CamNews

ព័ត៌មានជាតិ 

រដ្ឋសភា ផ្ញើលិខិតចូលរួមរំលែក ទុក្ខគ្រួសារ លោក ចាន់ សុវ៉ែត

ភ្នំពេញ ៖ ជាការឆ្លុះបញ្ចាំង ពីការស្តាយស្រណោះ ចំពោះធនធានមនុស្សដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសកម្ពុជា គឺលោក ចាន់ សុវ៉ែត អនុប្រធានអង្គភាពស៊ើបអង្គេត នៃសមាគមសិទ្ធិមនុស្ស អាដហុក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ រដ្ឋសភាកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ទៅគ្រួសាររបស់លោក ដើម្បីចូលរួមរំលែកទុក្ខ។

យោងតាមលិខិតមរណទុក្ខ ដែលចុះហត្ថលេខាដោយអនុប្រធានទី១នៃរដ្ឋសភាជាតិ និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹងថា មរណភាពរបស់លោក ចាន់ សុវ៉ែត គឺជាការបាត់បង់វីរកុលបុត្រខ្មែរដ៏ឆ្នើមម្នាក់ ជាបង្គោលគ្រួសារប្រកបដោយការទទួលខុសត្រូវ និងជាសកម្ម ជន អ្នកការពារ និងអ្នកស៊ើបអង្កេតសិទ្ធិមនុស្សប្រកបដោយឆន្ទៈមោះមុត ដែលជាធនធានមនុស្សដ៏មានសមត្ថភាព និងជាទីពឹងរបស់ពលរដ្ឋ ខ្មែរងាយរងគ្រោះ នៃអំពើរំលោភបំពានសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។

លិខិតមរណទុក្ខ បន្តថា ថ្វីត្បិតតែលោក ចាន់ សុវ៉ែត បានបាត់បង់ជីវិតទៅហើយក្តី ប៉ុន្តែសមិទ្ធផល និងវីរភាពដ៏អង់អាចក្លាហានរបស់លោក ក្នុងបុព្វហេតុសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានចារឹកទុក និងចងចាំក្នុងចិត្តពលរដ្ឋខ្មែរជានិច្ច។

សូមបញ្ជាក់ថា លោក ចាន់ សុវ៉ែត សកម្មជនការពារសិទ្ធិមនុស្ស នៃអង្គការអាដហុក បានលាចាកលោក (មរណភាព) កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយសារជំងឺលើសឈាម បន្ទាប់ពីរូបលោកបានបំពេញបេសកកម្មបង្ហាញការលើកកម្ពស់សិទ្ធិជនរួមជាតិកម្ពុជា ជាចុងក្រោយ ដោយការ ដើរដង្ហែក្បួនអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបទី៦៦៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP