CamNews

ព័ត៌មានជាតិ 

សហជីព អន្តរជាតិ ទាមទារ ឲ្យមានការ ដោះលែង សកម្មជន និងកម្មករ ២៣នាក់

ភ្នំពេញ៖ សហជីពអន្តរជាតិ នៅថ្ងៃទី១៣ ខែមករានេះ បានទាមទារឲ្យមានការដោះលែងសកម្មជន និងកម្មករ២៣នាក់ ដែល ត្រូវបានជាប់ឃុំខ្លួន ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា នៅផ្លូវវេងស្រេង។

លោកJaap Wienen អគ្គលេខាធិការង នៃសម្ព័ន្ឋសហជីពអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌ មាន នៅរសៀលថ្ងៃទី១៣ ខែមករា បន្ទាប់ពីជួបជាមួយមន្រ្តីក្រសួងការងារកម្ពុជា ថាសហជីពអន្តរជាតិ មានការព្រួយបារម្ភ ពីសុវត្ថិភាពកម្មករកម្ពុជា នាពេលបច្ចុបន្បន្ន ខណៈដែលថ្មីនេះៗ ពួកគេត្រូវបាន បង្រ្កាប បាញ់សម្លាប់ ចាប់ចងដាក់ឃុំ ក្នុងរឿងដែលពួកគេទាមទារ ប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយ ខែ។

លោកថា លោកស្វាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគណៈកម្មការ ស៊ើបអង្កេតករណីប៉ះ ទង្គិច រវាងកម្មករនិង សមត្ថកិច្ច តែលោកទាមទារឲ្យមានគណៈកម្មការមួយ ដែលមានប្រសិទ្ធភាព។

លោកថា “យើងក៏បានទាមទារ ឲ្យមានការដោះលែងសកម្មជន និងកម្មករ២៣ ដែលត្រូវបានចាប់ ខ្លួនយកទៅឃុំឃាំង។ យើង ចង់បញ្ជាក់ថា សហជីពអន្តរជាតិគាំទ្រ ក្នុងការរកយុត្តិធម៌ ដល់កម្មករ និងទាមទារដាច់ខាត មិនឲ្យមានអំពើហិង្សាណាមួយ ដល់កម្មក”។ លោកបន្ថែមថា តាមពិតកម្មករ គួរត្រូវបានទទួលប្រាក់ឈ្នួល ២០០ដុល្លារ ក្នុងមួយខែ ឬប្រហែលជា ២៦០ដុល្លារ។

ជាមួយគ្នានេះដែរ លោក រ៉ុងឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ដែលតែងតែដើរតួ ជាអ្នកទាម ទារប្រាក់ឈ្នួលកម្មករ បានប្រាប់ ក្រុមអ្នកសារព័ត៌មានផងដែរថា លោក Jaap Wienen តំណាងឲ្យ សហជីពអន្តរជាតិ បានមកកម្ពុជារយៈពេល ៤ថ្ងៃ ដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកការពិត ចំពោះ ព្រឹត្តិការណ៍ហិង្សានៅផ្លូវវេងស្រេង និងការទាមទារឲ្យមានប្រាក់ឈ្នួលកម្មករ ផងដែរ។

លោកថា “ខ្ញុំយល់ឃើញថា គាត់បានដើរតួនាទីសំខាន់ ក្នុងការការពារកម្មករ ជាលក្ខណៈអន្តរជាតិ ហើយខ្ញុំសូមបញ្ជាក់ថា ថ្ងៃស្អែកនឹងទៅបំភ្លឺ នៅតុលាការតាមការកោះផងដែរ”៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ