CamNews

ព័ត៌មានជាតិ 

អាជ្ញាធររាជធានីភ្នំពេញ ស្នើក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ ទំលាក់ខ្សែចុះ ចាប់ពីគេហដ្ឋាន សម្តេចជា ស៊ីម

ភ្នំពេញ ៖ ដើម្បីជួយសម្រួលចរាចរណ៍ ក្នុងការដង្ហែសពសម្តេចជា ស៊ីម ទៅបូជា នៅមុខវត្តបុទុមវត្តី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ខាងមុខ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរុះរើ និងរៀបចំសណ្តាប់ធ្នាប់សម្រាប់បូជាសព បានស្នើឲ្យក្រុមហ៊ុនខ្សែកាប្លិ៍ទាំងអស់ ត្រូវសហការជាមួយ ក្រុមហ៊ុនCSOCN រុះរើចេញជាបន្ទាន់ បន្ទាប់ពីសាលារាជធានីចេញសេចក្តីជូនដំណឹង។

លោក ឃួង ស្រេង បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១២ ខែមិថុនា ថា ក្រុមហ៊ុនទាំងអស់ដែលមានខ្សែរកាបរបស់ខ្លួនចាប់ពីភូមិគ្រឹះរបស់សម្តេច ជា ស៊ីម នៅសង្កាត់ទន្លេបាសាក់ រហូតដល់មុខវត្តបុទុមវត្តី ត្រូវទំលាក់ចេញឲ្យបានមុនថ្ងៃនៃការដង្ហែវិញ្ញាណក្ខន្ធសម្តេចជា ស៊ីមទៅបូជា។

លោកបន្តថា ប្រសិនបើក្រុមហ៊ុនទាំងនោះ មិនចូលរួមសហការទេ អាជ្ញាធរភ្នំពេញ នឹងបញ្ចេញកំលាំងទៅរុះរើដោយខ្លួនឯង ហើយរាល់ការខាតបង់នានាមិនទទួលខុសត្រូវឡើយ។

សូមបញ្ជាក់ថា មេរុបូជាសព នឹងត្រូវលាបពណ៌ក្បូរក្បាច់ រចនាលម្អ ដើម្បីធ្វើឲ្យកាន់តែមាន សោភ័ណភាព ស្រស់ស្អាត ស្របតាមរចនាបទ្មខ្មែរបុរាណ មានបំពាក់ដោយភ្លើង ចម្រុះពណ៌ នឹងត្រូវបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១៨ ខែមិថុនា ៕

មេរុត្រូវសាងសង់នេះ មានទំហំ២៤ម៉ែត្រ គុណនឹង២៤ម៉ែត្រ កម្ពស់២១ម៉ែត្រ មាន៣ថ្នាក់ ដែលចាត់ទុកថា ជាសំណង់មេរុដ៏ធំ សម្រាប់តែបូជាសព ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ប៉ុណ្ណោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP