CamNews

ព័ត៌មានជាតិ 

អំពើហឹង្សាក្នុងគ្រួសារ ប្ដីកាប់សម្លាប់ប្រពន្ធ និងយកសាំងដុត កំទេចសព រួចរត់ទៅចង ក សម្លាប់ខ្លួនឯង

កណ្ដាល ៖ អំពើហឹង្សា ក្នុងគ្រួសារមួយ បានកើតឡើង បណ្ដាលឲ្យប្ដីប្រពន្ធ ពីរនាក់ស្លាប់ ខណៈដែលមុនពេលកើតហេតុ បុរសជាប្ដី បានយកកាំបិតកាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាម រួចបានយកសាំងមកចាក់ ដុតសពប្រពន្ធ ជាក្រោយ ។ បន្ទាប់ពីធ្វើសកម្មភាពរួច បុរសកំណាចរូបនេះ បានរត់គេចខ្លួន១យប់ ប៉ុន្តែព្រឹក ថ្ងៃទី៤ ខែធ្នូ នេះ ត្រូវបានអ្នកស្រុកប្រទះឃើញ ចងកសម្លាប់ខ្លួន នៅលើដើមអំពិលទឹកបារាំង ធ្វើអត្តឃាតតាមក្រោយ ដើម្បីគេចពីការទទួលខុសត្រូវ។

ហេតុការណ៍ជម្លោះក្នុងគ្រួសារ ឈានដល់អំពើឃាតកម្ម យ៉ាងរន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលា៧យប់ នៅលើទំនប់ទទឹងថ្ងៃ ក្នុងភូមិ កប៉ាលគឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ ពុំ ស្រៀង និងប្ដីជាឃាតកឈ្មោះ ឈុន ហន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះឈុន ហន (ជនសង្ស័យ) បានសុំលុយ ប្រពន្ធ (ជនរងគ្រោះ) ចំនួន១ម៉ឺនរៀល យកទៅលេងបៀ ពេលលេងចាញ់អស់ ក៏មកផ្ទះហើយបានសុំលុយប្រពន្ធចំនួន ១ម៉ឺនរៀលថែមទៀត ដើម្បីយកទៅលេងបៀរ ទៀត ហើយក៏មានទំនាស់ ពាក្យសំដីឈ្លោះប្រកែកគ្នា នៅម៉ោង ១៧ល្ងាច ទាំងពីរនាក់ប្តីប្រពន្ធ បានទៅប្តឹង សមត្ថកិច្ចនៅប៉ុស្តិ៍រដ្ឋបាល ដែលមាន ចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះ ដើម្បី ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ជួយ ដោះស្រាយ ក្រោយពីប៉ុស្តិ៍រដ្ឋបាលសំរុះសំរួល និងធ្វើកិច្ច សន្យាកុំឲ្យឈ្លោះប្រកែកគ្នាទៀត ទាំងពីរនាក់ប្តីប្រពន្ធ ក៏វិលត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោង១៩ ជន សង្ស័យ បានកាប់ប្រពន្ធ បណ្តាលស្លាប់នៅខាងក្រោយផ្ទះនិង បានដុតសព ជនរង គ្រោះឆេះខោអាវអស់ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួន ។

 លុះមកដល់ព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៤នេះ មានប្រជាពលរដ្ឋទៅច្រូតស្រូវ បានប្រទះឃើញបុរសជាប្ដី ចងក សម្លាប់ខ្លួន នឹងអង្រឹងស្បៃមង នៅលើដើមអំពិលបារាំងស្លាប់។

ក្រោយពីសមត្ថកិច្ច បានពិនិត្យសាកសព រួចរាល់ ឃើញថា ជនរងគ្រោះ ពិតជាចងក ដោយខ្លួនឯង ពិតប្រាកដមែន៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal