ភ្នំពេញ ៖ ក្រុមហ៊ុន លឹម ម៉ៅ ទទួលម៉ៅការធ្វើផ្លូវ គឺជាក្រុមហ៊ុនមួយ ទទួលការស្ថាបនាផ្លូវបេតុង
ទាំងគ្មានឆ្អឹងដែក និងមានឆ្អឹងដែក ឬឆ្អឹងឬស្សី ក៏ដោយក្រុមហ៊ុនមួយនេះ ទទួលធ្វើបានទាំងអស់
នៅក្នុងខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញ ជាពិសេស នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ ប៉ុន្តែក្រុមហ៊ុន
មួយនេះត្រូវបានបងប្អូនប្រជា ពលរដ្ឋមានការរិះគន់ថា ស្ថាបនាផ្លូវគ្មានគុណភាព មិនគោរពតាម
បទដ្ឋានបច្ចេកទេស។
ប្រជាពលរដ្ឋលើកឡើងបែបនេះ ខណៈពួកគាត់បានឃើញក្រុមហ៊ុន លឹម ម៉ៅ កំពុងស្ថាបនា ផ្លូវ
បេតុងគ្មាន សរសៃដែក០១ខ្សែ ប្រវែង៣២៤ម ទទឹង៤ម កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិ
ក្រពើទ្រោម សង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
ដោយចាប់ផ្តើមចាក់បេតុង កាលពីថ្ងៃទី១៣ខែ សីហា នឹងគ្រោងឲ្យរួចរាល់នៅថ្ងៃទី២០ ខែសីហា
ឆ្នាំ២០១៣ ដោយប្រើពេលតែ ១ សប្តាហ៍ប៉ុណ្ណោះ ។
តាមការឲ្យដឹង ពីប្រជាពលរដ្ឋដែលឈរមើល ការដ្ឋានស្ថាបនាបានរិះគន់ក្រុមហ៊ុន លឹមម៉ៅ ថា
ធ្វើផ្លូវឲ្យ រួចតែពីដៃ ដោយគ្មានការឈូសឆាយ ធ្វើគ្រឹះផ្លូវអោយបានល្អ មុននឹងចាក់បេតុងនោះទេ
ហើយរហូតមកដល់ពេលនេះ ការដ្ឋានកំពុងដំណើរការ ទើបតែបានប្រមាណ២០%ប៉ុណ្ណោះ។
ប្រភពព័ត៌មានពីអ្នកភូមិប្រាប់បន្តថា ការធ្វើផ្លូវបេតុងសព្វថ្ងៃនេះ គឺគ្រាន់តែរៀបដាក់របាំងកំណត់
កំរាស់ផ្លូវ រួចចាក់បេតុងនៅលើផ្លូវនោះ ចង់ផ្លូវនេះ មានភក់ ឬទឹកដក់ មានត្លុកក៏ដោយ គឺគ្រាន់តែ
លប់ដីខ្សាច់ពីលើ ឲ្យស្មើ រួចចាក់បេតុងពីលើជាការស្រេច ។
ប្រជាពលរដ្ឋនៅទីនោះ បានខ្សឹបខ្សៀវគ្នាថា គុណភាពផ្លូវនៅត្រង់ណា បើក្រុមហ៊ុន ស្ថាបនាផ្លូវឲ្យ
រួចៗពីដៃ ដោយមិនគោរពតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ហើយជាងនេះទៀតផ្លូវគ្មានគ្រឹះត្រឹម
ត្រូវ និងស្របពេល ដែលផ្លូវគ្មានសរសៃដែកទៀតផងនោះ តើមានគុណភាពល្អឯណា ? ។ ដោយ
ឃើញការស្ថាបនាផ្លូវគ្មាន ស្តង់ដាត្រឹមត្រូវរបស់ក្រុមហ៊ុន លឹម ម៉ៅ បងប្អូនប្រជាពលរដ្ឋ ដែលឃើញ
ផ្ទាល់ភ្នែកបានសំណូមពរ ដល់ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ មេត្តាមានវិធានការទប់ស្កាត់
ឲ្យទាន់ពេលវេលា ដើម្បីធានាគុណភាព ផ្លូវប្រើប្រាស់បានយូរអង្វែង ពីព្រោះទម្រាំធ្វើផ្លូវបេតុងបាន
១ខ្សែៗ មិនងាយរកលុយធ្វើស្រួលៗនោះទេ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល