរាជរដ្ឋាភិបាល រួមទាំងមេបញ្ជាការកងពលលេខ៩៩ ក៏បានទៅជួយអន្តរាគមន៍ផងដែរ ។

នៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនទាហានចំនួន៣០០នាក់ និងរថយន្តសង្រ្គោះបន្ទាន់ចំនួន៦គ្រឿង និងដឹកនាំបញ្ជាផ្ទាល់ដោយលោក នាយឧត្តមសេនីយ៍ មឹង សំផន និងលោក ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន។

ខណៈនោះយោធា កងពលតូចលេខ៩៩ បានហែលទៅយកកៅអី ដែលកំពុងអណ្តែតនៅក្នុងរណ្តៅដីហើយ។

ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ជនរងគ្រោះទាំងអស់រួមមានឈ្មោះ ឧត្តមសេនីយ៍ទោ  អ៊ុក វ័ន្តហា លោកឧត្តមសេនីយ៍ត្រី  អៀង ចាន់រិទ្ធ លោកវរសេនីយត្រី ថន វណ្ណឌី លោកវរសេនីយ៍ត្រី ខាំ ប៊ុនណាន និងលោកនាយសំណង់  ធេង សុខសំបូរ (រស់)។

នៅពេលនេះឧទ្ធម្ភាគចក្រមួយគ្រឿង បានស្ទូចអូរប័រ ដាក់ចុះទៅក្នុងរណ្តៅដី ដែលគិតពីជម្រៅទឹក ប្រហែល២០ម៉ែត្រឯណោះ ដោយមិនទាន់គិតពី មាត់ណ្តៅជិត១០ម៉ែត្រទៀតនោះ។

ម្ចាស់រណ្តៅដីនេះ ត្រូវបានគេដឹងថា មានឈ្មោះអ៊ុក ឡាឌី ។

ជុំវិញការធ្លាក់ឧទ្ធម្ភាគចក្រខាងលើនេះ  មេបញ្ជាការរងកងទ័ពជើងអាកាស លោក ឧត្ដមសេនីយ៍ឯក យិន សុខា មិនទាន់អាច បញ្ជាក់ពីមូលហេតុ នៅឡើយទេ ដោយរង់ ចាំការស្រាវជ្រាវ និងស៊ើបអង្កេតជាមុនសិន។

ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅកន្លែងកើតហេតុមុននេះបន្ដិច លោកឧត្ដមសេនីយ៍ឯក យិន សុខា  បានបញ្ជាក់ថា“មិនទាន់ដឹងជាក់ លាក់នៅឡើយទេ” ។

បើយោងតាមឧត្ដមសេនីយ៍រូបនេះ ឧទ្ធម្ភាគចក្រដែលធ្លាក់ គឺស្ថិតនៅក្នុងដំណាក់កាលហ្វឹកហ្វឺន ហើយជនរងគ្រោះម្នាក់ដែលស្លាប់នោះ គឺជាគ្រូបង្វឹក ។

ព័ត៌មានលំអិតផ្សាយជូនបន្ដិចទៀតនេះ

-អាន ៖ ព័ត៌មានទាន់ហេតុការណ៍ ៖ វីដេអូ ផ្សាយផ្ទាល់ ពីកន្លែង ធ្លាក់ឧទ្ធម្ភាគចក្រ នៅព្រៃស មុននេះបន្តិច

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news