CamNews

ព័ត៌មានជាតិ 

ក្រសួងអប់រំ ចាប់ផ្តើមដឹកជញ្ជូន ហឹបវិញ្ញាសា ប្រឡងសញ្ញាបត្រ បាក់ឌុប ចេញទៅតាម បណ្តារាជធានី-ខេត្ត ទាំង២៥

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ បានរៀបចំដឹកញ្ជូនហឹបវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចេញទៅតាមបណ្តាលរាជធានី-ខេត្តទាំង២៥ នៃប្រទេសកម្ពុជា នេះបើតាមគេហទំព័រ Facebook Page ផ្លូវការរបស់ក្រសួងអប់រំ។

Facebook Page បានឲ្យដឹងថា «នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈអប្បមាទ ទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត បានរៀបចំ និងដឹកជញ្ជូនហឹបវិញ្ញាសា ទៅកាន់រាជធានី-ខេត្តទាំង២៥ ដោយមានការចូលរួម សង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងដៃគូអភិវឌ្ឍន៍វិស័យអប់រំ ដើម្បីត្រៀមសម្រាប់ដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ»។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងទូទាំងប្រទេសចំនួន ៨៨៤៨៨នាក់ ត្រូវនឹង១៤៩មណ្ឌល ស្មើនឹង៣៥៧៦បន្ទប់ ហើយអ្នកសង្កេតការស្ម័គ្រចិត្ត របស់អង្គភាពប្រឆាំងអំពើពុករលួយ មានចំនួន៥៦២៥នាក់ ក្នុងនោះមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ១១១៧ នាក់ ព្រះសង្ឃចំនួន ១២៧អង្គ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល 


Tags: Social News Cambodia PP