CamNews

ព័ត៌មានជាតិ 

រដ្ឋមន្ត្រី៖ តម្លៃការហៅទូរស័ព្ទ អាចនឹងថោកជាង៤,៥សេន ក្នុង១នាទី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន បានថ្លែងនៅល្ងាចនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ឲ្យដឹងថា ការកំណត់តម្លៃសេវាទូរស័ព្ទ តាមប្រកាសអន្តរក្រសួងលេខ២៣២ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៩ ដោយកំណត់យក ៤,៥ សេនក្នុង១នាទីសម្រាប់ក្នុងប្រព័ន្ធ និង ៥,៩៥សេន សម្រាប់ក្រៅប្រព័ន្ធ នឹងត្រូវកែប្រែថ្មី ដោយអាចនឹងថ្លៃថោកជាង ៤,៥សេនក្នុង១នាទី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការសម្រេចរបស់រាជរដ្ឋាភិបាល ទាក់ទង នឹងបញ្ញត្តិកម្មលើសេវា កម្មទូរស័ព្ទ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ការដាក់ចេញរបស់រាជរដ្ឋាភិបាល ដោយកំណត់តម្លៃទូរស័ព្ទស្រប តាមប្រកាសលេខ ២៣២ ចុះកាលពីឆ្នាំ២០០៩ នោះ គ្រាន់តែជាវិធាន ការណ៍ បណ្តោះអាសន្នប៉ុណ្ណោះ ខណៈក្រសួងប្រៃសណីយ៍ បានរយៈបញ្ញត្តិករទូរគមនាគមន៍ (TRC) កំពុងសហការជាមួយប្រតិបត្តិករ ដែលជាក្រុមហ៊ុនទូរស័ព្ទធ្វើការសិក្សា នឹងកំណត់តម្លៃថ្មី ដែលនឹង លេចចេញ ជារូបរាងនាពេលខាងមុខ។

លោកប្រាក់ សុខុន បានបញ្ជាក់ថា «វិធានការណ៍នេះ (កំណត់តម្លៃតាមប្រកាស អន្តរក្រសួង២៣២) មិនងាប់នៅត្រឹមហ្នឹងទេ ជាវិធានការណ៍បណ្តោះអាស្ននប៉ុណ្ណោះ ដើម្បីធ្វើឲ្យបរិយាកាសនៅ ក្នុងទីផ្សារ ទូរគមនាគមន៍ មានស្ងប់ស្ងាត់ឡើងវិញ ដោយសារតែមានការប្រកួត ប្រជែងជ្រុលខ្លាំងពេកនេះហើយ ទើបរដ្ឋសំណូមពរធ្វើយ៉ាងម៉េច ឲ្យមានភាពស្ងប់ស្ងាត់វិញ ឲ្យក្រុមហ៊ុនទាំងឡាយបែរមក គោរពនូវអ្វី ដែលជាការត្រឹមត្រូវ និងបទបញ្ញាតិច្បាប់ទាំងឡាយ ដែលរដ្ឋបានដាក់ចេញផង។ កន្លងទៅមាន ក្រុម ហ៊ុនមួយចំនួន នៅតែបំពាន ឥឡូវតទៅមុខបើថា បំពានទៀត សូមជម្រាបឲ្យហើយ រដ្ឋរក្សាសិទ្ធិក្នុង ការអនុវត្ត នូវវិន័យម៉ឺងម៉ាត់»។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា «រដ្ឋាភិបាលក៏បានប្រគល់សិទ្ធិជូនTRC ជជែកជាមួយប្រតិបត្តិករនានា ហើយធ្វើការសិក្សាបន្ថែមទៀត ដើម្បីពិនិត្យកែសម្រួលការកំណត់ថ្លៃនេះ អីចឹងឥឡូវយើងកំណត់ថា ៤,៥សេន ក្នុងការហៅក្នុងប្រព័ន្ធ ប៉ុន្តែការកំណត់តាំងពី២០០៩ បច្ចេកវិទ្យាទូរគមនាគមន៍ ដើរលឿន ណាស់ មួយឆ្នាំទៅមួយឆ្នាំ ដោយសារតែបច្ចេកវិទ្យា ជឿនលឿន ទំនើប និងការដាក់ទុនវិនិយោគ របស់ក្រុមហ៊ុនជាច្រើន ដើម្បីកែលម្អសេវារបស់ខ្លួន អាចថាតម្លៃនេះ វាថោកជា៤,៥សេនក្នុង១នាទី»។

លោកបន្ថែមទៀតថា TRC បានចាប់ផ្តើមនូវជំហានមួយចំនួនហើយ ដើម្បីធ្វើការងារលើការសិក្សានៃ ការកំណត់តម្លៃសេវាកម្មទូរស័ព្ទនេះ។

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការបកស្រាយជុំវិញ ការកំណត់តម្លៃសេវាកម្ម ទូរស័ព្ទថា ក្រុមហ៊ុនមួយចំនួនបានកំពុង ធ្វើការប្រកួតប្រកួតប្រជែង មិនស្មោះត្រង់នៅក្នុងទីផ្សារ ទូរគមនាគមន៍កម្ពុជា ដោយយកសេវាទូរស័ព្ទថោកជាងថ្លៃដើម។ ថ្លៃដើមដែលក្រុមហ៊ុនទូរស័ព្ទ ទាំងអស់កាលពីឆ្នាំ២០០៩ បានព្រមព្រៀងគ្នា កំណត់តម្លៃ ៤,៥សេនក្នុងប្រព័ន្ធ និង ៥,៩៥សេន សម្រាប់ក្រៅប្រព័ន្ធ។

លោកថា ការកំណត់តម្លៃនៃការហៅចេញថោក ជាងថ្លៃដើមហួសហេតុកំពុង តែកើតមាននៅកម្ពុជា សព្វថ្ងៃ ដែលជាបច្ចេកទេសមួយដែល ក្រុមហ៊ុនប្រើសម្រាប់ដណ្តើមយកផ្តាស់មុខ ដើម្បីវាយសម្លាប់ គូប្រជែង ដោយថ្ងៃក្រោយនៅសល់តែក្រុមហ៊ុន១ ឬ ២ស្ថានភាពនឹងក្លាយជាអាក្រក់។  

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការប្រកួតប្រជែក លក្ខណៈមិនស្មោះត្រង់បង្ក ហានិភ័យយ៉ាងច្រើនដល់ សង្គម៖ ទី១ - ខុសទៅនឹងច្បាប់ និងវិធានរបស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ដោយកំណត់ កុំឲ្យមាន ការទម្លាក់តម្លៃទាបជាងថ្លៃដើម។ ទី២-ការកើនឡើងបទល្មើស នៃការតភ្ជាប់បណ្តាញទូរស័ព្ទ អន្តរជាតិតាមរបៀបខុសច្បាប់ ដែលប្រើប្រាស់វិធីស៊ីមប៉ុក មកពីតម្លៃសេវាទូរស័ព្ទទាបខ្លាំងពេក។ ទី៣-ការធ្លាក់ចុះនៃគុណភាព បានសេចក្តីថា តម្លៃកាន់តែថោក គុណភាពកាន់តែធ្លាក់ចុះ។ និង ទី៤-បច្ឆ័យអាក្រក់នៃការប្រកួតប្រជែង មិនស្មោះត្រង់ នៃក្រុមហ៊ុននេះ គឺការដួលរលំរបស់ក្រុមហ៊ុន ហើយការដូលនេះធ្វើឲ្យនិយោកជិតអត់ការងារធ្វើ បុគ្គិលអត់ការងារ អ្នកប្រើប្រាស់ទូរស័ព្ទ បាត់សេច ក្តីទុកចិត្តប្រតិបត្តិករ។

ដោយឡែកសម្រាប់ចំណូល ដែលបានមកពីវិស័យទូរគមនាគមន៍នេះ ត្រូវបានតំណាងអគ្គនាយក ដ្ឋានពន្ធដារបានដឹងថា ក្នុងមួយឆ្នាំៗទទួលបានប្រហែលជាង ៨០លានដុល្លារអាមេរិក។ រយៈពេល ៥ឆ្នាំចុងក្រោយនេះ ត្រូវបានគត់សម្គាល់ថា ចំណូលដែលបានមក ពីវិស័យទូរគមនាគមន៍ មិនការ កើនឡើងនោះទេ បើទោះចំនួនអ្នកប្រើប្រាស់ ការកើនឡើងក្តី ។ ឆ្នាំ ២០០៨ ប្រជាជនកម្ពុជា ប្រើ ប្រាស់ទូរស័ព្ទមាន ៣,៥លានស៊ីម ខណៈឆ្នាំ២០១២ កើនដល់ប្រមាណ ១៩លានស៊ីមកាត។ 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនទូរស័ព្ទ ចំនួន ៩ក្រុមហ៊ុន កំពុងដំណើការ ក្នុងនោះរួមមាន ក្រុមហ៊ុនទូរស័ព្ទ អចល័តចំនួន ២ និង ក្រុមហ៊ុនទូរស័ព្ទ ចល័តចំនួន ៧ រួមមានក្រុមហ៊ុនម៉ូប៊ីថែល , មិត្តហ្វូន, ប៊ីឡាញ , ស្មាតម៉ូបាល, ឃ្យូប៊ី , អ៊ិចហ្សែល និង ខូតែល។ យ៉ាងហោចណាស់ ស៊ីមកាត ប្រមាណ ២០លាន ត្រូវបានប្រជាជននៅកម្ពុជា ប្រើប្រាស់នាពេល បច្ចុប្បន្ននេះ៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ