CamNews

ព័ត៌មានជាតិ 

បុរសកើត រោគសរសៃ ប្រសាទម្នាក់ បើករថយន្ត ឈប់មុខផ្ទះ សម្តេចតេជោ ចង់ជួបសម្តេច ដើម្បីពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី៦ ខែមិថុនានេះ រឿងរ៉ាវហួសចិត្តមួយ បានកើតឡើង នៅមុខភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបុរសម្នាក់ ឈ្មោះ អៀង បូរិទ្ធ អាយុ៣២ឆ្នាំ មុខរបរ អនុប្រធានការិយាល័យ លេខាធិការដ្ឋានព្រឹទ្ធសភា ស្នាក់នៅផ្ទះលេខ ៣៥៣ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះរថយន្ត Camry បាឡែនរបស់ខ្លួនទៅឈប់មុខក្លោងទ្វារចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន រួចចុចស៊ីប្លេជាច្រើនលើក ដោយអះអាងថា ចង់ជួបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពិភាក្សាការងារប្រទេសជាតិ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបើករថយន្តម្នាក់ឯង ម៉ាក Camry បាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-2633 ពេលជិះដល់ក្លោងទ្វារ ភូមិគ្រឹះសមេ្តចតេជោ ហ៊ុន សែន ហើយបានឈប់រថយន្ត រួចហើយក៏ចុចស៊ីប្លេ ២ទៅ៣ដង បង្ករឲ្យមានភ្ញាក់ផ្អើលដល់អង្គរក្សដែលយាមការពារភូមិគ្រឹះសម្តេច ហើយក្រុមអង្គរក្ស ក៏បានចេញមកសួរនាំ ដោយជនសង្ស័យបាននិយាយថា ចង់ជួបសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពិភាក្សាការងារតែ២នាក់។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយឃើញកាយវិការ និងការនិយាយ មិនសមរម្យ ណាមួយខ្លាចមានភាពរញេរញៃ និងដើម្បីរក្សាសន្តិសុខសុវត្ថិភាព របស់សម្តេចតេជោ ផងនោះ កម្លាំងអធិការខណ្ឌ បាននាំជនសង្ស័យ និងរថយន្តយកមកទុក និងសួរនាំនៅអធិការ ខណ្ឌដូនពេញ។
ក្រោយពីសួរនាំ ជនសង្ស័យបាននិយាយថា «ចង់ជួបសម្តេច និងលោកជំទាវ ពិភាក្សាររឿងសង្គ្រាម វិទ្យាសាស្រ្ត និងការអភិវឌ្ឍន៍ ក្នុងសង្គមបច្ចុប្បន្ន»។ ប៉ុន្តែការនិយាយនោះដូចជា សតិមិនគ្រប់ ហើយជនសង្ស័យក៏មិនស្រវឹងដែរ។

ក្រោយពីឃាត់ខ្លួនបានមួយសន្ទុះ ប្រពន្ធ និងបងប្អូន របស់ជនសង្ស័យ បានមកដល់ហើយ បានប្រាប់ថា «ប្តីរបស់គាត់ពិត ជាមានជំងឺសរសៃប្រាសាទ ប្រាកដមែន»៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP