CamNews

ព័ត៌មានជាតិ 

ដើម្បីជួយជីវភាពកម្មករនិយោជិតនៅកម្ពុជា! ក្រសួងសេដ្ឋកិច្ច សម្រេចមិនគិតបញ្ចូលប្រាក់ឧបត្ថម្ភមួយចំនួន

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ បានចេញនូវ សារាចរ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធ លើអត្ថប្រយោជន៍បន្ថែម ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងការប្រកបការងារ ប្រចាំថ្ងៃ របស់កម្មករ និយោជិត នៃរោងចក្រ សហគ្រាសទាំងអស់របស់កម្ពុជា។  

សារាចររបស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ប្រាក់ឧបត្ថម្ភមួយចំនួន ដែលកម្មករនិយោជិតទទួលបានពីការបំពេញការងារ ត្រូវបានអនុគ្រោះ ដោយមិនគិត បញ្ចូលទៅក្នុងមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្ស និងមិនមែនជាកម្មវត្ថុ នៃពន្ធលើអត្ថប្រយោជន៍បន្ថែមទេ។ បានសេចក្តីថា ដើម្បីលើកកម្ពស់ដល់ជីវភាពកម្មករ-កម្មការិនី និយោជិត កុំឲ្យប្រាក់បៀវត្សជាប់ពន្ធនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនគិតបញ្ចូល នូវប្រាក់បន្ថែម ដែលកម្មករ និយោជិត ទទួលបានក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សនោះទេ។

ប្រាក់ឧបត្ថម្ភដែលមិនគិតបញ្ចូលក្នុងមូលដ្ឋានគិតពន្ធរួមមាន៖

១-សោហ៊ុយធ្វើដំណើរ ពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ និងទីកន្លែងធ្វើការទៅទីកន្លែងស្នាក់ ព្រមទាំងការឧបត្ថម្ភថ្លៃស្នាក់នៅ ឬ ការផ្តល់កន្លែងស្នាក់នៅក្នុងបរិវេណទីកន្លែងធ្វើការ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ការងារ។

២-ប្រាក់ថ្លៃបាយដែលផ្តល់ឲ្យកម្មករ និយោជិត ទាំងអស់ដោយគ្មានបែងចែកតាមតួនាទី ឬមុខងារ។

៣-មូលនិធិបេឡាសន្តិសុខសង្គម ឬ មូលនិធិសុខមាលភាពសង្គម ក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់។

៤-ប្រាក់ធានារ៉ាប់រងសុខភាព ឬបុព្វលាពធានារ៉ាប់រងអាយុជីវិត ឬសុខភាពដែលផ្តល់ឲ្យដល់កម្មករនិយោជិត គ្រប់គ្នាដោយគ្មានការ បែងចែកតាមតួនាទី ឬមុខងារ។

៥-ប្រាក់ឧបត្ថម្ភទារក ឬចំណាយទារកដ្ឋាន ដែលមានចែងក្នុងបទប្បញ្ញត្តិនៃច្បាប់ការងារ
៦-ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ ក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ការងារ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh