ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឯកភាព និង សម្រេចកាត់ប្រាក់ទទួលបានពីការ ពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក ប្រមាណ ៩៥ភាគរយ ជូនដល់មន្រ្តីនគរបាលចរាចរណ៍ ដែលជាអ្នកអនុវត្ត ច្បាប់ ដើម្បីជាការលើកទឹកចិត្ត និងជួយធ្វើឲ្យការអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីកាន់តែមានប្រសិទ្ធភាពខ្ពស់។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងទៅតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ។
ក្នុងលិខិតផ្ញើជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទើបទទួលបាននៅថ្ងៃទី១៧ ខែ សីហា នេះ សម្តេចក្រឡាហោម ស ខេង បានស្នើសុំសម្តេចតេជោ ហ៊ុន សែន កាត់ប្រាក់ទទួលបានពីការពិន័យបទ ល្មើសចរាចរណ៍ផ្លូវគោក ៩៥ភាគរយ ជូនមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលបានបំពេញភារកិច្ចនៅនឹងកន្លែង និងផ្តល់ជូនអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ហើយ ៥ភាគរយផ្សេងទៀតផ្តល់ជូនក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ សម្រាប់ចំណាយក្នុងសេវាបោះពុម្ពបណ្ណពិន័យ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការកាត់ប្រាក់ពិន័យ ៩៥ភាគរយ ដើម្បីកសាងអង្គភាពនគរបាល ចរាចរណ៍ផ្លូវគោកឲ្យមានការអភិវឌ្ឍន៍រីកចម្រើន និង ដើម្បីលើកទឹកចិត្តថែមទៀត ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវ គោក ឲ្យខិតខំបំពេញភារកិច្ចពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានា ដល់ការទប់ស្កាត់បទល្មើសចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យកាន់តែ ល្អប្រសើរ។
សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសអន្តរក្រសួងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០ ថវិកាទទួលបានពីការ ពិន័យបទល្មើសចរាចរណ៍ផ្លូវគោក តែ ៨០ភាគរយប៉ុណ្ណោះ ត្រូវបានផ្តល់ជារង្វាន់ដល់អង្គភាពប្រតិបត្តិការ និង នគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តន៍ផ្ទាល់ ហើយថវិកា ២០ភាគរយទៀត ត្រូវបង់ចូលជាថវិការដ្ឋ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល