ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានជនល្មើស មានគ្នា៣នាក់ ជិះម៉ូតូចំនួន២គ្រឿង បានដក កាំភ្លើង ប្លន់យក ម៉ូតូម៉ាកMSX យកទៅ បាត់ ដែលជនរងគ្រោះ ទើបនឹងទិញបាន ប៉ុន្មានថ្ងៃ ហើយមិនទាន់បាន ធ្វើស្លាកលេខទៀតផង ។
អំពើប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីយប់ រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ទល់មុខ ទីស្ដីការគណៈរដ្ឋមន្ដ្រី សង្កាត់មិត្ដភាព ខណ្ឌ៧មករា ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមាស វ៉ាន់ដែន អាយុ២៨ឆ្នាំ ស្នាក់នៅម្ដុំអង់តែនទួលគោក ដោយជនល្មើសមានគ្នា៣នាក់ ជិះម៉ូតូពីរ គ្រឿងមិនចាំស្លាក ប្រដាប់ដោយអាវុធខ្លី ៣ដើម ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ពេលដែលខ្លួនកំពុងជិះម៉ូតូតែម្នាក់ឯង លុះមកដល់មុខ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏លេចមុខជនល្មើសទាំង៣នាក់ ជិះមកកៀ ហើយដកកាំភ្លើងឱ្យឈប់ មិនឱ្យស្រែក រួចហើយបានយក ម៉ូតូនិងឆក់ យកខ្សែកបា្លទីន មួយខ្សែ ទម្ងន់៣ជីយកទៅបាត់គេចខ្លួន ដោយសុវត្ថិភាព ។
ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅនគរបាលមូលដ្ឋាន ដើម្បីតាមស្រាវជ្រាវ ចាប់ជនល្មើស ទាំងនេះ ៕
ផ្ដល់សិទ្ធដោយ ៖ ដើមអម្ពិល