CamNews

ព័ត៌មានជាតិ 

ពលករចំណាកស្រុកកម្ពុជា ខ្ទង់រយនាក់ ត្រឡប់មកផ្ទះទាំងអស់សង្ឃឹមក្រោយថៅកែថៃលែងជួល

ពលករចំណាកស្រុកខុសច្បាប់ជាង ៥០០ នាក់ មកពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបានថៅកែបោះបង់ចោល លែងជួលឱ្យធ្វើការ ឬបានលាឈប់ពីការងាររបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តនូវក្រឹត្យមួយ ដែលដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើការជ្រើសរើសពលករបរទេសដែលគ្មានឯកសារត្រឹមត្រូវ។

យោងតាមអាជ្ញាធរ បានឱ្យដឹងថា ពលករកម្ពុជាគ្មានឯកសារត្រឹមត្រូវចំនួន ១៤៣ នាក់ នៅក្នុងខេត្តមួយចំនួនដូចជា ខេត្ដអយុធ្យា សារ៉ាបូរី និង Chachoengsao  កាលពីថ្ងៃម្សិលម៉ិញ ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យអន្តោប្រវេសន៍ក្នុងស្រុកស្រះកែវ ដែលជាប់ព្រំដែននឹងកម្ពុជា។




ពលករទាំងនោះ ត្រូវបានចុះបញ្ជីដោយមន្រ្ដីប៉ូលីស មុនពេលបញ្ជូនចេញ តាមរយៈប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ប៉ោយប៉ែត នៅកម្ពុជា។ ពលករទាំងឡាយ ស្ថិតក្នុងស្ថានភាពតែលតោល នៅពេលដែលថៅកែរបស់ពួកគេ បដិសេធមិនព្រមជួលពួកគេឱ្យធ្វើការវិញ។

នៅក្នុងស្រុក Mae Sot ដែលមានព្រំដែន ជាប់នឹងប្រទេសមីយ៉ាន់ម៉ា ពលករចំណាកស្រុកមីយ៉ាន់ម៉ា ជាង ៤០០ នាក់ ត្រូវបានគេរាយការណ៍ថា បានឆ្លងចូលប្រទេសរបស់ពួកគេវិញ កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីក្រុមហ៊ុនថៃសម្រេចចិត្តមិនជួលពួកគេឱ្យធ្វើការវិញ ក្រោយការចេញអនុក្រឹត្យនោះ។

មេខ្យល់ ក៏ត្រូវបានគេនិយាយផងដែរថា ពួកគេឈប់ស្វែងរកពលករចំណាកខុសច្បាប់ ទៀតហើយ ដោយសារតែភ័យខ្លាចថា ត្រូវចាប់ខ្លួន ឬដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។

លោកវរសេនីយ៍ឯក Benjapol Rodsawat ស្នងការប៉ូលីសផ្នែកអន្តោប្រវេសន៍ខេត្ដស្រះកែវ បានមានប្រសាសន៍ថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ក្រោមក្រឹត្យស្តីពីការជ្រើសរើសជនបរទេសឱ្យធ្វើការ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៣ ខែមិថុនានេះ បានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមពលករខ្មែរខុសច្បាប់ ដែលធ្វើការនៅក្នុងខេត្តមួយចំនួន។

យោងតាមក្រឹត្យនេះ គោលបំណងចម្បង គឺដើម្បីលើកកម្ពស់ការជ្រើសរើសពលករឱ្យធ្វើការ និងការគ្រប់គ្រងស្តង់ដារ និងដើម្បីជៀសវាងការចោទប្រកាន់ពីសហគមន៍អន្តរជាតិ ចំពោះ ការរំលោភបំពាន និងសូម្បីតែការជួញដូរមនុស្ស។

ច្បាប់នេះ មានការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរសម្រាប់ទាំងអំពើខុសឆ្គងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធនឹងការជួលពលករចំណាកស្រុក ដោយខុសច្បាប់ ដោយមានការពិន័យជាប្រាក់ពី ៤០០,០០០ បាត  ដល់ ៨០០,០០០ បាត។

លោកវរសេនីយ៍ឯក Benjapol បាននិយាយថា កម្មករអន្តោរប្រវេសន៍ជាច្រើននាក់ បានងាកមករកមន្រ្តីអន្តោប្រវេសន៍ខេត្តដើម្បីអនុញ្ញាតឱ្យពួកគេ បានត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

លោកបន្ថែមថា ក្រៅពីការជំរុញឱ្យពលករចំណាកស្រុកខុសច្បាប់ ចេញពីប្រទេសនេះ មន្រ្តីអន្តោប្រវេសន៍ នឹងបង្កើនយុទ្ធនាការទំនាក់ទំនងសាធារណៈលើក្រឹត្យថ្មីនេះ។ លោកបានកត់សម្គាល់ថា ពលករកម្ពុជារូបណា ដែលចង់ត្រឡប់ទៅប្រទេសថៃវិញ ត្រូវឆ្លងកាត់ដំណើរការជ្រើសរើសបុគ្គលិកស្របច្បាប់។

លោកចូ អាយុ ២៥ ឆ្នាំ ជាពលករមកពីប្រទេសមីយ៉ាន់ម៉ា ដែលឆ្លងកាត់ព្រំដែន ទៅទីក្រុង Myawaddy នៅទល់មុខស្រុក Mae Sot បាននិយាយថា គាត់បានបង់ប្រាក់ ៣ពាន់បាតទៅឱ្យមេខ្យល់ដើម្បីស្វែងរកការងារឱ្យគាត់ធ្វើ នៅប្រទេសថៃ។ នៅពេល ដែលគាត់បានទៅដល់រោងចក្រ ដែលគាត់ នឹងចាប់ផ្តើមធ្វើការងារនោះ គាត់ត្រូវបានម្ចាស់អាជីវកម្មបដិសេធមិនទទួលឱ្យធ្វើការ ដោយខ្លាចអាជ្ញាធរចាប់ខ្លួន។

សូមជម្រាបជូនផងដែរថា ពលករជាង ៥០,០០០  នាក់ មកពីប្រទេសកម្ពុជា ភូមា និងឡាវ កំពុងធ្វើការ នៅក្នុងឧស្សាហកម្មនេសាទ សំណង់ និងលក់រាយ នៅក្នុងប្រទេសនេះ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: Local news Social news