CamNews

ព័ត៌មានជាតិ 

កម្ពុជា-តួកគីៈ ISIS គឺជាអង្គការមួយ ដ៏ឃោរឃៅ ហើយពួកនេះ មិនមែនជាអ្នក តំណាងឲ្យ រដ្ឋឥស្លាមនោះទេ

ភ្នំពេញៈ ប្រមុខការទូតកម្ពុជា និងតួកគីបានលើកឡើង ព្រមគ្នាថាក្រុមភេរវករ ISIS គឺជាអង្គការមួយ ដ៏ឃោរឃៅ បំផុត ហើយពួកទាំងនេះមិនមែន ជាអ្នកតំណាងឲ្យរដ្ឋឥស្លាមនោះឡើយ ហើយមួយវិញទៀតក៏បានគាំទ្រ ឲ្យមាន ការលុបបំបាត់ពួកគេឲ្យអស់ចេញពីពិភពលោកផងដែរ។

ការលើកឡើងរបស់ភាគីទាំងពីរ គឺបានធ្វើឡើងក្នុងសន្និសីទរួមគ្នាមួយ រវាងលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីក្រសួងការបរទេសខ្មែរ ហោ ណាំងហុង ជាមួយនឹងលោក Mevlut Cavusogluរដ្ឋមន្រ្តីការបរទេសតួកគី នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៥នេះនាទីស្តីការក្រសួងការបរទេសខ្មែរ បន្ទាប់ពីកិច្ចជំនួបនិងចុះហត្ថលេខាលើកិច្ច សហប្រតិបត្តិការទ្វេភាគី(កម្ពុជា តួកគី)។

ឆ្លើយតបនឹងអ្នកសារព័ត៌មានលោក Mevlut Cavusoglu បានបញ្ជាក់ថា ប្រទេសតួកគីក៏ដូចជាប្រទេសក្នុង បណ្តារពិភពលោកដទៃទៀតថា ខ្លួនមិនបានគាំទ្រដល់ពួកភេរវករដែលជាអង្គការព្រៃផ្សៃ ទាំងនោះទេ។

លោក Mevlut Cavusoglu បានបញ្ជាក់ថា”នៅក្នុងកិច្ចប្រជុំយើងបានពិភាក្សាអំពីពួក ISIS នេះដែរ ហើយយើង គាំទ្រឲ្យមានការលុបបំបាត់ពួកគេ”។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ ផងដែរថា កម្ពុជាមានការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះក្រុមជ្រុលនិយមISISនេះ ហើយថាកម្ពុជាសូមគាំទ្រឲ្យ មានការប្រយុទ្ធប្រឆាំងនឹងពួកទាំងនោះផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ”បញ្ហាក្រុមជ្រុលនិយមដែលបានប្រព្រឹត្តអំពើឃោរឃៅនៅប្រទេសស៊ីរី និងឥរ៉ាក់នេះ ខ្ញុំសូមឯកភាពជាមួយនឹងឯកឧត្តម(រដ្ឋមន្រ្តីការបរទេសតួកគី)ថា មិនមែនជាអ្នកតំណាងឲ្យ រដ្ឋស្លាមនោះទេហើយខ្ញុំបានថ្លែងប្រាប់ឯកឧត្តមរដ្ឋមន្រ្តីថា កម្ពុជាមិនដែលយល់ស្របអំពើឃោរឃៅ និងព្រៃផ្សៃ របស់ ISIS នេះដែរ”។

ទាក់ទងនឹងទង្វើរដ៏ព្រៃផ្សៃរបស់ក្រុម ISIS នេះដែរ កាលពីឆ្នាំ២០១៤និងដើមឆ្នាំ២០១៥នេះអាស៊ានក៏បានចេញ សេចក្តីថ្លែងការណ៍ ចំនួនពីរដងផងដែរដើម្បីថ្កោលទោស ចំពោះក្រុមISISបន្ទាប់ពីពួកទាំងនេះបានសម្លាម់ មនុស្សនិងអ្នកសារព័ត៌មានយ៉ាងព្រៃផ្សៃនោះ។ នេះបើយោងតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុងដដែល។

នៅក្នុងសន្និសីទនោះ ភាគីកម្ពុជា និងតួកគីក៏បានសម្តែងការមិនពេញដូចគ្នា ចំពោះកម្មវិធីនុយក្លែអ៊ែរ របស់ប្រទេសអ៊ីរ៉ងផងដែរ ហើយភាគីទាំងពីរក៏បានសម្តែងការគាំទ្រ នៅកិច្ចចរចារប្រាំមួយភាគីរវាងប្រទេស មហាអំណាចទាំងប្រាំជាមួយ និងអ៊ីរ៉ងនៅខែកក្កដាខាងមុននេះទទួលបានជោគជ័យដោយ មិនឲ្យអ៊ីរ៉ង បន្តផលិត នូវកម្មវិធីនុយក្លែអ៊ែនេះតទៅទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP