ភ្នំពេញ ៖ នៅទីបំផុត រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេច ដំឡើងប្រាក់ឈ្នួល រហូតដល់ ១២៨ដុល្លារ ដោយបានបន្ថែម ទឹក៥ដុល្លារទៀត ទៅលើកការ សម្រេចរបស់ក្រុមប្រឹក្សាការងារ(LAC) ដែលអនុម័តត្រឹម១២៣ដុល្លារ បន្ទាប់ពីការស្នើសុំយ៉ាង ទទូចពីបណ្តា សហព័ន្ធសហជីពទាំង៨ ឱ្យជួយអន្តរាគមន៍តម្លើងប្រាក់ឈ្នួល។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងការងារ ចុះហត្ថលេខាដោយលោក អ៊ិត សំហេង ឱ្យដឹង នៅថ្ងៃ ពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សម្រេច ដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ក្រុមកម្មករវិស័យកាត់ដេរ និងផលិតស្បែកជើង នៅឆ្នាំ២០១៥ ខាងមុខ ចំនួន១២៨ដុល្លារ បន្ទាប់ពីភាគីពាក់ព័ន្ធបានស្នើសុំ។ ប្រភពដដែលបន្តថា “ទឹកប្រាក់ ចំនួន៥ដុល្លារ ត្រូវបានបន្ថែមលើទឹកប្រាក់ចំនួន ១២៣ដុល្លារ ដែលបាន ស្នើឡើង ដោយគណៈកម្មកាប្រឹក្សាការងារ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែក វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងក្នុងមួយខែ ដែលសរុបទាំង អស់១២៨ដុល្លារ”។
លោក អ៊ិត សំហេង ក៏បានបញ្ជាក់ផងដែរថា “ចំពោះកម្មករនិយោជិតដែលទទួល បានប្រាក់ឈ្នួលគិតតាម បរិមាណផលិតផល(ដេរស៊ីបុង) ត្រូវទទួលបានប្រាក់ ឈ្នួលតាមទិន្នផលជាក់ស្តែងដែលធ្វើបាន។ ប្រាក់ អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមកត្រូវរក្សាទុកដដែល ហើយប្រាក់ ឈ្នួលអប្បបរមាត្រូវអនុវត្តចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៥”។ ដោយឡែកសេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធសហជីពចំនួន៨ ដែលក្នុងនោះ មានលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលានាកម្មករ ក៏បានលើកលើកឡើងដែរថា «យើងខ្ញុំទាំងអស់គ្នា មានការ សោកស្តាយចំពោះការសម្រេចរបស់ក្រុមប្រឹក្សាការងារ(LAC) ដែលបានសម្រេចដំឡើង ប្រាក់ឈ្នួល អប្បបរមាចំនួន១២៣ដុល្លារក្នុងមួយខែ ដល់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៥។ ការសម្រេចនេះ គឺគ្រាន់តែស្ថិតនៅលើបន្ទាត់ នៃភាពក្រីក្រតែប៉ុន្មានដុល្លារប៉ុណ្ណោះ ដូច្នេះកម្មករ និយោជិតនៅមិន ទាន់ទទួលបានប្រាក់ឈ្នួលអប្បបរមាសមរម្យនៅឡើយទេ»។ ក្រុមសហជីព នៅតែ បន្តយុទ្ធនាការបន្តបន្ទាប់ទៀត ដើម្បីជម្រុញឲ្យមានការ ដំឡើងប្រាក់ ឈ្នួលអប្បបរមា សមរម្យ ដើម្បីឲ្យជីវភាពបងប្អូនកម្មករ និយោជិតមានភាពកាន់ តែប្រសើរឡើង។
សេចក្តីថ្លែងការណ៍របស់ក្រុមសហជីពទាំង៨ ក៏បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលបាន ប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ “ជាពិសេសប្រមុខ រាជរដ្ឋាភិបាល (សម្តេចតេជោ ហ៊ុន សែន)” ដែលបានជួយអន្តរាគមន៍ ឲ្យមានការដំឡើងប្រាក់បន្ថែម ជូនកម្មករបន្ថែមទៅលើ ប្រាក់អប្បបរមា៥ដុល្លារ ដែលក្រុមប្រឹក្សាការងារបានបោះឆ្នោត សម្រេចក្នុងកិច្ចប្រជុំ ដែលធ្វើឲ្យប្រាក់ ឈ្នួលអប្បបរមាឡើងដល់១២៣ដុល្លារក្នុងមួយខែនិងបានដំឡើង កំរិតប្រាក់ឈ្នួល អប្បបរមា របស់កម្មករ និយោជិត ដែលត្រូវ ជាប់ពន្ធដល់៨០០.០០០រៀល ហើយនឹងត្រូវអនុវត្តចាប់ ពីឆ្នាំ២០១៥ រួមទាំងការ បង្កើតកម្មវិធីសេវាធានារ៉ាប់រង សុខភាពកម្មករនិយោជិតផងដែរ។ សហជីពទាំងអស់ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធធ្វើ ការដោះស្រាយ បញ្ហាដែល នៅសេសសល់មួយចំនួនទៀត ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដូចជា ច្បាប់សហជីព ការរិតត្បិត ការចុះបញ្ជិលកាសហជីព ការដកពាក្យបណ្តឹង និងទម្លាក់ បទចោទ ប្រកាន់ទាំង អស់មក លើមេសហជីពនិងសកម្មជនសហជីព និងពន្លឿនការស៊ើបអង្កេតក្នុង ព្រឹត្តិការណ៍ប៉ះទង្គិចគ្នា កាលពី ដើមខែមករាឆ្នាំ២០១៤ ឲ្យដើម្បីឲ្យវិស័យកាត់ដេរ និងស្បែកជើងវិលមករកភាពប្រក្រតីឡើងវិញ.។
មិនតែប៉ុណ្ណោះ សហជីពឯករាជ្យទាំង៨ ក៏បានស្នើនិងសំណូមពរយ៉ាងទទូច ដល់សហរដ្ឋអាម៉េរិកនិងសហគមន៍អឺរ៉ុប ពិចារណាការបន្ធូបន្ថយពន្ធលើការ នាំសំលៀកបំពាក់ កាត់ដេរនិងស្បែកជើងពីកម្ពុជា ប្រយោជន៍ដើម្បីឱ្យ អ្នកបញ្ជាទិញមានលទ្ធភាពបន្ថែមទៀត សម្រាប់ការដំឡើងប្រាក់ ឈ្នួលអប្បបរមាដល់កម្មករនិយោជិតតាមរយៈក្រុមហ៊ុនផ្គត់ផ្គង់។
សហជីពដដែល ក៏បានអំពាវនាវដល់អ្នកបញ្ជាទិញ វិលត្រឡប់មកដាក់បញ្ជាទិញពីកម្ពុជា ឱ្យបានកាន់តែច្រើនតាមការសន្យារបស់ខ្លួន ដើម្បីលើកទឹកចិត្តនិង ជំរុញឱ្យមានការដំឡើង ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ឱ្យកាន់តែភាពសមរម្យនិងប្រសើរឡើង៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល